បរទេស៖ ទ្វារ​បន្ទប់​សភាតំណាងរាស្ត្រ និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ត្រូវបាន​បិទ​ចោល និង​មាន​រូបភាព​ប៉ូលិស​ការពារ​សុវត្ថិភាព ដក​កាំភ្លើង​ភ្ជង់​តម្រង់ រង់ចាំ​បាញ់ នៅក្នុង​បន្ទប់​ប្រជុំ​សភា​ជាន់​ទាប ក្រោយ​ក្រុមបាតុករ នាំគ្នា​សម្រុក​ទម្លាយ​ចូលទៅ ដែលមាន​ត្រឹមតែ​ទ្វារ បាំង​រារាំង​ប៉ុណ្ណោះ។ ចុងក្រោយ​បំផុត លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចេញមក​ថ្លែង​បញ្ជា ឱ្យ​ក្រុមបាតុករ​វិលត្រឡប់​ទៅផ្ទះ​វិញ ដោយបាន​ប្រកាសថា “យើង​ស្រឡាញ់​អ្នក​ទាំងអស់គ្នា តែ​សុំឱ្យ​ត្រឡប់ទៅផ្ទះ​វិញ” ក្រោយ​លោក ចូ បៃ​ដិ​ន ចេញមក​ប្រកាស “ប៉ុណ្ណឹង​បាន​ហើយ!” និង​ទាមទារ​ឱ្យ​លោក​ត្រាំ បញ្ជា​ឱ្យ​មនុស្ស​របស់ខ្លួន ដកថយ​ចេញ។

NBC News បាន​រាយការណ៍​កាលពី​ថ្ងៃ​ម្សិលមិញ (ទី៦មករា) ថា ចុងក្រោយ​បំផុត មេដឹកនាំ​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​តាមរយៈ​សេចក្ដីថ្លែងការណ៍ ដែលជា​វីដេអូ​ឃ្លី​ប ផូ​ស្ត​នៅក្នុង​ប្រព័ន្ធ​បណ្ដាញ​សង្គម​ធ្វី​ត​ធើរ អំពាវនាវ​ឱ្យ​ក្រុមមនុស្ស​ដែល​គាំទ្រ​រូបលោក ដែល​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​ការបោះឆ្នោត ត្រឡប់ទៅផ្ទះ​វិញ ក្រោយពី​ក្រុមបាតុករ អាច​សម្រុកចូល​ទៅដល់​ខាងក្នុង​ទីតាំង ដឹ ឃឹ​ពី​ថ​ល ហ៊ីល​ល៍។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍ ដោយ​រូបភាព​ប្រវត្តិសាស្ត្រ ប៉ូលិស​សហរដ្ឋអាមេរិក ដក​កាំភ្លើង​ភ្ជង់​តម្រង់​បាញ់​ការពារ ពី​ខាងក្នុង​បន្ទប់​ប្រជុំ​សភា​ជាន់​ទាប ក្រោយពី​ហ្វូង​បាតុករ សម្រុកចូល​ទៅបាន ដោយមាន​ត្រឹមតែ​ទ្វារ រាំង​ពីមុខ​តែប៉ុណ្ណោះ ខណៈ​បន្ទប់​ប្រជុំ​របស់​សភា​ទាំង២ ត្រូវបាន​បិទ​ចោល។

ដោយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ត្រាំ ត្រូវបាន​រកឃើញថា លោក​នៅតែ​ថ្លែង​ចេញមក យ៉ាងខុសៗថា រូបលោក​បានឈ្នះ​ការបោះឆ្នោត​សហរដ្ឋអាមេរិក បែប Land Slide និង​ការបោះឆ្នោត​ឆ្នាំ២០២០ ត្រូវបាន​ប្លន់​ជ័យជម្នះ។ លោក​បាន​ថ្លែង​ទៅ​ក្រុមបាតុករ តាមរយៈ​វីដេអូ​ឃ្លី​ប​ថា មនុស្ស​ទាំងអស់នេះ ជា​មនុស្ស​ពិសេស លោក​ស្រឡាញ់​មនុស្ស​ទាំងអស់នេះ តែ​សូមឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ។

ក្លាយជា​រឿង​នឹកស្មាន​មិន​ដល់ ដែល​យើង​បានឃើញ រូបភាព​ហ្វូង​បាតុករ​ដ៏​ច្រើន ឈរ​កកកុញ​នៅ​ផ្នែក​ខាងក្រៅ ដឹ ឃែ​ពី​ថ​ល ហ៊ីល​ល៍ បេះដូង​សំខាន់ នៃ​ប្រព័ន្ធ​ការគ្រប់គ្រង​របស់​សហ​រដ្ឋ​អាមេរិក ដែនដី​នៃ​សេរីភាព និង​ក្រុមបាតុករ​គ្រវីទង់ជាតិ​ទៅមក។

ចំណែក​លោក ចូ បៃ​ដិ​ន បាន​ចេញមក​ថ្កោលទោស​អំពើហិង្សា ដែល​បាន​កើតឡើង​នៅឯ ដឹ ឃែ​ពី​ថ​ល ហ៊ីល​ល៍។ លោក​ថ្លែងថា “ក្នុង​ម៉ោង​នេះ ប្រជាធិបតេយ្យ​របស់​យើង បាន​ធ្លាក់​ក្រោម​ការវាយប្រហារ​យ៉ាង​មិន​នឹកស្មាន​ដល់…” និង​ចង្អុល​បង្ហាញថា “ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថ្លែង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ អី​លូវ​នេះ និង​ការពារ​រដ្ឋធម្មនុញ្ញ ចេញ​បញ្ជា​ឱ្យ​បញ្ឈប់​ការ​សម្រុកចូល​កាន់កាប់​បែបនេះ” ។ មុននឹង​ដើរចេញ​ពី​វេទិកា លោក​បានប្រកាស​ឱ្យ​បានឮ​ទាំងអស់គ្នា​ថា “ប៉ុណ្ណឹង​បាន​ហើយ! ប៉ុណ្ណឹង​បាន​ហើយ!” ។

NBC News បាន​រាយការណ៍​ថា ក្រុមប៉ូលិស​ប្រចាំ ដឹ ឃែ​ពី​ថ​ល ហ៊ីល​ល៍ បាន​ស្នើសុំ​កម្លាំង​បន្ថែម យ៉ាង​បន្ទាន់ ពី​អង្គភាព​ប៉ូលិស​សម្ងាត់​សហរដ្ឋអាមេរិក FBI និង National Guard រដ្ឋ​ម៉ា​រី​លែ​ន​ដ៍ ដែល​ក្នុងខណៈ​ពេលនេះ ការ​សម្រុកចូល​កាន់កា​ប់ នៅតែ​ប្រព្រឹត្ត​ទៅជា​បន្ត និង​ក្នុង​ពេលនេះ ពួកគេ​បានចាប់ផ្ដើម​បាញ់​ហ្គាស​ទឹកភ្នែក និង​គ្រាប់បែក​សំឡេង​ហើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.