សោកនាដកម្ម យន្តហោះ៖ សរុប​ជាបឋម សោកនាដកម្ម​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ីថ្មីៗនេះ យន្តហោះ​បូ​អ៊ីង 737-500 របស់​ក្រុមហ៊ុន​អាកាសចរណ៍ ស្រ៊ី​វិចា​យ៉ា អ៊ែរ(Sriwijaya Air) ជើងហោះហើរ​លេខ SJ182 ដំណើរ​ផ្លូវ ពី​ចា​ការ​តា ទីក្រុង​ធំ​របស់​ឥណ្ឌូនេស៊ី ឆ្ពោះទៅ​ទីក្រុង​ប៉ុន​តៀណា​ក់ ខេត្ត​កាលី​ម៉ាន់​តាន់​ខាងលិច កោះ​បូ​នៀវ បាន​ជួប​ឧប្បត្តិហេតុ​ធ្លាក់ចូល​សមុទ្រ​ជ្វា កាលពី​ថ្ងៃទី៩ មករា​កន្លងទៅថ្មីៗនេះ។

១-ជើងហោះហើរ​លេខ SJ182 ចេញដំណើរ​ពី​អាកាសយានដ្ឋាន ស៊ូ​កា​ណូ-ហាត់​តា នៅ​ម៉ោង១៤.៣៦នាទី មុននឹង​បាត់​ការទាក់ទង​នៅ​ម៉ោង១៤.៤០នាទី។ ទិន្នន័យ​ពី​វេ​ប​សាយ Flightrada24.com បានឱ្យដឹងថា យន្តហោះ ១គ្រឿង​នេះ បាន​ហោះហើរ​ក្នុង​កម្រិត​កម្ពស់ ១០ ៩០០ហ្វ៊ុ​ត តែ​កម្ពស់​ចុងក្រោយ​បំផុត ដែល​បាន​កត់ត្រា​គឺ ២៥០ហ្វ៊ុ​ត មុននឹង​សញ្ញា​ទំនាក់ទំនង​បាន​ដាច់​បាត់ទៅ។

២-ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​ទាំងអស់ ៦២នាក់ ចែកចេញជា​អ្នកបើកបរ ២នាក់ អ្នកបម្រើ​ក្នុង​យន្តហោះ ៤អ្នក អ្នកដំណើរ ៥៦នាក់ ចែកចេញជា មនុស្ស​ធំ ៤៦នាក់ ក្នុងនោះ​មាន ៦នាក់ ជា​បុគ្គលិក​យន្តហោះ តែ​ធ្វើដំណើរ​ក្នុងឋានៈ​ជា​អ្នកដំណើរ ចំណែក​ក្មេង មាន ៧នាក់ និង​ទារក ៣នាក់។ យន្តហោះ​នេះ មានកា​ពី​តែ​ន​ឈ្មោះ Afwan ដែលមាន​បទពិសោធ ធ្លាប់ជា​អ្នកបើក​យន្តហោះ​នៃ​កងទ័ពអាកាស​ឥណ្ឌូនេស៊ី។

៣-ក្រោយមក បានទទួល​ការអះអាង​ថា យន្តហោះ ១គ្រឿង​នោះបាន​ធ្លាក់ចូល​សមុទ្រ​ជ្វា បរិវេណ​កោះ​ថៅ​សាន់ អៃ​លែ​ន​ដ៍ ចន្លោះ​កោះ Lanchan និង​កោះ Laki ដែល​ស្ថិតនៅ​ភាគ​ខាងលើ​ក្រុង​ចា​ការ​តា។ ដំណាលគ្នា​នេះ ក្នុង​ទូរទស្សន៍ និង​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​អន​ឡាញ បាន​ផ្សព្វផ្សាយ​រូបភាព​វត្ថុ ស្រដៀង​បំណែក​យន្តហោះ​អណ្ដែត​នៅក្នុង​សមុទ្រ។

៤-ជើងហោះហើរ​នេះ ប្រើ​យន្តហោះ បូ​អ៊ីង 737-500 មាន​លេខ​សម្គាល់ PK-CLC(MSN 27323) ផលិត​ឆ្នាំ1995 អាយុ​ប្រើការ ២៦ឆ្នាំ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ ស្រ៊ី​វី​ចា​យ៉ា អ៊ែរ បាន​ទិញ​បន្ត​មកពី​ក្រុមហ៊ុន​អាកាសចរណ៍​យូ​ណៃ​ថេត អ៊ែរ​ឡាញ របស់​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ2009។ ក្នុង​ថ្ងៃកើតហេតុ យន្តហោះ ១គ្រឿង​នោះ បានធ្វើ​ការហោះហើរ​រួចហើយ ៤ជើង គឺ ចា​ការ​តា-ប៉ុន​តៀណា​ក់-ចា​ការ​តា និង​ចា​ការ​តា-ប៉័ង​កាល់ពី​ណាំង-ចា​ការ​តា។

៥-ប្រតិបត្តិការ ស្វែងរក​យន្តហោះ ចាប់ផ្ដើម​តាំងពី​ក្រោយពេល​កើតហេតុ​ការណ៍ភ្លាមៗ ដោយមាន​កំពង់ផែ​ចត​នាវា JICT នៅ​ភាគ​ខាងជើង​ក្រុង​ចា​ការ​តា ជាទី​កន្លែង​ប្រមែប្រមូល​សំណាក​យន្តហោះ និង​សម្ភារផ្សេងៗ ដោយ​ការស្វែងរក​មាន ៣វិធី គឺ ការស្វែងរក​ខាង​អាកាស ការស្វែងរក​ខាង​នាវា និង​ការស្វែងរក​ខាងក្រោម​សមុទ្រ មាន​ទាំង​អង្គភាព​កងទ័ព​ជាតិ​ឥណ្ឌូនេស៊ី(TNI) អង្គភាព​ស្វែងរក និង​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី (BASARNAS) និង​អង្គភាព​ដែល​ពាក់ព័ន្ធ។

៦-ក្រុម​អ្នក​មុជទឹក​របស់​កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី បានធ្វើការ​ស្វែងរក​បំ​ណែ​ក​យន្តហោះ ក្នុង​ជម្រៅ​ទឹក ២០-៣០ម៉ែត្រ អាស្រ័យ​លើ​ចរន្តទឹក​ហូរ ដែល​ជួបនឹង​ឧបសគ្គ​ជាច្រើន​ប្រការ ជាពិសេស​ស្ថានភាព​ក្រោម​បាតសមុទ្រ​ដែលមាន​កម្រិត​កំណត់ ខណៈដែល​អ្នក​មុជទឹក​ការពារ​សុវត្ថិភាព​ខាង​សមុទ្រ​ឥណ្ឌូនេស៊ី (BAKAMLA) បានដាក់​ការសង្កេត​ថា យន្តហោះ ១គ្រឿង​នោះ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង រហូត​បំណែកផ្សេងៗខ្ទាត​ខ្ចាត់ខ្ចាយ ធ្វើឱ្យ​ពិបាក​ក្នុងការ​ស្វែងរក។

៧-ការស្វែងរក​ពេញ ១ថ្ងៃទី១០ មករា បាន​រកឃើញ​បំណែក​កង់​យន្តហោះ តួ​យន្តហោះ ដែល​បញ្ជាក់ថា ជា​អាកាសចរណ៍​ស្រ៊ី​វិចា​យ៉ា អ៊ែរ និង​ខោអាវ​ក្មេង​ពណ៌​ផ្កាឈូក ដែល​ត្រូវ​នឹង​រូបភាព​ជនរងគ្រោះ​មុន​ឡើង​យន្តហោះ និង​ខាង BASARNAS បាន​បញ្ជូន​កាបូប​ធ្វើដំណើរ​ចំនួន៨ ទៅឱ្យ​ខាង​អង្គភាព​ពិសោធន៍​អត្តសញ្ញាណ​ជនរងគ្រោះ ដើម្បី​យកទៅ​ពិនិត្យ។ ដោយ​ក្នុងនោះ មាន​កាបូប៣ មាន​ផ្ទុក​ទ្រព្យសម្បត្តិ​របស់​អ្នកដំណើរ និង ៥ទៀត ផ្ទុក​បំណែក​នៃ​សាកសព​អ្នកស្លាប់។

៨-ក្រុម DVI មន្ទីរពេទ្យ​ប៉ូលិស កា​ម៉ាត់​ចា​ឌី បានទទួល​ថង់​ផ្ទុក​សាកសព​អ្នកដំណើរ​ចំនួន ៧នាក់ ដើម្បី​នាំយកទៅ​ពិសោធ​រក​អត្តសញ្ញាណ​បុគ្គល តាមរយៈ​ទិន្នន័យ​របស់​ក្រុមគ្រួសារ​អ្នកស្លាប់ ខណៈពេល​ជាមួយគ្នា ក៏បាន​សំណូមពរ​ឱ្យ​សាច់ញាតិ​អ្នក​បាត់​ខ្លួន ប្រញាប់់​ទាក់ទង​មក ដើម្បី​ផ្ដល់​ទិន្នន័យ ខណៈដែល​ក្រុមគ្រួសារ​អ្នក​បាត់​ខ្លួន​មួយផ្នែក នៅ​រង់ចាំ​ស្ដាប់​ព័ត៌មាន​នៅឯ​អគារ​អ្នកដំណើរ​លេខ២ ក្នុង​អាកាសយានដ្ឋាន​ស៊ូ​កា​ណូ-ហាត់​តា ដែលជា​មណ្ឌល​ទំនាក់ទំនង​បណ្ដោះអាសន្ន។

៩-ការស្វែងរក​សំណាក​យន្តហោះ និង​សាកសព​អ្នកដំណើរ ត្រូវបាន​បញ្ចប់​នៅវេលា​ម៉ោង ១៧.០០នាទី នៃ​ថ្ងៃទី១០ ម្សិលមិញ ដោយសារតែ​ស្ថានភាព​ធាតុអាកាស ដែលមាន​ពពក​ក្រាស់ និង​ខ្យល់​បក់​ខ្លាំង ដោយនៅ​ថ្ងៃទី១១ នេះ នឹង​ពង្រីក​ទីតាំង​ស្វែងរក​ទៅខាង​មាត់ច្រាំង ដោយសារតែ​ចរន្តទឹក​ហូរ ទៅខាង​មាត់ច្រាំង។ នៅឯ​ប៉ែក​ម្ខាង​ទៀត គេ​បាន​រកឃើញ​ទីតាំង​ប្រអប់​កត់ត្រា​សំឡេង​ក្នុង​បន្ទប់​អ្នកបើក និង​ទិន្នន័យ​ការហោះហើរ​ហើយ។ លោក​អគ្គមេបញ្ជាការ​នៃ​កងទ័ព​ឥណ្ឌូនេស៊ី បាន​បញ្ជាក់ថា កំពុង​ព្យាយាម​ក្នុងការ​ស្រង់​ប្រអប់​ខ្មៅ​ឡើងមក។

១០-ក្នុងអំឡុង ១០ឆ្នាំ​កន្លងមកនេះ ហេតុការណ៍​យន្តហោះ​ដឹក​អ្នកដំណើរ ធ្លាប់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បានកើត​ឡើង ២លើក​រួចមកហើយ គឺ​ជើងហោះហើរ​របស់​ក្រុមហ៊ុន អ៊ែរ អេ​សៀ លេខ QZ8501 ពី​ស៊ុ​រ៉ា​បា​យ៉ា ទៅ​សិង្ហ​បុរី ធ្លាក់​នៅក្នុង​សមុទ្រ ត្រង់​ព្រែកជីក​ការី​ម៉ា​តា កាលពី​ឆ្នាំ2014 មាន​អ្នកស្លាប់ ១៦២នាក់ និង​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ឡៃ​អិន អ៊ែរ លេខ JT610 ចេញពី​ទីក្រុង​ចា​ការ​តា ទៅ​ខេត្ត​ប៉័ង​កាល់ពី​ណាំង បាន​ធ្លាក់​ក្នុង​សមុទ្រ ជិត​ទីក្រុង កា​រ៉ា​វ៉ាំ​ង ខេត្ត​ជ្វា​ខាងលិច មាន​អ្នកស្លាប់ ១៨៩នាក់។

ប្រភព៖ រៀបរៀង​ដោយ Flightrada24…com/Metro TV/Media Indinesia និង Wikipedia

បកប្រែ និង​កែសម្រួល​ដោយ បុរស​ភ្នែក៤

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.