ព័រ​ទុយ​ហ្គា​ល់៖ មន្ត្រី​សុខភាព​សាធារណៈ​ម្នាក់​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ បាន​ស្លាប់ ក្រោយពេល​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រួច​បាន ២ថ្ងៃ។ ជា​ព័ត៌មាន ដែល​សាង​ភាព​ស្រឡាំងកាំង​យ៉ាងខ្លាំង ចំពោះ​សហគមន៍​ពិភពលោក និង​បន្ថែម​ភាព​សង្ស័យ​កាន់តែខ្លាំង​ឡើង ពាក់ព័ន្ធ​នឹង​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ។

របាយការណ៍​របស់ ដេលី មែ​ល សារព័ត៌មាន​របស់​ប្រទេស​អង់គ្លេស បាន​បញ្ជាក់ថា អ្នកស្រី សូ​នៀ អា​សេ​វេ​ដូ ជា​គិលានុបដ្ឋាក​យិ​កា វ័យ ៤១ឆ្នាំ បាន​ស្លាប់ភ្លាមៗនៅក្នុង​ផ្ទះ​ស្នាក់នៅ​របស់​អ្នកស្រី កាលពី​ថ្ងៃ​សុក្រ(ទី១មករា) ប្រមាណ​ជា ៤៨ម៉ោង ក្រោយពី​អ្នកស្រី​បាន​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ និង​បៃ​អូ​អេ​ន​ថេ​ក រួចរាល់។

ដេលី មែ​ល បញ្ជាក់ថា អ្នកស្រី​អា​សេ​វេ​ដូ មិន​ធ្លាប់មាន​ជំងឺ​ប្រចាំកាយ​ពីមុនមក​ឡើយ និង​មិនមាន​អាការ​ប្រតិកម្ម​ចាញ់​វ៉ាក់សាំង​អ្វី​ទាំងអស់ ក្រោយពី​អ្នកស្រី​ជា​បុគ្គលិក​ម្នាក់ ក្នុងចំណោម​មន្ត្រី​សុខភាព​សាធារណៈ​ជួរមុខ ដែល​បានទទួល​វ៉ាក់សាំង ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ និង​បៃ​អូ​អេ​ន​ថេ​ក កាលពី​ថ្ងៃ​ពុធ(ទី៣០ធ្នូ)។

របាយការណ៍​ព័ត៌មាន​បាន​បន្ថែមទៀត​ថា អ្នកស្រី​ធ្វើការ​នៅ​ផ្នែក​ជំងឺ​កុមារ របស់​ស្ថាប័ន​មហារីក​វិទ្យា ក្នុង​ទីក្រុង​ព័រ​តូ នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ មានកូន ២នាក់ និង​ស្នាក់អាស្រ័យ​នៅ​ជាមួយ​ក្រុមគ្រួសារ។

លោក អា​ប៊ិ​លិ​អូ អា​សេ​វេ​ដូ ឪពុក​របស់​អ្នកស្រី សូ​នៀ បាន​ប្រាប់​ទៅ​សារព័ត៌មាន​របស់​ប្រទេស​ព័រ​ទុយហ្គា​ល់ បន្ទាប់ពី​បានទទួល​ដំណឹង​ដ៏​សែន​រន្ធត់ ពាក់ព័ន្ធ​នឹង​ការ​ឃ្លា​តទៅ​របស់​កូនស្រី ថា កូនស្រី​របស់លោក មិន​ដែលមាន​បញ្ហា​រឿង​សុខភាព​សោះឡើយ ហើយ​នាង​មើលទៅ​ប្រក្រតី​គ្រប់យ៉ាង ក្រោយពី​ទទួល​វ៉ាក់សាំង​ហើយ មាន​ត្រឹមតែ​អា​ការឈឺ​បន្តិចបន្តួច​ត្រង់​កន្លែង​ចាក់​ប៉ុណ្ណោះ។ លោក​បានទាមទារឱ្យមាន​ការពិនិត្យ​រក​មូលហេតុ​នៃ​ការស្លាប់​របស់​នាង។

“កូនស្រី​ខ្ញុំ មើលទៅ​សុខ​សប្បាយ​ធម្មតា នាង​មិន​ដែលមាន​បញ្ហា​ខាង​សុខភាព​អ្វី​ឡើយ នាង​បានទទួល​វ៉ាក់សាំង​កូ​វីដ-១៩ តែ​មិនមាន​អាការ​អ្វី​ប្លែក​ឡើយ ខ្ញុំ​មិនដឹងថា មាន​អ្វី​កើតឡើង​ទេ ខ្ញុំ​គ្រាន់តែ​ចង់បាន​ចម្លើយ និង​ត្រូវការ​ដឹងថា តើ​អ្វី​ទៅ ដែល​ធ្វើឱ្យ សូ​នៀ​ស្លាប់?”

ចំណែក​ស្ថាប័ន​មហារីក​វិទ្យា បាន​ផ្សព្វផ្សាយ​សេចក្ដីថ្លែងការណ៍ សម្ដែង​ក្ដី​សោកស្ដាយ អំពី​ក្រុមគ្រួសារ និង​មិត្តភក្តិ ចំពោះ​ការ​ឃ្លា​តទៅ​យ៉ាង​ទាន់ហន់​របស់​អ្នកស្រី​សូ​នៀ ព្រមទាំង​សន្យាថា នឹង​ត្រួតពិនិត្យ​រក​មូលហេតុ​នៃ​ការស្លាប់​របស់​នាង តែ​នៅ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់លាស់​នៅឡើយ​ថា តើ​វ៉ាក់សាំង​កូ​វីដ-១៩ មាន​ចំណែក​ធ្វើឱ្យ​នាង​ស្លាប់ ឬ​យ៉ាងណា​នោះទេ៕

ប្រភព៖ សារព័ត៌មាន Daily mail

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.