ស​ហ​រដ្ឋ​អាមេរិក៖  បណ្ដាញសារព័ត៌មាន​ស​ហ​រដ្ឋ​អាមេរិក បានឱ្យដឹងថា គណៈរដ្ឋមន្ត្រី​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាប់ផ្ដើម​ពិភាក្សាគ្នា ពី​ភាព​អាចទៅរួច ក្នុង​ការបណ្ដេញ​ប្រធានាធិបតី​ចេញពី​តំណែង ក្រោយពី​ក្រុម​អ្នកគាំទ្រ​ជ្រុលនិយម​របស់លោក​ត្រាំ នាំគ្នា​សម្រុក​ចូលទៅ​បង្កចលាចល​នៅក្នុង​អគារ​រដ្ឋសភា កាលពី​ថ្ងៃទី៦ មករា។

កម្មវិធី​ដែល​ពិភាក្សាគ្នា​នេះ នឹងត្រូវ​អាស្រ័យ​អំណាច​តាម​បទ​ប្បញ្ញត្តិ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥ ដែល​អនុញ្ញាតឱ្យ​អនុ​ប្រធានាធិបតី និង​គណៈរដ្ឋមន្ត្រី អាចធ្វើ​លិខិត​ជូនដំណឹង​ទៅ​សភា​កុង​ហ្គ្រេ​ស ដើម្បី​ដក​ប្រធានាធិបតី​ចេញពី​តំណែង ក្នុងករណី​ដែល​គេ​ជឿថា មេដឹកនាំ​សហរដ្ឋអាមេរិក មិនអាច​ប្រើប្រាស់​អំណាច និង​ប្រតិបត្តិ​តួនាទី​យ៉ាង​ស័ក្ដិ​សមបាន។

ទីភ្នាក់ងារ​ព័ត៌មាន CNN អះអាង​លើ​ទិន្នន័យ​ពី​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​រី​ផា​ប្ល៊ី​កាន់ ដែល​អះអាងថា ពិតជា​មានការ​ពិភាក្សា​គ្នា រឿង​ការប្រើប្រាស់​បទ​ប្បញ្ញត្តិ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី២៥ នោះ​មែន ហើយ​ពួកគេ​ភាគច្រើន​មើលឃើញថា លោក​ត្រាំ មាន​ទង្វើ​ចូលក្នុង​ដំណាក់កាល ដែល “ទប់​លែង​ឈ្នះ” ទៅហើយ។

លោកស្រី ម៉ា​ហ្គា​រេ​ត ប្រេន​នែ​ន អ្នកយកព័ត៌មាន CBS បាន​រាយការណ៍​ថា “មិនទាន់មាន​សំណើ​ណាមួយ ជា​ផ្លូវការ” ផ្ញើ​ទៅ​លោក ផេ​នស៍ អនុ​ប្រធានាធិបតី នៅឡើយ​ទេ ខណៈ​កញ្ញា ឃែត​ធើ​រី​ន ហ្វូ​ល​ឌើ​ស មកពី​ទីភ្នាក់ងារ​ព័ត៌មាន ABC ក៏​អះអាង​ពី​ប្រភពព័ត៌មាន ដែល​អះអាងថា ចាប់ផ្ដើម​មានការ​និយាយ​អំពី​ជម្រើស​ក្នុងការ​បណ្ដេញ​លោក​ត្រាំ ពិតមែន។

លោក​ត្រាំ បាន​អះអាង​ដោយ​គ្មាន​ភ័ស្តុតាង​ថា រូបលោក​ចាញ់​ការបោះឆ្នោត​កាលពី​ថ្ងៃទី៣ វិច្ឆិកា ដោយសារតែ​មានការ​ទុច្ចរិត​ដ៏​ធំ​មួយ និង​បាន​ពន្យុះ​ឱ្យ​អ្នកគាំទ្រ ចេញមក​ប្រ​មូ​ផ្ដុំគ្នា​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ថែមទាំង​បង្ហាញ​ទង្វើប្លែកៗជាច្រើន​យ៉ាង ដែល​បង្ក​ឱ្យ​កើតមាន​សំណួរ​ឡើង​ថា តើ​លោក​នៅមាន​គុណសម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​ធ្វើជា​មេដឹកនាំ​របស់​សហរដ្ឋ​អាមេរិក តទៅទៀត​ដែរឬទេ?

ក្រោយ​កើតហេតុ​ក្រុមបាតុករ សម្រុកចូល​អគារ​រដ្ឋ​សភា​កាលពី​ថ្ងៃទី៦ មករា សមាជិក​នៃ​គណបក្ស​ដេ​ម៉ូ​ក្រេ​ត ក៏បាន​ចេញមក​អំពាវ​នាវ​ដូចគ្នា​ដែរ​ថា ដល់ពេល​វេលា ដែល​ត្រូវ​ពិចារណា​ពីបទ​ប្បញ្ញត្តិ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥ ហើយ។

សមាជិកសភា មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត នៅក្នុង​គណៈកម្មការ​យុត្តិធម៌ នៃ​សភាតំណាងរាស្ត្រ បានដាក់​លិខិត​ជូន​លោក ម៉ៃ​ក៏ ផេ​នស៍ ឱ្យ​ពិចារណា ដក​លោក​ត្រាំ​ចេញពី​តំណែង ដោយបាន​ផ្ដល់​ហេតុផល​ថា មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ បាន​ជំរុញ​ឱ្យ​កើតមាន​ការ “បង្ក​អំពើ​ក្បត់” និង “បំផ្លាញ​របប​ប្រជាធិបតេយ្យ”

ខ្លឹមសារ​នៅក្នុង​លិខិត​នោះ ថែមទាំង​បានបញ្ជាក់​ទៀតថា ពាក្យ​ថ្លែង​ប្រាស្រ័យ​របស់លោក​ត្រាំ កាលពី​ថ្ងៃ​ពុធ ទី៦ មករា “បានបង្ហាញ​ឱ្យឃើញថា ស្ថានភាព​ផ្លូវចិត្ត​របស់លោក​ត្រាំ មិន​ប្រក្រតី និង​នៅតែ​មិនអាច ក្នុងការ​ទទួលស្គាល់​លទ្ធផល​ការបោះឆ្នោត​ឆ្នាំ២០២០ បាន​ដដែល។

សមាជិកសភា មួយចំនួន ដល់​ថ្នាក់​ចោទប្រកាន់​លោក​ត្រាំ ថា គាំទ្រ​ឱ្យមាន​ការ “បង្ក​ភេរវកម្ម” ទៀតផង។

“ប្រធានាធិបតី​ពន្យុះ​ញុះញង់​ឱ្យ​មនុស្ស​ក្នុងប្រទេស សម្រុកចូល​វាយប្រហារ​រដ្ឋសភា លោក គឺជា​គ្រោះភ័យ​នៅ​ចំពោះមុខ​មួយ ចំពោះ​របប​ប្រជាធិបតេយ្យ និង​ចាំបាច់​ត្រូវតែ​ដកចេញ​ពី​តំណែងភ្លាមៗតែម្ដង” សមាជិកសភា ឃែ​ធ្លី​ន រ៉ៃ​ស៍ មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត បាន​សរសេរ​បែបនេះ​នៅ​ប្រព័ន្ធ​បណ្ដាញ​សង្គមធ្វី​ត​ធើរ។

ចុងក្រោយ​បំផុត ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​មាន​ឥទ្ធិពល “វ៉ាស៊ីនតោន ផូ​ស្ត” ក៏បាន​ធ្វើជា​អ្នក​បញ្ជូន​សារ ឆ្លុះបញ្ចាំង​ពី​ការទាមទារ​របស់​សមា​ជិ​ក​សភា​កុង​ហ្គ្រេ​ស​ផងដែរ។

វ៉ាស៊ីនតោន ផូ​ស្ត បានសរសេរថា “ប្រធានាធិបតី គឺជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការ​បំផុសបំផុល​ឱ្យ​មហាជន​បង្ក​អសន្តិសុខ ហើយ​លោក​បានបង្ហាញ​ឱ្យឃើញ​ប្រាកដ​ច្បាស់​ហើយ​ថា ការប្រតិបត្តិ​តួនាទី​បន្តទៀត គឺ​ច្បាស់​ជា​នឹង​បង្កឱ្យមាន​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​របប​ប្រជាធិបតេយ្យ​របស់​សហរ​ដ្ឋ​អាមេរិក​មិន​ខាន លោក​សមល្មម​នឹងត្រូវ​ដកចេញ​ហើយ”

“ប្រធានាធិបតី​រូបនេះ គ្មាន​គុណសម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​ស្ថិតនៅក្នុង​តំណែង​តទៅទៀត​ទេ សូម្បី​ត្រឹមតែ ១៤ថ្ងៃ​ទៀត​ក៏ដោយ ព្រោះ​គ្រប់​វិនាទី ដែល​គាត់​គ្រង​អំណាច គឺជា​គ្រោះភ័យ​ដែល​ឈ្លានពាន​សេចក្ដី​ស្ងប់​សុខ និង​សន្តិសុខ​របស់​ជាតិ”

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.