ប្រទេសចិន៖  នឹងចែកចាយវ៉ាក់សាំងប្រឆាំងមេរោគវីរុសកូវីដ-១៩ ដោយមិនគិតថ្លៃចាយវាយអ្វីទាំងអស់ សម្រាប់ប្រជាជនទូទៅ នៅពេលដែលវាចេញមកគ្រប់តាមតម្រូវការ។ នេះបើតាមអង្គភាពរបស់រដ្ឋបាន ប្រកាសកាលពីថ្ងៃម្សិលមិញ (សៅរ៍ ទី៩)។

មន្ត្រីគណៈកម្មការសុខភាពជាតិ លោក ជឹង ចុងវើយ បានថ្លែងថា ទោះបីជាការផលិត និងការដឹកជញ្ជូនវាក់សាំង ត្រូវចំណាយប្រាក់ច្រើនក៏ដោយ តែរដ្ឋបាល អាចរៀបចំបែងចែក ជូនទៅប្រជាជនដោយមិនគិតថ្លៃ បាន។

“ប្រជាជនរបស់យើង មិនចាំបាច់ចំណាយប្រាក់ សូម្បីតែ ១សេនណាឡើយ សម្រាប់វ៉ាក់សាំង” លោកជឹង បានប្រាប់នៅក្នុងការថ្លែងអំពីដំណឹងនេះ នៅទីក្រុងប៉េកាំង។

កាលពីចុងខែធ្នូ ប្រទេសចិន បានរ៉ាប់រងវ៉ាក់សាំង ១ប្រភេទដំបូងសម្រាប់ការប្រើប្រាស់ទូទៅ ហើយវ៉ាក់សាំង ៣ប្រភេទទៀត ត្រូវបានរៀបចំបញ្ជូនរួចហើយ ទៅឱ្យក្រុមមនុស្សមួយចំនួន ដែលមានភាពប្រឈមក្នុងការឆ្លងមេរោគខ្ពស់ រួមទាំងមន្ត្រីពេទ្យផង បើទោះបី វាជាគ្រោងការប្រើប្រាស់បែបបន្ទាន់ក៏ដោយ។

កាលពីពាក់កណ្ដាលខែធ្នូ កន្លងទៅ ប្រទេសចិនបានពង្រីកគ្រោងការចាក់វ៉ាក់សាំង ឱ្យគ្របដណ្ដប់លើក្រុមមនុស្សសំខាន់ៗ កាន់តែច្រើនឡើង ដូចជា ក្រុមកម្មករនយោជិត ក្នុងផ្នែកការដឹកញ្ជូនចំណីអាហារ និងដឹកជញ្ជូនអ្នកដំណើរសាធារណៈ ជាដើម ក្នុងការព្យាយាមដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាថ្មីម្ដងទៀតក្នុងរដូវរងា និងរដូវស្លឹកឈើជ្រុះ។

ការចាក់វ៉ាក់សាំងទាំងនោះ ក៏នឹង ហ្វ្រ៊ី សម្រាប់ប្រជាជនទូទៅដូចគ្នាដែរ។ នេះបើតាមលោកជឹង មន្ត្រីនៃគណៈកម្មការសុខភាពជាតិ។

“យើងធ្លាប់បានរកឃើញថា អង្គភាពគ្រប់គ្រងក្នុងតំបន់មួយចំនួន បានគិតប្រាក់ពីប្រជាជន ដូច្នេះហើយទើបយើងអំពាវនាវឱ្យមានការដោះស្រាយបញ្ហានេះជាបន្ទាន់” លោកជឹង បានប្រាប់បន្ថែមទៀត នៅក្នុងការថ្លែងព័ត៌មាន និងបានបន្តថា ពេលនេះអង្គភាពគ្រប់គ្រងក្នុងតំបន់ផ្សេងៗ បានប្រតិបត្តិតាមគោលការណ៍ចាក់វ៉ាក់សាំងហ្វ្រ៊ី នេះហើយ។

លោក ជឺង ថ្លែងថា ប្រទេសចិន បានចែកចាយវ៉ាក់សាំង រួចទៅហើយជាង ៩លានដូស ក្នុងចំនួននោះ មានជាង ៧លានដូស ត្រូវបានចែកចាយកាលពីពាក់កណ្ដាលខែធ្នូ។

ប្រជាជនជិត ៤០ ០០០នាក់ ក្នុងមណ្ឌលហ៊ូពេយ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងមេរោគវ៉ាក់សាំងវីរុសកូវីដ-១៩ រួចហើយ។ លោក ឃុយ កាំង មន្ត្រីនៃគណៈកម្មការសុខភាពនៃប្រទេសចិន បានថ្លែងថា មួយផ្នែករបស់គ្រោងការចាក់វ៉ាក់សាំងរបស់ប្រទេសចិន គឺតម្រង់មុខសញ្ញា ទៅរកក្រុមអ្នកដែលមានភាពប្រឈមក្នុងការឆ្លងមេរោគខ្ពស់។
ឈឺចៀចួង ទីក្រុងឯក របស់មណ្ឌលមួយនេះ បានក្លាយជាចំណុចកណ្ដាលថ្មីមួយទៀត នៃការចម្លងរាលដាល ដោយរដ្ឋបាលក្នុងតំបន់ បានផ្អាកការដឹកជញ្ជូនអ្នកដំណើរសាធារណៈទូទាំងទីក្រុងនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។

លោកឃុយ ថ្លែងថា “បច្ចុប្បន្ន មណ្ឌលហ៊ូពេយ គួរតែពន្លឿនកម្មវិធីនេះឱ្យបានលឿនបំផុត តាមដែលអាចធ្វើបាន និងធ្វើការចាក់វ៉ាក់សាំងឱ្យប្រជាជនក្រុមសំខាន់ៗ ឱ្យបានគ្រប់គ្នា ដោយលឿនបំផុត”៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.