សហរដ្ឋអាមេរិក៖  ដឹ ឃែ​ភី​ថ​ល ហ៊ីល​ល៍ ឬ​សភា​កុង​ហ្គ្រេ​ស​សហរដ្ឋអាមេរិក បាន​វិលត្រឡប់​មករក​សភាព​ប្រក្រតី​ឡើងវិញ​ជាថ្មី ក្រោយពី​ត្រូវ​បាតុកម្ម​របស់លោក​ត្រាំ សម្រុកចូល​ទៅដល់​ខាងក្នុង។ មាន​រូបភាព បាតុករ​ចូលទៅ​អង្គុយ​នៅក្នុង​ការិយាល័យ​ធ្វើការ របស់លោក​ស្រី នែ​ន​ស៊ី ប៉េ​ឡូ​ស៊ី ប្រធានសភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក និង​ព័ត៌មាន​ចុងក្រោយ មាន​មនុស្ស​ស្លាប់ ៤នាក់។ FBI អះអាង រកឃើញ​គ្រាប់បែក នៅ​ជិត​ទីស្នាក់ការ​បក្ស​រី​ផា​ប្ល៊ី​កាន់។

CNN ទីភ្នាក់ងារ​ព័ត៌មាន​សហរដ្ឋអាមេរិក បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ មករា ម្សិលមិញ​ថា តាមរយៈ​ការដែល​មេដឹកនាំ​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ចេញមក​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់លោក ដែល​ហៅថា MAGA ចេញមក​ប្រមូល​ផ្ដុំគ្នា​តវ៉ា គឺ​ដើម្បី​រារាំង​ការរាប់​ពិន្ទុ​អង្គ​បោះឆ្នោត​នៅក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដើម្បី​អះអាង​ពី​ជ័យជម្នះ​របស់​អនាគត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត លោក ចូ បៃ​ដិ​ន។

ហើយ​មិនយូរប៉ុន្មាន ពី​វេលា​ម៉ោង ១៣.០០នាទី ម៉ោង​នៅ​ភាគ​ខាងកើត​នៃ​សហរដ្ឋអាមេរិក ក្រុមបាតុករ​ជាច្រើន​រយ​នាក់ បាន​ប្រើ​កម្លាំង​រុញច្រាន​ផ្ទាំង​របារ​ការពារ ដែលមាន​អាជ្ញាធរ​បង្ក្រាប​ចលាចល​ប្រដាប់​ដោយ​អាវុធ នៅ​ប្រចាំការ និង ៩០នាទី​បន្ទាប់ពីនោះ អាជ្ញាធរ​បានឱ្យដឹងថា ក្រុមបាតុករ បាន​ចូល​ទៅដល់​ផ្នែក​ខាងក្នុង នៃ​អគារ​សភា​កុង​ហ្គ្រេ​ស​បានសម្រេច តែ​ទ្វារ​បន្ទប់​ប្រជុំ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក និង​ព្រឹទ្ធសភា ត្រូវបាន​បិទ​យ៉ាង​ជិត។

មិន​ប៉ុន្មាន​នាទី​ក្រោយមក មានការ​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ដែល​នៅ​ខាងក្នុង​បន្ទប់​ប្រជុំ​សភា​តំណាង

រាស្ត្រ​សហរដ្ឋអាមេរិក ដោយ​ប៉ូលិស​បាន​រកឃើញថា លោក​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ម៉ៃ​ក៍ ផេ​នស៍ ត្រូវបាន​កងការពារ នាំខ្លួន​ចេញ​បន្ទប់​ប្រជុំ​សភា ទៅ​យ៉ាង​បន្ទាន់​បំផុត ដោយសារតែ​លោក​ផេ​នស៍ ក៏​កំពុងស្ថិត​នៅក្នុង​ការរាប់​ពិ​ន្ធុ​អង្គ​បោះឆ្នោត នៅពេល​នោះដែរ។

CNN បាន​រាយការណ៍​បន្តថា វេលា​ម៉ោង​ប្រមាណ ១៥.០០នាទី នៅឯ​មាត់ទ្វារ​បន្ទប់​ប្រជុំ​សភា​ជាន់​ទាប​សហរដ្ឋអាមេរិក ត្រូវបាន​គេ​ដឹងថា មាន​អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ នៅ​ខាងក្នុង បាន​ដក​កាំភ្លើង​ត្រៀម​រួចជាស្រេច ក្នុងការ​បាញ់​ពួក​អ្នក​ដែល​សម្រុក​ចូលទៅ។

មាន​របាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​ត្រូវបាន​បាញ់​ចំ​ដើមទ្រូង នៅក្នុង​ទីតាំង​រដ្ឋសភា។ ប៉ូលិស DC បាន​អះអាង​អំពី​រឿងនេះ​ប្រាប់ CNN តែ​សេចក្ដីលម្អិត មិនទាន់​ត្រូវ​បង្ហើប​ឱ្យដឹង​នៅឡើយ ចំណែក​ប្រធាន​ក្រុមប៉ូលិស DC លោក Robert Contee បាន​ថ្លែងថា នៅមាន​អ្នកស្លាប់ ៣នាក់​ផ្សេងទៀត។

“ស្ត្រី ១នាក់ និង​បុរស ៣នាក់​ទៀត បាន​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​នៅពេល​ក្រោយមក។ ការស្លាប់​បាត់បង់​ជីវិត​ណាមួយ​នៅក្នុង​តំបន់ DC នេះ គឺជា​រឿង​ដែល​គួរឱ្យ​ភ័យរន្ធត់​ខ្លាំងណាស់ ហើយ​ខាងយើង សូម​ផ្ញើ​ទឹកចិត្ត​ជូនទៅ​មនុស្ស​គ្រប់រូប ដែល​រង​ផលប៉ះពាល់​ពី​ការស្លាប់​លើក​នេះ” លោក​Contee បាន​ថ្លែង​នៅក្នុង​ការ​ថ្លែង​ព័ត៌មាន​កាលពី​យប់​ថ្ងៃ​ពុធ(ទី៦មករា)។

ប្រភពព័ត៌មាន បាន​បង្ហើប​ឱ្យដឹងថា មាន​មន្ត្រី​សហរដ្ឋអាមេរិក​ជាច្រើន​នាក់​បាន​រងរបួស និង​មាន​យ៉ាងតិច ១នាក់ ត្រូវបាន​នាំទៅ​មន្ទី​ពេទ្យ។ គេ​បានដឹងថា ប៉ូលិស​បាន​ប្រើប្រាស់​គ្រាប់​បែកផ្សែង នៅក្នុង​បន្ទប់​ព្រឹទ្ធសភា ដើម្បី​ព្យាយាម​បណ្ដេញ​ក្រុមបាតុករ​ចេញទៅ​ក្រៅ​វិញ និង​អាច​ចូលទៅ​សម្អាត​ទីតាំង ក្នុង​ផ្នែក​សភា​ជាន់ខ្ពស់​សហរដ្ឋអាមេរិក បានសម្រេច​នៅវេលា​ម៉ោង ១៥.៣០នាទី។

អគារ​សភា​កុង​ហ្គ្រេ​ស​សហរដ្ឋអាមេរិក បាន​ត្រឡប់មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​វិញ នៅវេលា​ម៉ោង ១៧.៤០នាទី ដោយហេតុ​ការណ៍​បង្កចលាចល​សម្រុកចូល​ទៅដល់​ខាង​ក្នុងនៃ​អគារ​រដ្ឋសភា​កុង​ហ្គ្រេ​ស កាលពី​ថ្ងៃទី៦ មករា​នោះ គឺជា​លើកដំបូង​ហើយ ក្នុង​ប្រវត្តិសាស្ត្រ ចាប់តាំងពី​ខែសីហា ឆ្នាំ១៨១៤ ដែល​អង់គ្លេស​បាន​បញ្ជូន​កងកម្លាំង​ចូល​វាយប្រហារ និង​ដុតបំផ្លាញ ក្នុង​សង្គ្រាម​នៃ​ឆ្នាំ១៨១២។

CNN បាន​រាយការណ៍​ទៀតថា កម្លាំង​ប៉ូលិស ដែល​ចូល​គ្រប់គ្រង​ការ​ចលាចល​បាតុកម្ម​លោក​ត្រាំ​សម្រុកចូល​អគារ​រដ្ឋសភា​កុង​ហ្គ្រេ​ស​នេះ មាន​ចំនួន​តិចជាង ការបង្ក​ចលាចល​រប​ស់​ក្រុម ប្ល៊ែ​ក ឡាយ​ហ្វ៍ មែ​ត​ធើ​រស៍ ដែល​ចេញមក​តវ៉ា​ទាមទារ ក្រោយ​ការស្លាប់​រប​ស់ចច ហ្វ្ល​យ​ទៅទៀត។

ចំណែក ABC News បាន​រាយការណ៍​ថា មាន​រូបភាព​ស្រដៀង​គ្រាប់បែក ចំនួន ២គ្រាប់ ត្រូវបាន​រកឃើញ​នៅ​ជិត​ទីស្នាក់ការ​គណបក្ស​រី​ផា​ប្ល៊ី​កាន់ RNC នៅឯ​ផ្លូវ First Street, S.E ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ដោយ​រូបភាព​បានបង្ហាញ​ឱ្យឃើញ​ពី​ខ្សែភ្លើង​ភ្ជាប់​ជាមួយ​នាឡិកា និង​មិនយូរប៉ុន្មាន បន្ទាប់ពីនោះ អាជ្ញាធរ បាន​បញ្ជូន​កម្លាំង​ចូលទៅ​ពិនិត្យ​ទីតាំង​ក្បែរ​ទីស្នាក់ការ​គណបក្ស​ដេ​ម៉ូ​ក្រេ​ត DNC ដែល​ស្ថិតនៅ​ឆ្ងាយ​ទៅទៀត​ប្រហែលជា ៣-៤អគារ និង​បាន​រកឃើញ​គ្រាប់បែក​ទី២ បង្កប់​នៅក្រោម​គុម្ព​ផ្កា។

ទាំងអស់នេះ ដោយសារតែ​ទីស្នាក់ការ​គណបក្ស​រី​ផា​ប្ល៊ី​កាន់ RNC និង​របស់​គណបក្ស​ដេ​ម៉ូ​ក្រេ​ត DNC ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​អគារ​សភា​កុង​ហ្គ្រេ​ស​សហរដ្ឋអាមេរិក​ហ្នឹងឯង។

FBI បាន​រាយការណ៍ អះអាង​ពី​ការរកឃើញ​គ្រាប់បែក ២គ្រាប់​នេះ​ថា “គ្រាប់បែក​សង្ស័យ​ទាំង ២គ្រាប់​នោះ ត្រូវបាន​ដោះចេញ​ដោយ​សុវត្ថិភាព ដោយ​មន្ត្រី​របស់ FBI និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​បានរួម​សហការគ្នា”៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

  #អរគុណសន្តិភាព

Leave a Reply

Your email address will not be published.