ប្រទេសចិន៖ បានចេញមកគំរាម កាលពីថ្ងៃព្រហស្បតិ៍ (ទី៧មករា) ថា សហរដ្ឋអាមេរិក នឹងត្រូវទូទាត់វិញយ៉ាងធ្ងន់ធ្ងរ បើសិនឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់សហរដ្ឋអាមេរិក លោកស្រី ឃេលលី ក្រាហ្វត៍ នៅតែរក្សាទុកផែនការធ្វើដំណើរទៅតៃវ៉ាន់ ក្នុងសប្ដាហ៍នេះ ដូចដែលក្រសួងការបរទេស បានប្រកាសនោះ។

“សហរដ្ឋអាមេរិក នឹងត្រូវទូទាត់វិញយ៉ាងធ្ងន់ធ្ងរ សម្រាប់ទង្វើដ៏ខុសឆ្គងនេះ” នេះជាពាក្យថ្លែងរបស់គណៈអគ្គរដ្ឋទូតប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ។

“ចិនសូមអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការញុះញង់យ៉ាងឆ្កួតឡប់ បញ្ឈប់ការបង្កើតបញ្ហាថ្មីៗដល់សម្ព័ន្ធភាពចិន-សហរដ្ឋអាមេរិក និងកិច្ចសហការរបស់ប្រទេសទាំង២ នៅក្នុងអង្គការសហប្រជាជាតិ និងឈប់ដើរខុសផ្លូវតទៅទៀត”

ចិន បានជំទាស់ការទស្សនកិច្ចនោះ និងសំណូមពរឱ្យសហរដ្ឋអាមេរិកបញ្ឈប់ផែនការនោះ ដោយបានថ្លែងបញ្ជាក់បន្ថែម និងសង្កត់ធ្ងន់លើនយោបាយប្រទេសចិនតែមួយ របស់ក្រុងប៉េកាំង ដែលអះអាងថា តៃវ៉ាន់ គឺជាមណ្ឌលមួយរបស់ប្រទេសចិន។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍(ទី៧មករា) គណៈអគ្គរដ្ឋទូត UN របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកស្រី ក្រាហ្វត៍ នឹងស្នាក់នៅក្នុងទីក្រុងតៃប៉ិ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ មករា ដោយនឹងជួបជាមួយមន្ត្រីតៃវ៉ាន់ និងសមាជិកដទៃទៀតរបស់សហគមន៍ការទូត។

“ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកស្រី លោកស្រីឯកអគ្គរដ្ឋទូត នឹងជួយគាំទ្រការព្យាយាមជាបន្តបន្ទាប់ និងម៉ឺងម៉ាត់របស់រដ្ឋបាលសហរដ្ឋអាមេរិក ក្នុងការពង្រឹងគោលជំហរអន្តរជាតិ របស់តៃវ៉ាន់”សេចក្ដីថ្លែងការណ៍របស់គណៈរដ្ឋទូតអាមេរិក បានបញ្ជាក់បែបនេះ។

លោកស្រី ក្រាហ្វត៍ មានគម្រោងថ្លែងបឋកថា នៅឯស្ថាប័នកិច្ចការទូត និងកិច្ចការអន្តរជាតិ(Institute of Diplomacy and International Affairs) នៅថ្ងៃទី១៤ មករា “ពាក់ព័ន្ធនឹងតួនាទីសំខាន់របស់តៃវ៉ាន់ នៅក្នុងសហគមន៍ពិភពលោក និងភាពសំខាន់នៃការមានចំណែករួមរបស់តៃវ៉ាន់នៅក្នុងស្ថាប័នអន្តរជាតិ” នេះបើតាមសេចក្ដីថ្លែងការណ៍។

ទីភ្នាក់ងារព័ត៌មានស៊ីនហួ របស់រដ្ឋចិន ក៏បានរិះគន់ដំណើរទស្សនកិច្ចក្នុងគ្រានេះ ដោយបានបញ្ជាក់ថា ការបង្ហាញខ្លួនរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅតៃវ៉ាន់ នឹងល្មើសសិទ្ធិអំណាចអធិបតេយ្យភាពរបស់ប្រទេសចិន។

មន្ត្រីគ្រប់គ្រងជាច្រើនរូប ក្រោមអាណត្តិលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ធ្លាប់បានទៅទស្សនកិច្ចតៃវ៉ាន់កាលពីឆ្នាំកន្លងទៅ ដោយមិនបានខ្វល់ខ្វាយពីសំឡេងជំទាស់របស់ប្រទេសចិនឡើយ ក្រោមស្ថានការណ៍តានតឹង ផ្នែកពាណិជ្ជកម្ម ស្ថិរភាព និងសិទ្ធិមនុស្ស ជាមួយសហរដ្ឋអាមេរិក៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP

ប្រែ និងសម្រួលដោយ តាវ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.