ឥណ្ឌា​៖  នឹង​ចាប់ផ្ដើម គ្រោង​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ឱ្យ​ប្រជាជន​ចំនួន ១ ៣០០លាន​នាក់ ដោយ​នឹង​ចាប់ផ្ដើម​ក្រុម​ដំបូង នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ(ទី១៦មករា) ខណៈដែល​ភាគី​ច្រើន​ទៀត នៅតែ​កង្វល់​រឿង​សុវត្ថិភាព​របស់​វ៉ាក់សាំង និង​គ្រោង​សាង​គ្រឹះ ផ្នែក​សុខភាព​សាធារណៈ ដែល​អាច​មិន​អំណោយផល រួមទាំង​ភាពស្ទាក់ស្ទើរ​របស់​ប្រជាជន​ក្នុង​ការចូល​ទទួលយក​វ៉ាក់សាំង​ទៀតផង។

ប្រទេស​ឥណ្ឌា ដែលមាន​ចំនួន​ប្រជាជន លំដាប់​លេខ២ លើ​ពិភពលោក បានកំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​ពលរដ្ឋ ៣០០លាន​នាក់ ឬ​ស្មើនឹង​ចំនួន​ប្រជាជន​នៅក្នុង​សហរដ្ឋអាមេរិក​ទាំងអស់ ក្នុង​ខែកក្កដា។

បុគ្គលិក​ពេទ្យ និង​មន្ត្រី ដែលជា​ជួរមុខ ប្រយុទ្ធ​នឹង​កូ​វីដ-១៩ ចំនួន ៣០លាន​នាក់ នឹង​ក្លាយជា​មនុស្ស​ក្រុម​ដំបូង​គេ ដែល​បាន​នឹង​ទទួល​វ៉ាក់សាំង ១ក្នុង២ប្រភេទ ដែល​ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ការ​ក្នុង​គ្រាអាសន្ន​រួចហើយ និង​តាម​ដោយ​ពលរដ្ឋ​ដែលមាន​អាយុ​លើស ៥០ឆ្នាំ ឬ​អ្នក​ដែលមាន​ភាព​ប្រឈម​ខ្ពស់ ប្រមាណ​ជា ២៧០លាន​នាក់​ទៀត។

អាជ្ញាធរ ១៥០ ០០០នាក់ នៅក្នុង ៧០០តំបន់​ទូទាំងប្រទេស​ឥណ្ឌា បានទទួល​ការហ្វឹកហាត់​ជាពិសេស ដើម្បី​បំពេញភារកិច្ច​នេះ និង​នៅមាន​ការហាត់​សម​ដឹកជញ្ជូន​វ៉ាក់សាំង ទៅកាន់​ទីកន្លែងផ្សេងៗជាច្រើន​ដង ដើម្បី​ការពារ​បញ្ហា​ដែល​នឹង​កើតឡើង ដោយ​អាស្រ័យ​បទពិសោធ ដែល​ធ្លាប់បាន​ពី​ការរៀបចំ​ការបោះឆ្នោត និង​គ្រោង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ប៉ូ​លី​យ៉ូ និង​របេង​លើ​កុមារ មក​ធ្វើជា​មេរៀន។

តែ​យ៉ាងណាក៏ដោយ លោក សាត់​យ៉ា​ជិត រ៉ា​ត មកពី​វិទ្យាស្ថាន​ជាតិ សាង​ប្រព័ន្ធ​ការពារ​រោគ(National Institute of Immunology) បាន​ទទួលស្គាល់ថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ប៉ូ​លី​យ៉ូ ឱ្យក្មេងៗ “ជា​រឿង​ដែល​ងាយ​ជាង​ឆ្ងាយ​ណាស់” ពេល​ប្រៀបធៀប​ជាមួយ​វ៉ាក់សាំង​កូ​វីដ-១៩ ដែលជា​ការងារ​ពិបាក​មិនធម្មតា​ឡើយ ដោយសារតែ​ប្រទេស​ឥណ្ឌា ជា​ប្រទេស​ខ្នាត​ធំ ដែល​ប្រព័ន្ធ​សុខភាព​សាធារណៈ មិនបាន​ទទួល​ថវិកា​គាំទ្រ​គ្រប់គ្រាន់ ហើយ​ផ្លូវថ្នល់ ថែមទាំង​មាន​សភាព​លំបាកលំបិន​ទៀតផង។

រដ្ឋបាល​ឥណ្ឌា បានអនុម័ត​ប្រើ​វ៉ាក់សាំង Coshield របស់​ក្រុមហ៊ុន អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដែល​ផលិត​ដោយ​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា (Serum Institute ) និង​វ៉ាក់សាំង Covaxin ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ភា​រ៉ាត់ បៃ​អូ​ថេ​ក ប៉ុន្តែ​វ៉ាក់សាំង​ទាំង ២ប្រភេទ​នេះ នឹងត្រូវ​រក្សាទុក​នៅក្នុង​ទូទឹកកក​ជាប់​រហូត។

រដ្ឋបាល​ឥណ្ឌា បាន​បង្កើត​ខ្សែបណ្ដាញ​បន្ទប់​ក្លាស្សេ​ចំនួន ២៩ ០០០កន្លែង រួមទាំង​បន្ទប់​ក្លាស្សេ​បែប វ៉ក-អ៊ី​ន(Walk-in coolers) ២៤០កន្លែង, បន្ទប់​ក្លាស្សេ​កក វ៉ក-អ៊ី​ន(Walk-in Freezers) ៧០បន្ទប់, ទូទឹកកក​បែប​ប្រើ​ដុំ​ទឹកកក(Ice-lined refrigerators) ៤៥ ០០០ទូ, ទូ​ក្លាស្សេ​កក សីតុណ្ហភាព​ក្រោម​សូន្យ​ពិសេស(Deep freezers) ៤១ ០០០ទូ, និង​ទូទឹកកក​ប្រើ​ពន្លឺព្រះអាទិត្យ ៣០០ទូ​ទៀត បាន​ត្រៀម​ទុកជា​ស្រេច​ហើយ​សម្រាប់​ភារកិច្ច​នេះ។

ភាគី​ជាច្រើន បាន​សម្ដែង​ក្ដីកង្វល់​ពាក់ព័ន្ធ​នឹង​ផែនការ​របស់​រដ្ឋបាល ក្នុង​ការចាត់​ការរៀប​ចំ​កម្មវិធី​ទាំងអស់នេះ តាមរយៈ Application CoWIN ដែលមាន​អ្នកធ្វើ “Versionក្លែងក្លាយ” ចេញ​មកហើយ​ជាច្រើន។

ថ្មីៗបំផុត​នេះ ម្សិលមិញ(ទី១១មករា) នៅ​មិនទាន់មាន​ភាពច្បាស់លាស់​ថា តើ​រដ្ឋបាល​ឥណ្ឌា ជាមួយ​វិទ្យាស្ថាន​សេរ៉ូម មាន​កិច្ច​ព្រមព្រៀងគ្នា​ហើយ​ឬ​នៅ​ថា នឹង​កំណត់​តម្លៃ​វ៉ាក់សាំង ១ដូ​ស​ក្នុងតម្លៃ​ប៉ុន្មាន?។

កូ​វីដ-១៩ បាន​ប្រហារជីវិត​ប្រជាជន​ឥណ្ឌា​រួចហើយ ច្រើនជាង ១៥០ ០០០នាក់ ខណៈដែល​សេដ្ឋកិច្ច​ប្រទេស​ឥណ្ឌា​ខ្លួនឯង ក៏បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ មិន​ចាញ់​ប្រទេសណាៗលើ​ពិភពលោក​ដែរ ដោយ​ធ្វើឱ្យមាន អ្នកគ្មានការងារ​ធ្វើជា​ច្រើន​លាន​នាក់។

យ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ មានការ​បង្ហើប​ឱ្យដឹងពី​លទ្ធផល នៃ​ការធ្វើប្រជាមតិ​ប្រជាជន​ឥណ្ឌា​ចំនួន ១៨ ០០០នាក់ បាន​រកឃើញថា ៦៩% មិន​ចង់​ប្រញាប់​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ឡើយ។

មូល​ហេតុដែល​ប្រជាជន​ឥណ្ឌា ខ្វះ​ភាពជឿជាក់​ចំពោះ​វ៉ាក់សាំង គឺ​ដោយសារតែ វ៉ាក់សាំង​របស់​ក្រុមហ៊ុន ភា​រ៉ាត់ បៃ​អូ​ថេ​ក នៅ​មិនទាន់មាន​លទ្ធផល​ការសាកល្បង​ដំណាក់កាល​ទី៣ ដើម្បី​អះអាង​សុវត្ថិភាព​លើ​មនុស្ស​នៅឡើយ និង​ថែមទាំង​មាន​លេចឮ​ព័ត៌មាន​ទៀតថា វិទ្យាស្ថាន​សេរ៉ូម ដាក់​តម្លៃ​វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នី​កា ខ្ពស់​ដល់​ទៅ ១ ០០០រូពី ក្នុង ១ដូ​ស(ប្រមាណ $១៣) ដែល​អាចធ្វើឱ្យ​អ្នកមាន​ប្រាក់ចំណូល​តិចតួច មិនអាច​ទទួលបាន​វ៉ាក់សាំង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

លិ​ងក៍ https://mgronline.com/around/detail/9640000002542

 

Leave a Reply

Your email address will not be published.