កូ​វីដ-១៩ក្លាយ​ពូជ៖  កម្លា​យ​ពូជ​របស់​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​រកឃើញ​នៅក្នុង​ចក្រភព​អង់គ្លេស អាច​ក្លាយជា​រោគរាតត្បាត​ធំ​មួយទៀត ក្នុងអំឡុងពេល​រោគរាតត្បាត​ដ៏​ធំ​នាពេល​បច្ចុប្បន្ន។ នេះ​បើតាម​ការយល់ឃើញ​រប​ស់អគ្គ​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង នៃ​ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃ​អង្គារ(ទី៥មករា)។

ប្រទេស​ស្វ៊ី​ស ដែលមាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ប្រចាំថ្ងៃ​ក្នុង​កម្រិត​ខ្ពស់​នោះ បាន​រកឃើញ​ករណី​ក្លាយ​ពូជ​នៅក្នុង ២៨គំរូ​ថែមទៀត ដែល​ទាំងអស់នោះ សុទ្ធតែជា​បុគ្គល​ដែល​ធ្វើដំណើរ​មកពី​ចក្រភព​អង់គ្លេស ឬ​មិន​ទេ​ក៏​ជា​បុគ្គល​ដែល​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ទាំងនោះ។

“ប្រភេទ​ថ្មី​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី អាចធ្វើ​ខ្លួន​ដូចជា​រោគរាតត្បាត​ដ៏​ធំ នៅក្នុង​រោគរាតត្បាត​ដ៏​ធំ​មួយ ឬ​ជំងឺ ក្នុង​ជំងឺ” លោកស្រី វើ​ជី​នី មែ​ស​សេ​រេ​យ៍ អគ្គនាយិកា​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​របស់​ប្រទេស​ស្វ៊ី​ស បាន​ថ្លែង​បែបនេះ។

លោកស្រី បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​នៅក្នុង​ទីក្រុង​ប៊ើ​ន ថា “អាច​និយាយបានថា វា​អាច​ចម្លង​សាយភាយ​រាតត្បាត​ខ្លាំង​ឡើង​ទ្វេដង ហើយ​ប្រាកដ​ណាស់ វា​នឹង​បង្ក​ការឆ្លង​រាលដាល​រលក​ថ្មី បន្ថែម​ពីលើ​រលក​បច្ចុប្បន្ន ហើយ​ហ្នឹងឯង ជា​ហេតុផល​ដែលថា តើ​ហេតុ​អី ទើប​វា​ក្លាយជា​រឿង​សំខាន់​ខ្លាំង​បំផុត ដែល​យើង​ត្រូវតែ​គោរព​វិធានការផ្សេងៗ តាម​ការណែនាំ ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​ឆ្លង​មេរោគ។

កម្លា​យ​ពូជ​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ត្រូវបាន​រកឃើញ​នៅក្នុង ៧រដ្ឋ  ក្នុងចំណោម​រដ្ឋ​ទាំងអស់ ២៦ របស់​ប្រទេស​ស្វ៊ី​ស ក្នុងនោះ រួមទាំង ស៊ូ​រិ​ក, ហ្សឺ​ណែវ និង​ប៊ើ​ន​ផងដែរ។

“ពេលនេះ វីរុស​ប្រភេទ​ក្លាយ​ពូជ បានបង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​ស្វ៊ី​ស​ហើយ ហើយ​តាមរយៈ​អ្នកជំនាញការ​ផ្នែក​វិទ្យាសាស្ត្រ​វិញ អាចមាន​អ្នក​ឆ្លង​មេរោគ ច្រើន​ជាងនេះទៀត​ច្រើនណាស់” លោក រូ​ដូ​ហ្វ ហៅ​រី ប្រធាន​សមាគម​វេជ្ជសាស្ត្រ​បាន​ថ្លែង​ទៀតថា “ដោយនៅ​ក្នុងប្រទេស​ស្វ៊ី​ស ការឆ្លង​រាលដាល​របស់​វីរុស ស្ថិតក្នុង​កម្រិត​ខ្ពស់​ខ្លាំង ច្រើន​សប្ដាហ៍​មកហើយ យើង​ត្រូវតែ​ព្យាយាម​យ៉ាងខ្លាំងបំផុត ដើម្បី​ពន្យឺត​ការឆ្លង​រាលដាល​មេរោគ​របស់​វីរុស​ប្រភេទ​នេះ”

លោកស្រី មែ​ស​សេ​រេ​យ៍ បាន​ដាស់តឿន​ថា បើសិនជា​មិនអាច​គ្រប់គ្រង​ពូជ​ថ្មី​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បានទេ ការកម្រិតផ្សេងៗដែល​កាន់តែ​ម៉ឺងម៉ាត់​ខ្លាំង​ឡើង នឹង​ក្លាយជា​រឿង​ដែល​មិនអាច​ចៀសវាង​បានឡើយ។

ស្វ៊ី​ស ជា​ប្រទេស​ដំបូង​គេ​នៅក្នុង​អឺរ៉ុប​ខាងលិច ដែល​បានចាប់ផ្ដើម​គ្រោង​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ដោយបាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ និង​បៃ​អូ​អេ​ន​ថេ​ក កាលពី​ថ្ងៃទី២៣ ខែធ្នូ។

ទាំងអស់នេះ ប្រទេស​ស្វ៊ី​ស ដែលមាន​ប្រជាជន​ជាង ៨,៦លាន​នាក់ បានទទួល​វ៉ាក់សាំង​ឈុត​ដំបូង ២៣៣ ០០០ដូ​ស និង​រំពឹងថា នឹង​បានទទួល​បន្ថែមទៀត​ជា ១,៥លាន​ដូ​ស ក្នុងអំឡុង​ដំណាច់ខែ​កុម្ភៈ។

ប្រទេសមួយ​នេះ បាន​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វីដ-១៩ ទាំងអស់​ប្រមាណ​ជា ១៥,៨លាន​ដូ​ស ក្នុង​កិច្ចសន្យា​ដែល​បានធ្វើ​រួចហើយ ជាមួយ​បណ្ដា​អ្នក​ផលិត​ជាច្រើនខុសៗគ្នា ទាំង​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក, ម៉ូ​ឌើ​ណា និង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា។

ប្រទេស​ស្វ៊ី​ស បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ជិត ៤ ០០០នាក់ និង​ស្លាប់​កើនឡើង​ទៀត​ជិត ១០០នាក់ កាលពី​ថ្ងៃ​អង្គារ(ទី៥មករា) ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប មាន ៤៦៣ ៦៥៥នាក់ ក្នុងនោះ​ស្លាប់ ៧ ៣៣៥នាក់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.