បរទេស៖ ថ្មីៗនេះ អ្នកជំនាញការ​ផ្នែក​វេជ្ជសាស្ត្រ បាន​ដាស់តឿន​ថា កុំ​មាន​ក្ដីសង្ឃឹម រំពឹង​ខ្លាំងពេក លើ​លទ្ធផល​នៃ​ការធ្វើដំណើរ របស់​អ្នកជំនាញការ​អង្គការ​សុខភាព​ពិភពលោក ឬ WHO ក្នុងការ​បាន​ចូលទៅ​ពិនិត្យ​ស៊ើបអង្កេត រក​ប្រភព​កំណើត​របស់​វីរុស​កូ​វីដ-១៩ នៅ​ទីក្រុង​វូ​ហាន​របស់​ប្រទេស​ចិន ក្រោយ​រដ្ឋបាល​ក្រុង​ប៉េកាំង ចេញមក​រារាំង​កាលពីពេល​មុននេះ។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ រាយការណ៍​នៅ​ថ្ងៃទី១១ ថា លោក​វេជ្ជបណ្ឌិត Dale Fisher ប្រធាន​គណៈកម្មការ​ប​ណ្ដា​ញ​ឆ្លើយតប និង​ប្រកាសអាសន្ន​ការឆ្លង​រាលដាល​កម្រិត​ពិភពលោក(Global Outbreak Alert & Response Network) ដែល​ត្រូវបាន​ទំនាក់ទំនង​ដោយ​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​នៅ​ថ្ងៃ​ចន្ទ ទី១១មករា ថា “ខ្ញុំ​មាន​សេចក្ដីសង្ឃឹម​ក្នុង​ការតាំង​គោលដៅ​លទ្ធផល តិចតួច​បំផុត សម្រាប់​ការធ្វើដំណើរ​លើក​នេះ។

ទាំងអស់នេះ មន្ត្រី​ចិន​បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី១១ មករា ថា អ្នកជំនាញការ​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក នឹងធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ចិន នៅ​ថ្ងៃទី១៤ មករា។

គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន ដែលជា​អ្នក​ប្រកាស​ព័ត៌មាន ពី​ការធ្វើដំណើរ​ចូល​ប្រទេស​ចិន របស់​ក្រុម​អ្នកជំនាញការ​WHO មិនបាន​ថ្លែង​អំពី​សេចក្ដីលម្អិត នៃ​កាលវិភាគ​ការធ្វើដំណើរ​របស់​អ្នកជំនាញការ​ទាំងនោះ ក្នុងអំឡុងពេល​ស្ថិតនៅក្នុង​ប្រទេស​ចិន​ឡើយ។

សារព័ត៌មាន សៅ ឆាយ​ណា ម៉​រ​នី​ង ផូ​ស្ត  បាន​រាយការណ៍ កាលពីពេល​មុននេះ​ថា មន្ត្រីជាន់ខ្ពស់​ខាង​សុខភាព​សាធារណៈ​របស់​ចិន បាន​ថ្លែង​កាលពី​ថ្ងៃទី៩ ថា ប្រទេស​ចិន​មាន​ភាព​ក្លៀវក្លា បើកទូលាយ និង​គាំទ្រ​ចំពោះ​ការធ្វើដំណើរ​របស់​គណៈ​អ្នកជំនាញការ​អន្តរជាតិ​របស់​WHO ចូលមក​ប្រទេស​ចិន ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​រក​ដើមកំណើត​នៃ​មេរោគ​កូ​វីដ-១៩ នៅក្នុង​ទីក្រុង​វូ​ហាន។

លោក សេង យី​ស៊ីន (Zeng Yixin) ជំនួយការ​អគ្គនាយក​គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​ថ្លែងថា ទាំង​ប្រទេស​ចិន និង​WHO បាន​ឯកភាព​រួមគ្នា​លើ​ចំណុច​កិច្ចព្រមព្រៀង ដែល​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ តែ​រយៈ​ពេលដែល​ពិតប្រាកដ​របស់​ការធ្វើ​ដំណើរ​មកដល់ កំពុងស្ថិត​ក្នុងការ​វាយតម្លៃ​នៅឡើយ។

ទីភ្នាក់ងារ​ព័ត៌មាន​AP បាន​រាយការណ៍​ថា សេចក្ដីថ្លែងការណ៍ ១បន្ទាត់ ដែល​ចេញ​ដោយ​គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​ថ្លែង​ត្រឹមតែ​ពាក្យ​ថា ខាង​ក្រុម​អ្នកជំនាញការ WHO នឹង​ចូលជួប​មន្ត្រី​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍(ទី១៤មករា) ដោយ​មិនមាន​ការបញ្ជាក់​ចូលទៅក្នុង​សេចក្ដីលម្អិត​ឡើយ។

ហើយ​មកដល់ពេលនេះ នៅ​មិនទាន់​ប្រាកដ​ច្បាស់​ថា តើ​ខាង​ក្រុម​អ្នកជំនាញការ​អន្តរជាតិ នឹង​អាចធ្វើ​ដំណើរ​ចូលទៅ​ដល់ទី​ក្រុង​វូ​ហាន ដែលជា​ទីកន្លែង​ប្រភព​កំណើត​នៃ​មេរោគ​កូ​វីដ-១៩ ឆ្លង​រាលដាល​ជា​លើកដំបូង កាលពី​ចុងឆ្នាំ២០១៩នោះ បាន​ឬ​យ៉ាងណា​នៅឡើយ​ទេ។

កាលពី​សប្ដាហ៍​កន្លងទៅ ប្រធាន​អង្គការ​សុខភាព​ពិភពលោក ឬ​WHO  លោក តេ​ដ្រូ​ស អាត់​ហា​ណូ​ម គេ​ប្រ៊េ​យេ​ស៊ុ​ស បាន​ចេញមក​សម្ដែង​ក្ដី​ខកចិត្ត យ៉ាងខ្លាំង​ក្លា ដែល​ប្រទេស​ចិន មិន​អនុញ្ញាតឱ្យ​ខាង​សុខភាព​ពិភពលោក​ធ្វើដំណើរ​ចូលទៅ និង​មានការ​ពន្យារពេល​ថែមទៀត។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែងថា រដ្ឋបាល​ក្រុង​ប៉េកាំង អនុញ្ញាត​ក្នុងការ​មក​ទស្សនកិច្ច បន្ទាប់ពី​កិច្ច​ពិភាក្សាគ្នា​ទាំង ២ភាគី ព្រមទាំង​ថ្លែង​ពី​ការដែល​ក្រុង​ប៉េកាំង​យល់ព្រម​បើកទូលាយ​ឱ្យ WHO ចូល ក្នុង​គ្រានេះ​ថា “អាច​និយាយបានថា ជា​ឱកាស​ក្នុងការ​ចែករំលែក​ទស្ស​នៈ រវាង​អ្នកវិទ្យាសាស្ត្រ​ចិន និង​ក្រុម​អ្នកជំនាញការ​ពេទ្យ លើ​ផ្នែក​កិច្ចសហការ​ខាង​វិទ្យាសាស្ត្រ​នៃ​ការស៊ើបអង្កេត រក​ប្រភព​កំណើត​របស់​មេរោគ​កូ​វីដ-១៩។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រកឃើញថា រដ្ឋបាល​ចិន បានឱ្យ​ប្រាក់​ចំនួន​ច្រើន​សែន​ដុល្លារ ទៅ​អ្នកវិទ្យាសាស្ត្រ​ចិន ក្នុងការ​ស្រាវជ្រាវ​ដើមកំណើត​វីរុស​កូ​រ៉ូ​ណា នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ចិន ប៉ុន្តែ រដ្ឋបាល​ចិន​ដដែល បានធ្វើការ​ម៉ូនីទ័រ លទ្ធផល​ការស្រាវជ្រាវ​ទាំងនោះ រួមទាំង​ត្រូវមាន​ការសុំ​អនុញ្ញាត​ពី​អង្គភាព ដែល​ត្រូវបាន​តែងតាំងឡើង​ដោយ​គណៈរដ្ឋមន្ត្រី នៃ​រដ្ឋបាល​ក្រុង​ប៉េកាំង ក្រោម​បញ្ជា​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ភីង មុននឹង​នាំយក​ទិន្នន័យ​ទាំងនោះ​ទៅ​បោះពុម្ពផ្សាយ​ទៀតផង។

កន្លងមក ទាំង​សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី បាន​ចេញមក​អំពាវនាវ​ឱ្យ​អន្តរជាតិ ធ្វើការ​ស៊ើបអង្កេត​ពី​ប្រភព​កំណើត​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ-១៩ ដែល​រឿងនេះ បាន​សាង​ក្ដី​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង​ដល់​រដ្ឋបាល​ក្រុង​ប៉េកាំង ដោយ​សហរដ្ឋអាមេរិក បានដាក់​សម្ពាធ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក ធ្វើការ​ស៊ើបអង្កេត​ប្រភព​កំណើត​ជំងឺ​មួយ​នេះ​យ៉ាង​បើកចំហ និង​បាន​រិះគន់​ដល់​ការព្រម​បន្ទន់ឥរិយាបថ​របស់​WHO ដែល​បើកឱកាស​ឱ្យ​ខាង​អ្នកវិទ្យាសាស្ត្រ​ចិន អាចធ្វើ​ការស៊ើបអង្កេត​រយៈ​បឋម បាន​មុន។

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.