ភ្នំពេញ៖  សម្តេច​តេ​ជោ បន្ត​ផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ប្រសូត្រ​បានកូន​ភ្លោះ​បី ដែលជា​គ្រួសារ​ទី៣៧០ នៅ​បុរី ST ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ការជួយ​ទំនុកបំរុង​ដល់​ការលំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ពិសេស​ការចិញ្ចឹម​បីបាច់​ទារក​ភ្លោះ​បីនាក់ ដែលជាចៅៗរបស់​សម្តេច​ទាំង​ទ្វេ នៅពេល​ឆ្លងទន្លេ​រួច ។

ឯកឧត្តម សេង ទៀង ជំនួយការ​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី៥មករា បាន​នាំយក​អំណោយ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ចែកជូន​ប្រជាពលរដ្ឋ​សំរាលកូន​ភ្លោះ​បីនាក់  ត្រូវជាចៅៗរបស់​សម្តេច​ទាំង​ទ្វេ ដល់ទី​លំនៅដ្ឋាន​របស់​គ្រួសារ​កូនភ្លោះ​បី នៅក្នុង​បុរី ST ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ឯកឧត្តម​បន្តថា ទារក​ភ្លោះ​ទាំងបី​នាក់ មាន​ប្រុស​ពីរ​នាក់ ស្រី​ម្នាក់ ជា​កូន​លើក​ទី៣ ដែលមាន​ឪពុក​ឈ្មោះ ជុំ ស៊ីថា អាយុ៣២ឆ្នាំ  ជា​មន្ត្រីនគរបាល នៃ​ក្រសួងមហាផ្ទៃ និង​ម្តាយ​ឈ្មោះ សាង មេត្តា អាយុ២៨ឆ្នាំ មុខរបរ​មេផ្ទះ ដែល​ប្រសូត្រ​នៅ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅ​មន្ទីរពេទ្យ​ឯកជន ក្នុង​សង្កាត់​បឹង​កេងកង ខណ្ឌ បឹង​កេងកង រាជធានី​ភ្នំពេញ ហើយ​បន្ទាប់មក​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ថែទាំ​សុខភាព​បន្ត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ។

ក្នុងឱកាស​នោះ ឯកឧត្តម សេង ទៀង មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ដោយ​សេចក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​ផ្ញើ​នូវ​ការ​នឹករលឹក​ចំពោះ​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា។

ឯកឧត្តម​មានប្រសាសន៍​បន្តថា អំណោយ​ឧបត្ថម្ភ​ទាំងនេះ មិនមែនជា​អំណោយ​របស់​រាជរដ្ឋាភិបាល អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​ឬ​អំណោយ​របស់​គណបក្ស​ដែល​បំរើឱ្យ​សកម្មភាព​នយោបាយ​នោះទេ​ផ្ទុយទៅវិញ​អំណោយ​ទាំងអស់នេះ​គឺជា​អំណោយទាន​កើតចេញពី​ទឹកចិត្ត​ជ្រះថ្លា​ប្រកបដោយ​ការគិត​គួរ​ខ្ពស់ របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឈ្វេងយល់​ពី​ការលំបាក​ពិតប្រាកដ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ប្រសូត្រ​ទារក​ភ្លោះ​បី​ឬ​បួន​នាក់​ពិតប្រាកដ ។

តំណាង​គ្រួសារ​កូនភ្លោះ បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ទាំងអស់ ពិសេស​ចំពោះ​ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក​គឺ​តែងតែមាន​វត្តមាន​សម្តេច​ទាំង​ទ្វេ ចុះជួយ​អន្តរាគមន៍​គ្រប់ពេលវេលា ។

សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ១៩៩៩រហូតមកដល់​បច្ចុប្បន្ន​នេះ មានគ្រួសារ​ប្រសូត្រ​ទារក​ភ្លោះ​បីនាក់​ឫ​បួន​នាក់ ចំនួន៣៧០គ្រួសារ​រួចហើយ ដែល​បានទទួល​អំណោយ​ឧបត្ថម្ភ​ដ៏​សប្ប​រសធម៌ ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.