ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ជួបប្រជុំ​ជាមួយ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បន្ត​ពិភាក្សា​លើ​ការជំរុញ​អនុវត្ត​ការអប់រំ​ឌីជីថល​អោយ​កាន់​តែមាន​ប្រសិទ្ធភាព និង​ស្ដាប់​នូវ​បទ​បង្ហាញ​ការបង្កើត និង​តម្លើង App E-Learning របស់​ក្រសួង​ដែល​បង្ហាញ​ដោយ​ក្រុមការងារ​បច្ចេកទេស E-Learning នា​រសៀល​ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១។

គម្រោងការ​បង្កើត App អប់រំ ដែល​កំពុង​ឈានដល់​ការសម្រេច​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ គឺជា​លទ្ធផល​កើតចេញពី​ការរួម​គ្នា​គិតគូរ ពិភាក្សា ដើម្បី​ធ្វើយ៉ាងណា​ស្វែងរក​វិធីសាស្ត្រ​សម្រប​ខ្លួន​តាម​គន្លង​ថ្មី​ក្នុង​វិស័យ​អប់រំ ជាពិសេស​យន្តការ​ផ្តល់​ការអប់រំ​ដល់​សិស្សានុសិស្ស បន្ថែម​លើ​ការសិក្សា​ក្នុង​សាលា​ដែល​នឹង​ចាប់ផ្ដើម​បវេសនកាល នា​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

សូម​ជម្រាបជូន​ដែរ​ថា ឈរលើ​មូលដ្ឋាន​នៃ​ការគាំទ្រ និង​ការចូលរួមចំណែក​ផ្ដល់​ជា​ធាតុ​ចូល​ជា​បន្តបន្ទាប់​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មការ​ទី៧ នៃ​រដ្ឋសភា​បាន​សហការ​គាំទ្រ​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​បង្កើត App របស់​ក្រសួង​ដើម្បី​ឆ្លើយតប​នូវ​សំណូមពរ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី កាលពី​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.