ពោធិ៍សាត់៖ តាម​ការគ្រោងទុក រៀងរាល់២ ទៅ៣សប្តាហ៍​ម្តង ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ តែងតែ​ជ្រើសរើស​សំណុំរឿង ក៏ដូចជា​បញ្ហា​ប្រឈម​ជា​ចាំបាច់ ដើម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ ក្រៅ​ប្រព័ន្ធតុលាការ ជូន​ប្រជាពលរដ្ឋ។

ជាក់ស្តែង​នា​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​នឹង​កំពុង​ជួប​សំណេះសំណាល និង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ចំនួន២៥ករណី​ផ្សេងគ្នា នៅ​វេទិកា​ក្នុង​សាលាខេត្ត។

បើតាម​លោក គឹម ចន្ថា ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត បានឱ្យដឹងថា នា​រយៈពេល​ចុងក្រោយ​នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចំណាយ​ពេលវេលា​ដោះស្រាយ​ជម្លោះ របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជាប្រចាំ។ ពីមុន​ឯកឧត្តម បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ ចំនួន២ដង ក្នុង​មួយ​សប្តាហ៍ ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ ដោយសារតែ​ជម្លោះ​ក៏ដូចជា​បញ្ហា​ប្រឈម កាន់តែ​ថយចុះ ឯកឧត្តម​បាន​ចូលរួម​ដោះស្រាយ តែ២ ទៅ៣សប្តាហ៍​ម្តង​តែប៉ុណ្ណោះ។

លោក គឹម ចន្ថា បន្ថែមថា តាមរយៈ​វេទិកាសាធារណៈ​ខាងលើ ឯកឧត្តម ម៉ៅ ធនិន តែងតែ​ប្រើប្រាស់​វិធីសាស្ត្រ ៣ចំណុច ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា ជូន​ប្រជាពលរដ្ឋ រួមមាន៖ «ទី១-ឈរលើ​ភាព​សុ​ក្រិត និង​យុត្តិធម៌, ទី២-កុំ​ឈរលើ​ផលប្រយោជន៍ និង​ទី៣-ឋានានុក្រម ដោយ​ប្រើ​យន្ត​ការណ៍​ច្បាប់ និង​ប្រើ​ឋានានុក្រម​គ្រួសារ»។

ក្នុង​ដំណោះស្រាយ ដែលមាន​ភាពឈ្លាសវៃ និង​ប៉ិនប្រសព្វ របស់​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ បានធ្វើឱ្យ​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​របៀប​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​សន្តិវិធី។ ដោយឡែក​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ដំណោះស្រាយ ខ្លះ​ក៏​ទទួលបាន​អង្ករ ក៏ដូចជា​ថវិកា​បន្តិច​បន្តួច សម្រាប់​ជា​ទ្រនាប់​ដៃ វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.