ភ្នំពេញ៖  នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​លើ​ការកែសម្រួល​លក្ខណសម្បត្តិ​នៃ​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គ​ស្នងការរង​នគរបាលជាតិ និង​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ចំណុះ​ក្រសួងមហាផ្ទៃ ព្រមទាំង​តំណាង​ពី​ក្រសួង ស្ថាប័ន ជាច្រើនរូប​ផងដែរ។

សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ដោយ​ទទួលបាន​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពង់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា កិច្ចប្រជុំ​នៅក្នុង​ថ្ងៃនេះ គឺ​រួមគ្នា​ពិនិត្យ​លើ​សេចក្ដីព្រាង​គោលនយោបាយ​ភូមិ ឃុំ-សង្កាត់​មាន​សុវត្ថិភាព  ដែល​ត្រូវបាន​លើក​កម្រិត​ពី​ភូមិ ឃុំ​មាន​សុវត្ថិភាព មកជា​ភូមិ ឃុំ-សង្កាត់​មាន​សុវត្ថិភាព​វិញ។ សម្ដេច​បាន​បន្តថា គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​នេះ​ត្រូវបាន​អនុវត្ត​ក្នុង​រយៈពេល​ប្រមាណ១០ឆ្នាំ​មកហើយ ហើយ​ការដាក់ចេញ​ឲ្យ​អនុវត្ត​គោលនយោបាយ​នេះ មានការ​គាំទ្រ និង​ចូលរួម​ច្រើន ជាពិសេស​មានការ​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​ពី​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​ផងដែរ។

បន្ថែម​ពីនេះ សម្ដេច​បាន​លើកឡើងថា ការរៀបចំ​សេចក្ដីព្រាង​គោលនយោបាយ​ភូមិ ឃុំ-សង្កាត់​មាន​សុវត្ថិភាព​នេះ គឺ​ការធ្វើ​បច្ចុប្បន្នភាព​លើ​គោលនយោបាយ​នេះ​មាន​ភាពចាំបាច់ ដោយហេតុថា​មាន​បញ្ហាថ្មីៗមួយចំនួន​បានកើត​ឡើង ដែលមាន​នៅក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ឬ​ផែនការ​យុទ្ធសាស្ត្រ​របស់​ស្ថាប័ននីមួយៗ ហើយ​ត្រូវ​ធ្វើយ៉ាងណា​លើកឡើង​ពី​បញ្ហា​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​ជីវភាព​ប្រជាពលរដ្ឋ។

ជាងនេះទៅទៀត សម្ដេច​ក៏បាន​បន្ថែមថា គោលនយោបាយ​នេះ ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម និង​សហការ​អនុវត្ត​ពី​គ្រប់​ក្រសួង ស្ថាប័ន ដើម្បី​ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន។

គួរ​ជម្រាបជូន​ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន និង​ឲ្យ​មានការ​ចូលរួម​គាំទ្រ កាន់តែច្រើន​បន្ថែមទៀត រាជរដ្ឋាភិបាល​សម្រេច​កែលម្អ​លក្ខណៈសម្បត្តិ នៃ​គោលនយោបាយ ភូមិ ឃុំ-សង្កាត់​មាន​សុវត្ថិភាព និង​លើក​កំរិត​គោលនយោបាយ​នេះ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​គោលបំណង៖

១. បន្ត​កសាង និង​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម លើកកម្ពស់​អនាម័យ បរិស្ថាន សុខុមាលភាព​ប្រជាជន និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​គ្រោះមហន្តរាយ និង​ជម្ងឺឆ្លង​រាតត្បាត​នៅ​គ្រប់​កាលៈទេសៈ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​មានការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​មូលដ្ឋាន ដើម្បី​បង្ក​ភាពអនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​នៅតាម​មូលដ្ឋាន និង​ឈានទៅ​បង្កើនល្បឿន​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ។

២. កសាង​បានជា​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​ក្នុងការ​អនុវត្ត​គោល​យោ​បាយ ភូមិ ឃុំ-សង្កាត់​មាន​សុវត្ថិភាព ដោយ​បំផុស​ឲ្យ​មាន​កិច្ចសហការ​ចូលរួម​ជាមួយ​សមត្ថកិច្ច​ពី​ផ្នែក​ពាក់ព័ន្ធ​នានា និង​ប្រជាជន​នៅ​ទូទាំងប្រទេស។

សូមបញ្ជាក់​ផងដែរ​ថា សេចក្ដីព្រាង​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព បានកំណត់​លក្ខណសម្បត្តិ៨យ៉ាង ដូចខាងក្រោម៖

១. គ្មាន​បទល្មើស​គ្រប់​ប្រភេទ ពិសេស​សកម្មភាព​លួច ឆក់ ប្លន់។

២. គ្មាន​បទល្មើស​គ្រឿងញៀន។

៣. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ គ្មាន​ក្មេង​ទំនើង។

៤. មាន​អនាម័យ មាន​សោ​ភណ្ឌ​ភាពល្អ និង​បរិស្ថាន​ល្អ។

៥. ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ ករណី​ប្រធាន​សក្ដិ និង​រាល់​ជម្ងឺឆ្លង​រាតត្បាត​កាច​សាហាវ ប្រកបដោយ​ប្រសិទ្ធភាព។

៦. ផ្ដល់​សេវា​រដ្ឋបាល និង​សេវាសាធារណៈ​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត។

៧. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព។

៨. គ្មាន​គ្រោះថ្នាក់​ចរាចរណ៍៕ កញ្ញា

ដោយ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.