ប្រទេសកូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង បញ្ជាឱ្យកងទ័ពបង្កើនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលមានអានុភាពខ្លាំងក្លាខ្លាំងឡើងថែមទៀត ព្រមទាំងប្រកាសថា សហរដ្ឋអាមេរិក គឺ “សត្រូវលេខ១” របស់ប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មាន KCNA បានស្រង់សម្ដី របស់មេដឹកនាំខ្ពស់បំផុត របស់ក្រុងព្យុងយ៉ាង ដែលបានបញ្ជាក់ថា នយោបាយច្រងេងច្រងាង ដែលអាមេរិកធ្វើចំពោះកូរ៉េខាងជើង នឹងមិនផ្លាស់ប្ដូរឡើយ មិនថាអ្នកណានឹងឡើងមកធ្វើជាមេដឹកនាំមន្ទីរសេតវិមានក៏ដោយ តែខណៈពេលជាមួយគ្នា ក៏បានបញ្ជាក់ដែរថា ការ “ទម្លាក់ចោលនយោបាយភាពជាសត្រូវ” គឺជាដំណើរផ្លូវ ដែលនឹងជួយស្ដារសម្ព័ន្ធរវាងគ្នានឹងគ្នាបាន។

“កិច្ចការផ្នែកការបរទេស នឹងត្រូវសង្កត់ធ្ងន់ និងកែសម្រួលទិសដៅ ឆ្ពោះទៅរកការបង្ក្រាបសហរដ្ឋអាមេរិក ដែលជាសត្រូវលេខ១ និងជាឧបសគ្គចំពោះការអភិវឌ្ឍរបស់យើងមករហូត” លោកគីម បានថ្លែងបែបនេះ នៅក្នុងអំឡុងកិច្ចប្រជុំធំមួយជាលើកដំបូង ក្នុងជុំ ៥ឆ្នាំរបស់បក្សពលករកូរ៉េ នៅទីក្រុងព្យុងយ៉ាង។

“មិនថាអ្នកណា នឹងឡើងមកធ្វើជាមេដឹកនាំសហរដ្ឋអាមេរិកក៏ដោយ ក៏ធាតុពិត និងនយោបាយចម្បង ដែលមានចំពោះកូរ៉េខាងជើង មិនដែលផ្លាស់ប្ដូរឡើយ” លោកគីម បានថ្លែងបន្ត និងបានប្រកាសថា រដ្ឋបាលកូរ៉េខាងជើង នឹងពង្រីកកិច្ចសហការជាមួយ “ក្រុមកម្លាំងអំណាចឥស្សរៈ ដែលតតាំងពួកប្រមាញ់អាណានិគម”

មេដឹកនាំកូរ៉េខាងជើង បានអះអាងថា នឹងមិននាំយកអាវុធនុយក្លេអ៊ែរមកប្រើនៅក្នុងផ្លូវខុសឡើយ តែក៏មានផែនការលើកកម្ពស់សក្ដានុពលផ្នែកនុយក្លេអ៊ែរ ឱ្យកាន់តែរឹងមាំឡើងថែមទៀត មិនថាការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតផ្សេងៗ រួមទាំងសក្ដានុពលក្នុងការវាយប្រហារបែប “ចាប់ផ្ដើមមុន” និង “សងសឹក” នោះឡើយ បើសិនជាកូរ៉េខាងជើង ត្រូវគេធ្វើបាប។

លោកគីម បានអំពាវនាវឱ្យអ្នកវិទ្យាសាស្ត្ររបស់កូរ៉េខាងជើងទាំងអស់ ស្រាវជ្រាវអភិវឌ្ឍអាវុធ ល្បឿនលឿនជាងសំឡេងដ៏អស្ចារ្យ, គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយឆ្លងទ្វីប(ICBM) ដែលប្រើថាមពលបញ្ឆេះរឹង, ផ្កាយរណបស៊ើបការណ៍ រួមទាំងអាកាសយាន គ្មានអ្នកបើកប្រភេទផ្សេងៗទៀតផង។

ខណៈពេលជាមួយគ្នា មេដឹកនាំកូរ៉េខាងជើង បាននិយាយទៀតថា កូរ៉េខាងជើងកំពុងត្រៀមសាកល្បងអាវុធជាច្រើនប្រភេទ​ដូចជា កាំជ្រួចច្រើនកាណុង និងក្បាលគ្រាប់បំពាក់កាំជ្រួចមីស៊ីលតម្រង់គោលដៅលឿនជាងសំឡេងស៊េរីថ្មី។ ចំណែកការងារស្រាវជ្រាវផ្នែកនាវាមុជទឹកនុយក្លេអ៊ែរ ក៏ជិតនឹងរួចស្រេចពេញលេញហើយដែរ។

លោក យូ ហូយ៉ុល សាស្ត្រាចារ្យផ្នែកកូរ៉េខាងជើង នៃមហាវិទ្យាល័យកូរ៉េ ក្នុងទីក្រុងសេអ៊ូល បានផ្ដល់ទស្សនៈពាក់ព័ន្ធនឹងពាក្យថ្លែងការណ៍របស់មេដឹកនាំកូរ៉េខាងជើងថា “លោកគីម បានបង្ហាញពីអ្វីដែលនៅមានក្នុងចិត្តច្រើនយ៉ាង ទាំងអាវុធមីស៊ីល សម្រាប់បំពាក់លើនាវាមុជទឹក, ICBM ដែលមានអានុភាពខ្លាំងក្លាជាងមុន និងអាវុធទំនើបច្រើនប្រភេទទៀត…គាត់(គីម ជុងអ៊ុន)មានចេតនាប្រាប់សហរដ្ឋអាមេរិកថា នឹងបានឃើញភាពរីកចម្រើនទៅមុខ របស់គ្រោងការទាំងនោះយ៉ាងពិតប្រាកដ និងឱ្យអាមេរិកជ្រើសរើសដោយខ្លួនឯងថា តើនឹងបណ្ដោយឱ្យស្ថានការណ៍កាន់តែតានតឹង ឬព្រមបែរមុខមកចរចា?។

ចំណែកលោក អ៊ែងគិត ភែនដា អ្នកស្រាវជ្រាវមកពីស្ថាប័ន Carnegie Endowment for International Peace យល់ឃើញថា  នេះគឺជាការបង្ហាញពីផែនការការពារប្រទេស និងគោលដៅផ្នែកនុយក្លេអ៊ែរ ដ៏អស្ចារ្យបំផុតមួយ របស់កូរ៉េខាងជើងក្នុងជុំច្រើនឆ្នាំមកនេះ “និងអាចជាសញ្ញាដាស់តឿនថា នឹងមានការសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីម្ដងទៀត បន្ទាប់ពីលោកគីម បានបញ្ជាផ្អាកតាំងពីខែមេសា ឆ្នាំ២០១៨មក”៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ

ប្រែ និងសម្រួលដោយ តាវ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.