បរទេស៖ យោងតាម​របាយការណ៍​របស់​ទូរទស្សន៍ BBC ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ បានឱ្យដឹងថា ក្រុមការងារ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO ដែល​ត្រៀម​បើក​ការស៊ើបអង្កេត​អំពី​ប្រភពដើម​នៃ​មេរោគ​កូ​វីដ-១៩ នៅក្នុង​ទីក្រុង​វូ​ហាន​នោះ ត្រូវបាន​អាជ្ញាធរ​នៃ​ប្រទេស​ចិន​បដិសេធ និង​មិនអាច​ធ្វើដំណើរ​ចូលក្នុង​ទីក្រុង​វូ​ហាន ដែលជា​ប្រភព​កំណើត​របស់​មេរោគ​មួយ​នេះ​បានឡើយ។

តែ​យ៉ាងណាក្ដី សមាជិក​ម្នាក់ នៃ​ក្រុមការងារ​ស៊ើបអង្កេត​ទាំង ២រូប បាន​ជោគជ័យ​ក្នុងការ​ទៅដល់​គោលដៅ ដើម្បី​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​ម្នាក់ទៀត បាន​ត្រឡប់មកវិញ ដោយ​ត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​ទី៣ ជំនួស​វិញ ដែល​រឿងនេះ ត្រូវបាន WHO ឱ្យដឹងថា មូលហេតុ បណ្ដាលមកពី​ខ្វះ​ឯកសារ​រឿង​ទិដ្ឋាការ។

គួរឱ្យ​ដឹង​ដែរ​ថា បេសកកម្ម​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ប្រភពដើម​នៃ​មេរោគ​កូ​វីដ-១៩លើក​នេះ ត្រូវបាន​ពន្យារពេល និង​រង់ចាំ​យូរ​មកហើយ និង​ទើបតែ​ទទួលបាន​ការអនុញ្ញាត​ពី​សំណាក់​រដ្ឋបាល​ក្រុង​ប៉េកាំង កាលពី​ខែធ្នូ ឆ្នាំទៅ​នេះឯង បន្ទាប់ពី​មាន​កិច្ចពិភាក្សា​ចរចា​គ្នា អស់​រយៈពេល​ជា​យូរ​ខែ​រួចមក។

សូម​រំឭក​ដែរ​ថា មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ​កូ​វីដ-១៩ ជា​វីរុស ដែល​ត្រូវបាន​គេ​រកឃើញ​លើកដំបូង នៅក្នុង​ទីក្រុង​វូ​ហាន កាលពី​ចុងឆ្នាំ២០១៩ នៅក្នុង​ផ្សារ​លក់​សាច់សត្វ​ព្រៃ​ដ៏​ល្បីល្បាញ និង​មមាញឹក​មួយកន្លែង៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.