ជប៉ុន៖ ស្រាជប៉ុន ឬស្រាសាកេ ជាភេសជ្ជៈស្រវឹង តាំងពីបុរាណរបស់ប្រទេសជប៉ុន ដែលបិតដោយប្រើអង្ករធ្វើជាវត្ថុធាតុដើមចម្បង ធ្វើឱ្យទទួលបានផលិតផលដែលចេញមកជាអាល់កុល និងស្ករ ដែលមានកម្រិតជាតិអាល់កុលប្រមាណជា ១០-២០%។

ការឱ្យត្រីខាប ផឹកស្រាសាកេស័ក្តិសិទ្ធិ ជាពិធីបុណ្យប្រពៃណី ដែលរៀបចំឡើងរៀងរាល់ឆ្នាំ នៅទីក្រុងសាកៃ ខេត្តថូយ៉ាម៉ាក់ របស់ជប៉ុន ដោយពិធីនោះ ត្រូវបានគេនាំយកមកប្រើ ដើម្បីបញ្ចៀសភាពចង្រៃឧបទ្រព ចេញពីមនុស្សដែលឈានចូលដល់អាយុគត់ឆ្នាំ (ម្ភៃគត់ ឬសាមគត់) ឬវ័យដែលមានគ្រោះ ដែលកើតឡើងកាលពីសម័យ អេដូ និងប្រារព្ធធ្វើឡើង តៗគ្នាជាង ២០០ឆ្នាំមកហើយ។

ឆ្នាំនេះ ពិធីនោះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី៧ ខែមករា ដោយក្នុងឆ្នាំនេះ មានបុរស ៥នាក់ ដែលជួបនឹងភាពលំបាកលំបិន ទុក្ខសោក បានមកជួបជុំគ្នានៅក្នុងសួនច្បារសាធារណៈ តាមមាត់ទន្លេ ឆូកាវ៉ា ដែលហូរឆ្លងកាត់ទីក្រុងសាកៃ ដោយពួកគេ នឹងធ្វើការចាប់ត្រីខាប ធំ ១ក្បាល រួចហើយបញ្ច្រកសា្រសាកេស័ក្តិសិទ្ធិបន្តិចបន្តួច ចូលទៅក្នុងមាត់ត្រីខាបនោះ ហើយលែងវាចូលទៅក្នុងទឹកវិញ។ ប្រៀបដូចជា លែងភាពទុក្ខលំបាក ចូលទៅក្នុងទឹកទន្លេ ដើម្បីសង្ឃឹមថា ពួកគេទាំងអស់គ្នា នឹងមានសុខភាពល្អ និងមានសេចក្ដីសុខ ពេញ ១ឆ្នាំថ្មីនេះ។

ស្រាសាកេស័ក្តិសិទ្ធិ ឬដែលជនជាតិជប៉ុនហៅថា “មិគិ” ប្រកបដោយ តួអក្សរ ខាន់ជិ របស់ពាក្យថា អាទិទេព និងស្រា ដោយមិគិ គឺជាស្រាសាកេ ដែលបានទទួលការចូលធ្វើពិធីរបស់ ឈីនតូ ដែលគេអាចរកបាននៅតាមអាស្រម ឬខ្ទមអ្នកតា ក្នុងអំឡុងរដូវកាលនោះ និងឱ្យផឹក ដើម្បីសិរីមង្គល។

បុរស វ័យ ២០ឆ្នាំម្នាក់ ដែលចូលរួមក្នុងពិធី បាននិយាយថា “ខ្ញុំបានបន់ស្រន់ សុំកុំឱ្យឆ្លងមេរោគកូវីដ ដើម្បីឱ្យខ្ញុំបានធ្វើការងារថ្មីរបស់ខ្ញុំ ឱ្យល្អបំផុត” និងបុរស វ័យ ៤០ ម្នាក់ទៀត បាននិយាយថា “ក្នុងឆ្នាំកន្លងទៅ ខ្ញុំជួបតែរឿងលំបាកលំបិនច្រើនយ៉ាងណាស់ រឿងខ្លះ គិតថានឹងបានធ្វើ បែរជាត្រូវគេលុបចោលវិញ ជាឆ្នាំដែលស្ងាត់ការងារបំផុត ខ្ញុំសង្ឃឹមថា គ្រប់យ៉ាង នឹងល្អប្រសើរឡើង ដូចជាអូឡាំពិកតូក្យូ នឹងបានធ្វើនៅឆ្នាំនេះ ជាដើម”

សម្រាប់ពិធីនេះ ក្នុងច្រើនឆ្នាំកន្លងមក វាបានរងការរិះគន់ថា មិនស័ក្តិសមជាញឹកញាប់ ព្រោះមនុស្សម្នាភាគច្រើនយល់ឃើញថា ទង្វើបែបនោះ គឺជាការល្មើសសិទ្ធិសត្វ និងថែមទាំងដាក់សំណួរថា តើហ្នឹង គឺជាផ្នែកមួយ នៃមរតកវប្បធម៌ដ៏មានគុណតម្លៃរបស់ជប៉ុន ឬក៏ជាទង្វើដែលគ្មានមនុស្សធម៌? ដោយអ្នកលេងអ៊ីនធើណិតជនជាតិជប៉ុនជាច្រើន ធ្លាប់បានអំពាវនាវឱ្យបញ្ឈប់ពិធីនោះ ដោយសារតែវាមិនសមរម្យ និងធ្វើឱ្យសត្វស្រវឹង។


ទាំងអស់នេះ មនុស្សក្នុងវ័យគត់ឆ្នាំ គឺជាវ័យដែលមានគ្រោះ ដែលក្នុងភាសាជប៉ុនហៅថា “យ៉ាគូដូឈិ” ជាជំនឿដែលមានមកតាំងពីសម័យ ហេអាន់ រហូតមកដល់បច្ចុប្បន្ន ដោយយ៉ាដូគូឈិ របស់មនុស្សប្រុសគឺ អាយុ ៤២ឆ្នាំ និងរបស់មនុស្សស្រី គឺអាយុ ៣៣ឆ្នាំ ដោយសារតែ លេខ៤២ ក្នុងភាសាជប៉ុន សំឡេងត្រូវគ្នានឹងពាក្យថា “ទៅងាប់” ចំណែកលេខ៣៣ សំឡេងត្រូវគ្នានឹងពាក្យថា “ហាយនៈ” ដោយលេខទាំងនោះ អាចនិយាយបានថា ជាឧបាយកលរបស់មនុស្សចាស់សម័យនោះ ដែលបំភ័យក្មេងៗ ព្រោះអំឡុងអាយុទាំងនោះ គឺកំពុងស្ថិតក្នុងវ័យ ដែលជាបង្គោលរបស់គ្រួសារ ទើបចាស់ៗ ប្រឌិតឡើង ជាការដាស់ស្មារតី មិនឱ្យក្មេងៗធ្វើអ្វីៗក្នុងជីវិត ដោយក្ដីធ្វេសប្រហែសហ្នឹងឯង៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន NHK
ប្រែសម្រួលដោយ ទិទីតំតាតូ
#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.