សហរដ្ឋអាមេរិក៖ លោកស្រី មេ​ឡា​នៀ ត្រាំ ស្ត្រី​ទី១ របស់​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍​កាន់ទុក្ខ ចំពោះ​ប៉ូលិស និង​បាតុករ ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បាតុកម្ម​នៅ​អគារ​រដ្ឋសភា កាលពី​ថ្ងៃទី៦ មករា ព្រមទាំង​ត្អូញត្អែរថា ខ្លួនឯង ក៏​ធ្លាក់ខ្លួន ក្លាយជា​ជនរងគ្រោះ​នៃ​ការរិះគន់​ដែរ តែ បែរជា​មិន​បន្ទោ​សលោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្វាមី​របស់លោក​ស្រី​ថា ជាដើម​ហេតុ​នៃ “ការបង្ករ​ភេរវកម្ម​ក្នុងប្រទេស” លើក​នេះឡើយ។

ពាក្យ​ថ្លែង របស់លោក​ស្រី មេ​ឡា​នៀ ដែល​បាន​ផ្សព្វផ្សាយ​តាម​វេ​ប​សាយ​របស់​មន្ទីរ​សេត​វិមាន WhiteHouse.gov កាលពី​ថ្ងៃ​ចន្ទ ទី១១ មករា បាន​បញ្ជាក់ថា លោកស្រី​សូម​សម្ដែង​សេចក្ដីសោកស្ដាយ ជូន​ចំពោះ​អ្នកគាំទ្រ​លោក​ត្រាំ ទាំង ៤នាក់ ដែល​បាន​ស្លាប់​ក្នុងអំឡុង​ហេតុការណ៍​ចលាចល​នៅ​វិមាន​រដ្ឋសភា “ដឹ ឃែ​ភី​ថ​ល ហ៊ីល​ល៍” មុននឹង​និយាយ​ពី​ប៉ូលិស​រដ្ឋសភា ២នាក់​ទៀត ដែល​បាន​ស្លាប់​ក្នុងខណៈ​ប្រតិបត្តិ​ភារកិច្ច។

លោកស្រី​ត្រាំ ដែលជា​ជនជាតិ​អាមេរិក ខ្សែស្រឡាយ​ស្លូ​វេ​នៀ បាន​ថ្លែងថា “នាង​ខ្ញុំ​មានការ​រឭក​នឹក​ដល់ ស្ត្រី​អតីត​នាយទាហាន​ទ័ពអាកាស អ៊ែ​ស្ល៊ី(ប៊ែ​ប​ប៊ីត​ត៍), បេន​ចា​មីន(ហ្វ៊ីល​លី​បស៍), ខេ​វីន គ្រី​សុន, (រ៉ូ​សៀន​ន៍) ប៊​យ​លែ​ន​ដ៍ និង​ប៉ូលិស​រដ្ឋសភា លោក ប្រៃ​អាន់ ស៊ិ​កនិក និង​លោក ហូ​វើត លី​បេន​ហ្គូ​ដ នាង​ខ្ញុំ​សូម​បន់ស្រន់​ឱ្យ​ក្រុមគ្រួសារ​របស់​ពួកគេ បានទទួល​សេចក្ដីសុខ​សប្បាយ និង​រឹងប៉ឹង ក្នុងពេល​វេលា​ដ៏​សែន​លំបាកលំបិន​បែបនេះ”

លោកស្រី មេ​ឡា​នៀ ត្រាំ នៅបាន​និយាយ​អំពី “ពាក្យសម្ដី​ខ្សិ​ប​ខ្សៀវ រិះគន់​ដ៏​អាក្រក់​ស្ដាប់ និង​ការវាយប្រហារ​តួ​បុគ្គល​យ៉ាង​គ្មាន​ហេតុផល” ដែល​ប្រហែលជា​ចង់​និយាយ​សំដៅ របាយការណ៍​របស់ CNN ដែល​បាន​រាយការណ៍​ថា លោកស្រី​គិតតែ​ពី​ថតរូប “កម្រាលព្រំ” និង​របស់របរ​ប្រើប្រាស់ផ្សេងៗ នៅក្នុង​មន្ទីរ​សេត​វិមាន​យ៉ាង​សប្បាយចិត្ត ដើម្បី​ត្រៀម​ចេញ​ទស្សនា​វ​ដ្តី​ថ្មី ក្នុងអំឡុង​ពេលដែល​អ្ន​ក​គាំទ្រ​ស្វាមី ចូលទៅ​បង្ក​ការ​ចលាចល​ក្នុង​អគារ​រដ្ឋសភា។

“នាង​ខ្ញុំ​គិតថា វា​ជា​រឿង​គួរឱ្យ​ខ្មាសអៀន​ខ្លាំងណាស់ ដែលមាន​ពាក្យ​ខ្សិ​ប​ខ្សៀវ រិះគន់​ដ៏​សែន​អាក្រក់​ស្ដាប់ ការវាយប្រហារ​តួ​បុគ្គល យ៉ាង​គ្មាន​ហេតុផល និង​ការចោទប្រកាន់ ដែល​មិនមែនជា​ការពិត កណ្ដាល​ហេតុការណ៍​ដ៏​គួរឱ្យ​សោកសៅ​បែបនេះ…នេះ គឺជា​ពេលវេលា​សម្រាប់​ការព្យាបាល​ប្រទេសជាតិ និង​ប្រជាជន​របស់​យើង និង​មិនគួរ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រក​ប្រយោជន៍​ដាក់ខ្លួន​សោះឡើយ”

ភរិយា​របស់​មេដឹកនាំ​សហរដ្ឋអាមេរិក បានបញ្ជាក់​បន្តទៀតថា “សូមកុំ​យល់ច្រឡំ​ថា នាង​ខ្ញុំ​ថ្កោលទោស​អំពើហិង្សា ដែល​កើតឡើង​ចំពោះ​អគារ​រដ្ឋសភា​របស់​យើង ព្រោះ​អំពើហិង្សា គឺជា​អ្វី ដែល​មិនអាច​ទទួលយក​បានជា​និរន្តរ៍”

តែ​យ៉ាងណាក៏ដោយ លោកស្រី​មេ​ឡា​នៀ នៅតែ​ចៀសវាង​ក្នុងការ​ទម្លាក់​ការទទួលខុសត្រូវផ្សេងៗ ទៅឱ្យ​លោក​ប្រធានាធិបតី​ត្រាំ ដោយ​អះអាងថា ហេតុការណ៍​ដែល​កើតឡើង​នោះ​បណ្ដាលមកពី “ភាព​ងប់​ង​ល់(Passion) និង​ភាព​រំភើប​ស្ងើចសរសើរ(Enthusiasm)”

“នាង​ខ្ញុំ បានទទួល​កម្លាំង​ជំរុញ​ចិត្ត ដែល​បានឃើញ​មនុស្សម្នា​ចំនួន​ដ៏​ច្រើន​មាន​ភាព​ងប់​ង​ល់ និង​ភាព​រំភើប​ស្ងើចសរសើរ ក្នុងការ​មាន​ចំណែក​រួមជាមួយ​ការបោះឆ្នោត តែ យើង​ត្រូវតែ​មិន​បណ្ដោយឱ្យ​ភាព​ងប់​ង​ល់​នោះ ក្លាយជា​អំពើហិង្សា​បានទេ”

ខណៈដែល​រូបភាព​ហេតុការណ៍​ក្រុមបាតុករ​វាយ​សម្រុកចូល​អគារ​រ​ដ្ឋ​សភា ត្រូវបាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មានផ្សេងៗនោះ លោកស្រី​មេ​ឡា​នៀ ត្រាំ​ជាមួយ​ប្រធាន​ក្រុមមន្ត្រី​ផ្នែក​ពិធីការ ប្រចាំ​មន្ទីរ​សេត​វិមាន លោក ធី​ម៉ូ​ថេ ហា​លេ​ធ នៅតែ​ប្រកាន់ខ្ជាប់​ក្នុង​ការថតរូប​គ្រឿងសង្ហារិមផ្សេងៗ រហូត​ទាល់តែ​រួចស្រេច និង​ទោះជា​សារព័ត៌មាន រួមទាំង​អាជ្ញាធរ​មន្ទីរ​សេត​វិមាន​មួយចំនួន បាន​សួរ​លោកស្រី​ត្រាំ ថា​តើ​លោកស្រី មាន​ផែនការ​ធ្វី​ត​ធើរ​សំណេរ​ទាមទារ​ភាពស្ងប់ស្ងាត់​ខ្លះ​ដែរឬទេ? តែ​លោកស្រី​បែរជា​បដិសេធ។

ប្រភពព័ត៌មាន​នៅក្នុង​មន្ទីរ​សេត​វិមាន​ម្នាក់ បាន​បញ្ជាក់ថា លោកស្រី​មេ​ឡា​នៀ គ្មាន​ឥរិយាបថ​ចាប់អារម្មណ៍ និង​រវីរវល់​ជាមួយ​ហេតុការណ៍​នៅក្នុង​ប្រទេស​តទៅទៀត​ឡើយ ព្រោះ​មាន​អារម្មណ៍​ថា “អស់​តួនាទី។

“លោកស្រី លែងមាន​ចិត្ត​ចង់​ពាក់ព័ន្ធ​អ្វី​ទៀតហើយ”

ក្នុងអំឡុងពេល​ល្ងាច នៃ​ថ្ងៃទី៦ មករា លោកស្រី ស្តេ​ហ្វា​នី គ្រិស​ហ៊ែ​ម ដែល​ទាំង​ជាទី​ប្រឹក្សា​ជិតស្និទ្ធ, អ្នក​ព្រាង​សេចក្ដីថ្លែងការណ៍ និង​ជា​អ្នកនាំពាក្យ​ផ្ទាល់ខ្លួន​របស់លោក​ស្រី​មេ​ឡា​នៀ ត្រាំ និង​លោកស្រី អ៊ែន​ណា គ្រិ​ស្ទី​ណា ដែលជា​លេខាធិការ​ផ្នែក​សង្គម របស់​មន្ទីរ​សេត​វិមាន បានដាក់​លិខិត​លាឈប់​ពី​ការងារ ដែលមាន​សុពលភាពភ្លាមៗតែម្ដង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន CNN

បកប្រែ និង​កែសម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.