បរទេស៖ មិត្តភក្ដិ របស់អតីតទាហានអាកាសស្រី ដែលត្រូវប៉ូលិសសម្ងាត់បាញ់ស្លាប់ ក្នុងអំឡុងហេតុការណ៍ចលាចលក្នុងអគាររដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ មករា បានថ្កោលទោសការស្លាប់របស់នាងថា ជា “ការប្រហារជីវិត” តែបានបង្ហើបឱ្យដឹងថា ស្ត្រីមកពីខាលីហ្វ័រនៀរូបនេះ បានជឿយ៉ាងស្លុងថា ហេតុផលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានតម្លៃគ្រប់គ្រាន់សម្រាប់ការលះបង់ជីវិត ខណៈដែលព័ត៌មានចុងក្រោយបំផុត ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ​៥នាក់ហើយ នៅក្នុងហេតុការណ៍ដ៏ខ្មៅងងឹតមួយ នៃទំព័រប្រវត្តិសាស្ត្រនយោបាយរបស់អាមេរិក។

អ៊ែស្ល៊ី ប៊ែបប៊ីតត៍ វ័យ ៣៥ឆ្នាំ ត្រូវបានបាញ់ប្រហារដោយប៉ូលិសសម្ងាត់រដ្ឋសភា ចំដើមទ្រូង ក្នុងខណៈពេលដែលនាងព្យាយាមតោងឡើងឆ្លងកញ្ចក់បង្អួច ដែលបែក នៅក្បែរមាត់ទ្វារដែលត្រូវបានបិទរាំងខាងក្នុងអគាររដ្ឋសភា ដែលនេះជាផ្នែកមួយ នៃការព្យាយាមរបស់ក្រុមបាតុករ ដែលត្រូវការចូលទៅក្នុងបន្ទប់ប្រជុំឱ្យបាន។

ជែក ហ្វ៊ីលីយ៍ នាយទាហានប្រចាំកងទ័ពអាកាសដែលធ្លាប់រួមការងារជាមួយ ប៊ែបប៊ីតត៍ បានផ្ដល់សម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន The Sun បានឱ្យអត្ថន័យសម្រាប់មិត្តភក្តិរូបនេះថា ជាជនអាមេរិកាំងយ៉ាងពិតប្រាកដ “នាងអាចទម្លាក់កាំភ្លើងចោលហើយមែន តែនាងនៅតែមានការតាំងចិត្តឧទ្ទិសជីវិតរបស់នាងដើម្បីប្រទេសជាតិ និងដើម្បីអ្វីដែលនាងជឿយ៉ាងមុតមាំនោះដដែល” ហ្វ៊ីលីយ៍ និយាយបន្តថា “ខ្ញុំច្បាស់ក្នុងចិត្តណាស់ថា ភាពស្វាហាប់របស់នាងបានស្ងប់ស្ងាត់ទៅ ដោយគ្មានការប្រយុទ្ធតស៊ូរារាំង ឬតតាំងជាមួយអ្នកណាទាំងអស់ វាគឺជាការប្រហារជីវិត!!”

១ថ្ងៃមុនស្លាប់ ប៊ែបប៊ីតត៍ ដែលមានស្វាមីហើយ បានសរសេរនៅក្នុងធ្វីតធើរថា “គ្មានអ្វីនឹងបញ្ឈប់យើងបានឡើយ” ព្រមទាំងប្រកាសថា “ព្យុះ” នឹងបោកបក់ចូលវ៉ាស៊ីនតោនក្នុង ២៤ម៉ោង។ សារព័ត៌មានបានរាយការណ៍ថា នៅថ្ងៃតមក នាងបានផ្សាយបន្តផ្ទាល់តាមអនឡាញ ពេលដើរក្បួនពីវេទិកាជួបជុំ តម្រង់ទៅកាន់អគារដ្ឋសភា ដោយអះអាងថា មានអ្នកចូលរួមច្រើនជាង ៣លាននាក់ “វាគួរឱ្យអស្ចារ្យខ្លាំងណាស់ ដែលបានមកមើលលោកប្រធានាធិបតីថ្លែងប្រាស្រ័យ” ប៊ែបប៊ីតត៍ បាននិយាយបែបនេះ ក្នុងពេលកំពុងដើរក្បួន។

ហ្វ៊ីលីយ៍ រៀបរាប់ថា ប៊ែបប៊ីតត៍ ឈ្លក់វង្វេងលើលោកប្រធានាធិបតីត្រាំ ខ្លាំងណាស់ និងត្រូវការឃើញអំពើពុករលួយ និងរឿងមិនល្អៗទាំងឡាយត្រូវកម្ចាត់ចោលឱ្យអស់ តាំងពីមន្ត្រីថ្នាក់ខ្ពស់របស់រដ្ឋបាល រហូតដល់មន្ត្រីតូចតាចប្រចាំតំបន់របស់នាង ព្រមទាំងបានបញ្ជាក់ថា នាងគឺជាវីរនារី “មិនមែនជាភេរវករ ឬជនផ្ដាច់ការណាហ្ស៊ីនោះទេ”

ក្រុមអ្នកគាំទ្រ បានលើកតម្កើង ប៊ែបប៊ីតត៍ ក្នុងឋានៈអ្នកលះបង់ និងមានផែនការប្រមូលផ្ដុំជួបជុំគ្នានៅឯអនុស្សាវរីយ៍វ៉ាស៊ីនតោន ដើម្បីកាន់ទុក្ខសម្រាប់ការឃ្លាតទៅរបស់នាង។ ទាំងអស់នេះ ទោះជាមិត្តភក្តិទាំងឡាយឱ្យនិយមន័យលើរូបនាងថា ជាអ្នកស្នេហាជាតិក៏ដោយ តែសកម្មភាពរបស់នាងនៅលើប្រព័ន្ធបណ្ដាញសង្គមអនឡាញ និងកំណត់ត្រាផ្សេងៗ សុទ្ធតែបង្ហាញពីភាពជឿជាក់លើលោកប្រធានាធិបតីត្រាំទាំងអស់។

ប៊ែបប៊ីតត៍ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់ ៥នាក់ នៅក្នុងហេតុការណ៍ចលាចលធ្ងន់ធ្ងរនោះ  ដោយនៅក្នុងនោះមាន ប្រៃអាន់ ស៊ិកនិក អាជ្ញាធរប៉ូលិសប្រចាំអគាររដ្ឋសភា ដែលបានរងរបួសដោយសារត្រូវវាយដោយបំពង់ពន្លត់អគ្គិភ័យ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុមអ្នកគាំទ្រលោកប្រធានាធិបតីត្រាំ ដែលសម្រុកចូលទៅក្នុងអគាររដ្ឋសភា និងក្រោយមកបានស្លាប់ ដែលនៅពេលនេះ អាជ្ញាធរបានបើកការស៊ើបអង្កេតរឿងក្ដីឃាតកម្មលើហេតុការណ៍ស្លាប់របស់ស៊ិកនិក រួចរាល់ហើយ។

ស៊ិកនិក ជាអតីតនាយទាហានឆ្លងកាត់សង្គ្រាមអ៊ីរ៉ាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី៧ មករា ក្រោយប្រវាយប្រតប់ជាមួយក្រុមអ្នកបង្កចលាចលនិយមលោកត្រាំ​ ដែលបានសម្រុកចូលទៅក្នុងអគាររដ្ឋសភានៅថ្ងៃពុធ ទី៦មករា ដើម្បីរារាំងសភាកុងហ្គ្រេស មិនឱ្យធ្វើការរ៉ាប់រងជ័យជម្នះលើការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីរបស់លោក ចូ បៃដិន។

សេចក្ដីថ្លែងការណ៍របស់ប៉ូលិសរដ្ឋសភា បានឱ្យដឹងថា ការស្លាប់របស់លោកស៊ិកនិក នឹងត្រូវស៊ើបអង្កេត ដោយផ្នែកឧក្រិដ្ឋកម្មរបស់នាយកដ្ឋានប៉ូលិសវ៉ាស៊ីនតោន ខណៈដែលលោក ចេហ្វហ្វ្រេយ៍

រ៉ូហ្សេន អគ្គអយ្យការស្ដីទី បានបញ្ជាក់នៅថ្ងៃសុក្រ(ទី៨មករា) ថា FBI នឹងចូលមកជួយក្នុងការស៊ើបអង្កេតក្នុងគ្រានេះផងដែរ៕

ប្រភព៖ សារព័ត៌មាន នីវយ៉ក ផូស្ត

ប្រែ​ និងសម្រួលដោយ តាវ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.