សហរដ្ឋអាមេរិក៖  នៅ​ទីបំផុត គេ​បានដឹងថា ស្ត្រី​ដែល​ស្លាប់ (ក្នុងចំណោម​អ្នកស្លាប់ ៤នាក់)នៅក្នុង​អគារ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក គឺជា​អតីត​ទាហានជើងអាកាស ឈ្មោះ អ៊ែ​ស្ល៊ី ប៊ែ​ប​ប៊ីត​ត៍ (Ashli Babbitt) ត្រូវបាន​រកឃើញថា ត្រូវ​ប៉ូលិស​សម្ងាត់​បាញ់ ក្នុងអំឡុង​ពេលដែល​នាង​ព្យាយាម​សម្រុក​ចូលទៅ​ឱ្យដល់​ខាងក្នុង​បន្ទប់​ប្រជុំ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៦ មករា។

ទីភ្នាក់ងារ​ព័ត៌មាន ស្កា​យ នី​វ​ស៍ របស់​អង់គ្លេស បាន​រាយការណ៍​ថា មាន​របាយការណ៍​ចេញមក​ចុងក្រោយ​បំផុត អំពី​អ្នកគាំទ្រ​លោក​ត្រាំ ដែល​ស្លាប់​នៅក្នុង​អគារ​សភា​កុង​ហ្គ្រេ​ស​សហរដ្ឋអាមេរិក​នោះ គឺជា​ស្ត្រី វ័យ ៣៥ឆ្នាំ ជា​អតីត​ទាហានជើងអាកាស ឈ្មោះ អ៊ែ​ស្ល៊ី ប៊ែ​ប​ប៊ីត​ត៍ (Ashli Babbitt)។

គេ​រកឃើញថា នាង​ត្រូវបាន​បាញ់​ដោយ​ប៉ូលិស​សម្ងាត់ ក្នុងអំឡុង​ពេលដែល​នាង​ព្យាយាម​សម្រុក​ចូលទៅ​ឱ្យដល់​ខាងក្នុង​បន្ទប់​ប្រជុំ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៦ មករា ក្នុងអំឡុងពេល​បង្កចលាចល។

ស្កា​យ នី​វ​ស៍ បាន​បញ្ជាក់ថា ប៊ែ​ប​ប៊ីត​ត៍ បាន​ចូល​បម្រើ​ជាតិ និង​បាន​ចេញទៅ​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​ដល់​ទៅ ៤លើក ក្នុងអំឡុង​ដែល​នាង​នៅ​ធ្វើ​ការឱ្យ​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក អស់​រយៈពេល ១៤ឆ្នាំ​នោះ ហើយ​នាង​មកពី​ទីក្រុង​សាន​ទី​អេ​ហ្គោ រដ្ឋ​ខា​លី​ហ្វ័​រនៀ។ នេះ​បើតាម លោក អា​រ៉​ន់(Aaron) ស្វាមី​របស់​នាង ដែល​បានផ្ដល់​ព័ត៌មាន​ទៅឱ្យ KUSI TV។

លោក​អា​រ៉​ន់ បាន​ប្រាប់​ឱ្យដឹងថា ភរិយា​របស់លោក ជា​មនុស្ស​ម្នាក់​នៅក្នុង​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យ៉ាង​ងប់​ង​ល់។

អ្នកស្រី រ៉ូ​ប៊ី​ន ប៊ែ​ប​ប៊ីត​ត៍ ម្ដាយក្មេក​របស់ អ៊ែ​ស្ល៊ី ប៊ែ​ប​ប៊ីត​ត៍ បានបង្ហាញ​ពី​អារម្មណ៍ នៅពេល​បានដឹង​ព័ត៌មាន​នេះ​ថា “ខ្ញុំ​មាន​អារម្មណ៍​ស្ពឹក និង​បេះដូង​ស្ទើរតែ​រលាយ គ្មាន​នរណាម្នាក់​ពី DC ប្រាប់​ឱ្យ​កូនប្រុស​ខ្ញុំ​ដឹង​សោះ ពួកយើង​ទើបតែ​ដឹង តាម​ព័ត៌មាន​ក្នុង​ទូរទស្សន៍​នេះឯង”

ស្កា​យ នី​វ​ស៍ បាន​រាយការណ៍​ថា ប៊ែ​ប​ប៊ីត​ត៍ ត្រូវបាន​បាញ់ ក្នុងអំឡុង​ពេលដែល​នាង និង​ក្រុមបាតុករ ព្យាយាម​សម្រុក​ចូលទៅ​ខាងក្នុង ដើម្បី​រារាំង​កម្មវិធី​ការរាប់​ពិន្ទុ​អង្គ​បោះឆ្នោត ដើម្បី​រ៉ាប់រង​ឱ្យ​អនាគត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី ដោយ​នៅក្នុង​កម្មវិធី​នោះ មាន​លោក​អនុ​ប្រធានាធិបតី ម៉ៃ​ក៍ ផេ​នស៍ ស្ថិតនៅក្នុង​បន្ទប់ នៃ​អគារ​រដ្ឋសភា​នោះដែរ។

ចា​ស្ទី​ន ជែក​សុន (Justin Jackson) ត្រូវជា​បងថ្លៃ បានផ្ដល់​សម្ភាស អំពី​ប្អូនថ្លៃ​ស្រី​រូបនោះ​ថា នាង​ជាម​នុស្ស​ដែល​ជឿ​លើ​អ្វីមួយ យ៉ាង​អស់ពីដួងចិត្ត និង​មាន​ភក្ដីភាព​ចំពោះ​រឿង​នោះ​ខ្លាំង​បំផុត…ប៊ែ​ប​ប៊ីត​ត៍ ស្រឡាញ់​សហរដ្ឋអាមេរិក និង​មាន​មោទនភាព​ខ្លាំងណាស់ ដែល​បាន​បម្រើ​ប្រទេសជាតិ នៅក្នុង​កងទ័ពអាកាស។ នៅ​ទីបញ្ចប់ លោក​ចា​ស្ទី​ន បាន​សុំ​អង្វរ ឱ្យ​រឿងនេះ ក្លាយជា​រឿង​ផ្ទាល់ខ្លួន និង​គោរព​ដល់​ក្រុមគ្រួសារ​របស់​នាង ក្នុងអំឡុង​ពេលនេះ។

ទាំងអស់នេះ ហេតុការណ៍​បាញ់សម្លាប់​នេះ ត្រូវបាន​ស៊ើបអង្កេត ដោយ​អង្គភាព​ផ្ទៃក្នុង ដែល​ទទួលខុសត្រូវ​លើ​ការស៊ើបអង្កេត ការស្លាប់​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋ។

បាតុករ​ម្នាក់ ក្នុងចំណោម​ក្រុមបាតុករ​របស់លោក​ត្រាំ ដែល​បានឃើញ​ហេតុការណ៍ ប៊ែ​ប​ប៊ីត​ត៍ ត្រូវ​ប៉ូលិស​សម្ងាត់​បាញ់សម្លាប់ បានផ្ដល់​សម្ភាស ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន WUSA 9 ថា “ប៉ូលិស​ក្នុង​ឯកសណ្ឋាន និង​ប៉ូលិស​សម្ងាត់​សហរដ្ឋអាមេរិក ជាច្រើន​នាក់ បាន​ស្រែក​ប្រាប់ថា ឱ្យ​ថយ​ទៅវិញ! ឱនឱ្យទាប! ចេញពី​ទីនេះ​ឱ្យ​ផុត​ទៅ!” និង​ថែមទាំង​បាន​រៀបរាប់​អំពី ប៊ែ​ប​ប៊ីត​ត៍ ទៀតថា “នាង​មិន​ខ្វល់​ស្ដាប់​បញ្ជា​នោះទេ ដោយសារ​តែមាន​បញ្ជា​ឱ្យ​ពួកយើង​ព្យាយាម​ចូលទៅ ដើម្បី​នាំ​មនុស្ស​នៅ​ខាង​ក្នុងនោះ​ចេញមកក្រៅ​វិញ តែ​អ្នក​ទាំងអស់នោះ បាន​បាញ់​នាង​ចំ​បំពង់ក ហើយ​នាង​បាន​ដួល​មកលើ​ខ្ញុំ”

សាក្សី​នៅក្នុង​ហេតុការណ៍​នោះ បាន​រៀបរាប់​ទៀតថា “ភ្លាមនោះ នាង​និយាយថា មិន​អី​ទេ…ល្អ​ហើយ រួចហើយ​នាង​ចាប់ផ្ដើម​កម្រើកខ្លួន​ក្នុង​ឥរិយាបថ​ដែល​ចម្លែក​ខ្លាំងណាស់ ពេលនោះ​ឈាម​ក៏​ហូរ​ចេញមក​ទាំងពី​ក្នុង​មាត់ បំពង់ក និង​ច្រមុះ រួចហើយ​ខ្ញុំ​ក៏​លែង​ដឹងថា តើ​នាង​នៅរស់ ឬ​ស្លាប់​បាត់ទៅហើយ​ទេ?”

លោក​និយាយថា “ខ្ញុំ​មិនមាន​ត្រូវរបួស​អ្វី​ទាំងអស់…វា​អាចជា​រូបខ្ញុំ តែ​បែរជា​រូបនាង​ត្រូវ​មុន​ទៅវិញ”

ទាំងអស់នេះ មុនពេល​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា ប៊ែ​ប​ប៊ីត​ត៍ បាន​សរសេរ​នៅក្នុង​ប្រព័ន្ធ​ធ្វី​ត​ធើរ ដែលមាន​អត្ថន័យ​ថា “គ្មាន​អ្នកណា​អាច​បញ្ឈប់​ពួកយើង​បានទេ…ពួកគេ​អាច​ព្យាយាម និង​ព្យាយាម តែ​ព្យុះ​បានមក​ដល់ទី​នេះហើយ ហើយ​វា​តម្រង់​ឆ្ពោះ​មក​ឌី​ស៊ី មិន​ដល់ ២៤ម៉ោង​ទេ…ភាព​ងងឹត ដើម្បី​ទៅឱ្យ​ភាពភ្លឺស្វាង”

ក្រៅពីនេះ គេ​នៅបាន​រកឃើញ​ទៀតថា មានការ​ធ្វី​ត​ធើរ សំណេរ​គាំទ្រ​លោក​ត្រាំ រួមទាំង​វីដេអូ​ឃ្លី​ប របស់​មេដឹកនាំ​សហរដ្ឋអាមេរិក ដែល​អំពាវនាវ​ឱ្យ​បណ្ដា​អ្នកគាំទ្រ​របស់លោក ចេញមក​ប្រមូល​ផ្ដុំគ្នា​ដើរ​ក្បួន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ទៀតផង។

ស្កា​យ នី​វ​ស៍ បានចង្អុលបង្ហាញ​ថា ប៊ែ​ប​ប៊ីត​ត៍ និង​ស្វាមី បើកមុខ​របរ បម្រើសេវា​កម្ម​អាង​ហែល​ទឹក នៅឯ​ទីក្រុង​សាន​ទី​អេ​ហ្គោ ចំណែក Fox News បាន​រាយការណ៍​ថា ក្នុង​ហេតុការណ៍​ចលាចល​សម្រុកចូល ដឹ ឃែ​បី​ថ​ល ហ៊ីល​ល៍ នេះ មាន​អ្នកស្លាប់​រួមទាំង ប៊ែ​ប​ប៊ីត​ត៍ ផង​ចំនួន ៤នាក់ និង​មាន​បាតុករ​ត្រូវបាន​ចាប់ឃុំខ្លួន ៥២នាក់​ទៀត៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.