ចិន​៖ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ(ទី៥មករា) ថា មន្ត្រី​ក្រសួង​ឧស្សាហកម្ម តិច​ណូ​ឡូ​ជី និង​ព័ត៌មានវិទ្យា របស់​ប្រទេស​ចិន បាន​បង្ហើប​ឱ្យដឹងថា ក្រសួង​ឧស្សាហកម្ម បាន​ទំនាក់ទំនង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ទាំងឡាយ ក្នុង​ខ្សែចង្វាក់​ឧស្សាហកម្ម ដើម្បី​បង្កើន​ការផលិត​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ​កូ​វីដ-១៩។

លោក ចាង ជីន អ្នកគ្រប់គ្រង​ក្រុមហ៊ុន China National Biotec Group បញ្ជាក់ថា ក្រុមហ៊ុន នឹង​បន្ថែម​កម្លាំង​ការផលិត ដើម្បី​អាច​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ឱ្យបាន​ច្រើនជាង ១ពាន់​លាន​ដូ​ស​ក្នុងឆ្នាំនេះ។

លោក វ៉ាង ចៀង​ភឹង ជំនួយការ​រដ្ឋមន្ត្រី​ឧស្សាហកម្ម បាន​បញ្ជាក់ថា កម្លាំង​ការផលិត​វ៉ាក់សាំង​រប​ស់​ប្រទេស​ចិន នឹង​កើនឡើង​យ៉ាង​ស្ថិតស្ថេរ ព្រមទាំង​ធានា​គុណភាព និង​សុវត្ថិភាព​របស់​វ៉ាក់សាំង​នោះ​ទៀតផង។ ដោយ​ប្រទេស​ចិន បាន​បង្កើត​គណៈកម្មាកា​រ​ការងារ​ពិសេស​មួយ ដើម្បី​តាមដាន និង​ទំនាក់ទំនង​ផ្នែក​ការផលិត​វ៉ាក់សាំង​រប​ស់​អ្នក​ផលិតសំខាន់ៗជាប្រចាំ​រៀងរាល់​សប្ដាហ៍។

បុរស​ម្នាក់​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ នៅ​មណ្ឌល​សុខភាព ក្នុង​តំបន់​ស៊ី​ឈឹង ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៣ មករា

របាយការណ៍ បាន​បញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន​ចិន ១៨កន្លែង បានចាប់ផ្ដើម​អភិវឌ្ឍ​កម្លាំង​ការផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ហើយ ដែល​នឹង​ធ្វើឱ្យ​ប្រទេស​ចិន អាច​តបស្នង​តម្រូវការ​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ក្នុង​ចំនួន​ច្រើន​មហាសាល​បាន។

កន្លងមក ប្រទេស​ចិន​មាន​ភាព​រីកចម្រើន​ខ្លាំង​ក្នុង​ការផលិត​វត្ថុធាតុដើម​ដែល​ពាក់ព័ន្ធ និង​ជួយ​ចាប់​ដៃគូ​ខាង​ធុរកិច្ច ធ្វើឱ្យ​ខ្សែចង្វាក់​ផ្គត់ផ្គង់​សម្រាប់​ការផលិត​វ៉ាក់សាំង​មាន​ស្ថិរភាព៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.