លោក​ត្រាំ៖​​  លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ពិចារណា​ពី​ការបញ្ជា​អភ័យទោស​ឱ្យ​ខ្លួនឯង ដោយមាន​ការពិភាក្សា​អំពី​រឿងនេះ ជាមួយ​បណ្ដា​អ្នកជំនួយការ តាំងពី​ពេល​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​មកម្ល៉េះ។ នេះ​បើតាម​របាយការណ៍​រប​ស់​សារព័ត៌មាន នី​វ​យ៉​ក ថា​ម​ស៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ(ទី៧មករា)។

នី​វ​យ៉​ក ថា​ម​ស៍ បាន​រាយការណ៍ ដោយ​យោងតាម​ប្រភពព័ត៌មាន​ជិតស្និទ្ធ ដែល​មិន​មានបំណង​បញ្ចេញ​ឈ្មោះ ២រូប ដែល​បានឱ្យដឹងថា ការជជែក​ពិភាក្សា​រវាង​លោក​ត្រាំ ជាមួយ​បណ្ដា​អ្នកជំនួយការ ជាការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ភាព​អាចទៅរួច នៃ​ការប្រើប្រាស់​អំណាច​ប្រធានាធិបតី ជា​ករណី​ពិសេស​របស់លោក​ត្រាំ ដែល​បរាជ័យ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី កាលពី​ថ្ងៃទី៣ វិច្ឆិកា​កន្លងទៅ។

“ក្នុង​ការជជែក​ពិភាក្សា​ជាច្រើនលើក ចាប់តាំងពី​ថ្ងៃ​បោះឆ្នោត​មក មី​ស្ទ័​រ​ត្រាំ បាន​ប្រាប់​ទៅ​គណៈ​ទីប្រឹក្សា​ថា លោក​កំពុង​ពិចារណា បញ្ជា​អភ័យទោស​ឱ្យ​ខ្លួនឯង ឧទាហរណ៍​ដូចជា លោក​សួរថា តើ​លោក​គួរ​ធ្វើ​ដែរឬទេ? និង​តើ​វា​នឹង​ហុច​ផលប៉ះពាល់​អ្វីខ្លះ​ដល់​រូបលោក ទាំង​ផ្នែក​ច្បាប់ និង​នយោបាយ?” និ​វ​យ៉​ក ថា​ម​ស៍ បាន​សរសេរ​បែបនេះ ដោយ​យោងតាម​ប្រភពព័ត៌មាន ២នាក់ ដែលមាន​ភាពជិតស្និទ្ធ​ជាមួយ​លោក​ត្រាំ​នៅក្នុង​កិច្ចពិភាក្សា​នោះ។

មន្ទីរ​សេត​វិមាន មិនទាន់​ចេញមក​បង្ហាញ​ការយល់ឃើញថា​យ៉ាងណា​នៅឡើយ​ចំពោះ​របាយការណ៍​នេះ។

សារព័ត៌មាន​ច្បាប់​នេះ បាន​សរសេរ​បន្តថា “នៅ​មិនទាន់​ប្រាកដ​ច្បាស់​ថា តើ​លោក​ត្រាំ​មានការ​ជជែក​ពិភាក្សា​លើ​ចំណុច​នេះ​ទៀត​ដែរឬទេ ចាប់តាំងពី​ពេល​បណ្ដា​អ្នកគាំទ្រ​របស់លោក បង្កហេតុ​សម្រុកចូល​អ​គារ​រដ្ឋសភា កាលពី​ថ្ងៃ​ពុធ(ទី៦មករា) ដែល​ហេតុការណ៍​នេះ បាន​ជំរុញឱ្យមាន​ការអំពាវនាវ ពី​បណ្ដា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ដេ​ម៉ូ​ក្រេ​ត ២រូប ក្នុង​សភា​កុង​ហ្គ្រេ​ស ឱ្យ​ដក​លោក​ត្រាំ​ចេញពី​តំណែង។

លោក​ត្រាំ ដែល​បានប្រកាស​បញ្ជា​អភ័យទោស​ឱ្យ​សម្ព័ន្ធមិត្ត​ខាង​នយោបាយ និង​មនុស្ស​ជិតដិត រួចទៅហើយ​ជាច្រើន​នាក់​នោះ ធ្លាប់បាន​ផូ​ស្ត​សំណេរ​នៅក្នុង​ប្រព័ន្ធ​ធ្វី​ត​ធើរ​កាលពី​ឆ្នាំ2020 ថា “ខ្ញុំ​មាន​សិទ្ធិ​ខ្លាំង​បំផុត ក្នុង​ការបញ្ជា​អភ័យទោស​ឱ្យ​ខ្លួនឯង”

តែ​យ៉ាងណាក៏ដោយ លោក​ត្រាំ ដែល​រយៈពេល​គ្រង​តំណែង​របស់លោក នឹង​ចប់​នៅ​ថ្ងៃទី២០ មករា​ខាងមុខ​នោះ ត្រូវ​ប្រឈម​នឹង​រឿងក្ដី​ផ្នែក​ផ្លូវច្បាប់​ក្នុង​កម្រិត​រដ្ឋ ជាច្រើន​សំណុំរឿង ដែល​ការប្រកាស​បញ្ជា​លើកលែងទោស​ឱ្យ​ខ្លួនឯង របស់​រដ្ឋបាល​មជ្ឈិម មិនមាន​អំណាច​គ្របដ​ណ្ដ​ប់​ដល់​ឡើយ ក្នុងនោះ​រួមទាំង​រឿងក្ដី​ខាង​អាជ្ញា ដែល​កំពុង​ស៊ើបអង្កេត ដោយ​លោក សៃ​រ៉ា​ស់ វែ​នស៍ អយ្យការ​តំបន់​មែន​ហាត់​តុ​ន និង​រឿងក្ដី​ស៊ីវិល ដែល​លោកស្រី លេ​ឌី​តៀ ចេ​ម​ស៍ អគ្គ​អយ្យការ​រដ្ឋ​នី​វ​យ៉​ក កំពុង​ពិនិត្យ​មើលថា តើ​លោក​ត្រាំ រាយការណ៍​ពី​ទ្រព្យសម្បត្តិ ច្រើន​លើសពី​ការពិត ឬ​យ៉ាងណា? ដើម្បី​ចូលទៅ​ពិនិត្យមើល​ប្រាក់​បំណុល និង​ផលប្រយោជន៍ខាង​ពន្ធ​ភាស៊ី លើ​ការ​ដំណើរការ​ធុរកិច្ចផ្សេងៗរបស់លោក​ត្រាំ។

មេធាវី​ផ្នែក​ច្បាប់រដ្ឋធម្មនុញ្ញ បាន​ប្រាប់ថា វា​មិនមាន​ចម្លើយ​យ៉ាង​ច្បាស់លាស់​ថា តើ​ប្រធានាធិបតី​រូប​ណា អាច​ប្រកាស​លើកលែងទោស​ឱ្យ​ខ្លួនឯង បាន​បែប​ត្រឹមត្រូវ​តាមច្បាប់​បាន​នោះទេ និង​ដោយសារតែ មិន​ដែលមាន​ប្រធានាធិបតី​ណា​ម្នាក់ ធ្លាប់​ព្យាយាម​ធ្វើ​រឿងនេះ​ពីមុនមក​នោះ ទើប​តុលាការ​មិនដែល​បាន​ទៅ​រវីរវល់​ជាមួយ​ចំណុច​នេះ។

“នៅពេល​មាន​អ្នក​សួរ​ខ្ញុំ​ថា តើ​ប្រ​ធានា​ធីប​តី អាច​ប្រកាស​បញ្ជា​អភ័យទោស​ឱ្យ​ខ្លួនឯងបាន​ឬទេ? ចម្លើយ​របស់ខ្ញុំ​គឺ ប្រាកដ​ណាស់ គេ​អាច​ព្យាយាម​ធ្វើ​បែប​នោះបាន” លោក ប្រៃ​អាន់ ខូ​លត៍ សាស្ត្រាចារ្យ​ផ្នែក​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​មហាវិទ្យាល័យ​មិ​ឈិ​ហ្គែ​ន បាន​ថ្លែងបន្តថា “តែ រដ្ឋធម្មនុញ្ញ មិនបាន​ផ្ដល់​ចម្លើយ​ច្បាស់លាស់​អំពី​ចំណុច​នេះ​ទេ”

ក្រុម​អ្នកជំនាញការ​ផ្នែក​ច្បាប់​មួយចំនួន បាន​ប្រាប់ថា ការបញ្ជា​អភ័យទោស​ឱ្យ​ខ្លួនឯង អាច​ខុស​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ ព្រោះថា វា​ល្មើស​គោលការណ៍​ដែល​បញ្ជាក់ថា គ្មាន​នរណាម្នាក់ អាច​កាត់ក្ដី សំណុំរឿង​របស់​ខ្លួនឯង​បានទេ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.