សហរដ្ឋអាមេរិក៖ លោក​ចូ បៃ​ដិ​ន បាន​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ដូ​ស​ទី២ កាលពី​ថ្ងៃ​ចន្ទ (ទី១១មករា) បញ្ចប់​កម្មវិធី​សាង​ប្រព័ន្ធ​ប្រឆាំង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ព្រមទាំង​ប្រើ​ឱកាស​នោះ រិះគន់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា មិនគួរ​ស្ថិតក្នុង​តំណែង​តទៅទៀត​ទេ ក្រោយ​ញុះញង់​ពន្យុះ​ឱ្យ​កើតហេតុ​ចលាចល​នៅ​វិមាន​រដ្ឋសភា កាលពី​សប្ដាហ៍​កន្លងទៅ។

អនាគត​ប្រធានាធិបតី​ថ្មី នៃ​សហរដ្ឋអាមេរិក បាន​ចូល​ទទួល​វ៉ាក់សាំង ដូ​ស​ទី២ របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ នៅ​ចំពោះ​មុខកា​មេ​រា់ ក្នុងអំឡុងពេល​ផ្សាយ​បន្ត​ផ្ទាល់​កាលពី​ថ្ងៃ​ចន្ទ ទី១១មករា ដោយមាន​លោក រិ​ក ខាំ​មីង ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ​គ្រី​ស្ទៀ​ណា ក្នុង​ទីក្រុង​វី​ល​មីង​តុ​ន រដ្ឋ​ដេ​ឡា​វែ​រ ជា​អ្នក​ចាក់​ជូន។

លោក​បៃ​ដិ​ន បាន​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង កាលពី​ថ្ងៃទី២១ ធ្នូ ដែលមាន​ការផ្សាយ​បន្ត​ផ្ទាល់​ខាង​ស្ថានីយទូរទស្សន៍​ដូចគ្នា ដើម្បី​បង្កើន​ភាពជឿជាក់​ដល់​ប្រជាជន​ចំពោះ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ និង​ម៉ូ​ឌើ​ណា ចាំបាច់​ត្រូវ​ប្រើ​បរិមាណ​ចំនួន ២ដូ​ស ដើម្បី​ផ្ដល់​ការការពារ ដែល​ស័ក្តិ​សមពី​ការឆ្លង​មេរោគ​កូ​វីដ-១៩។

វ៉ាក់សាំង​ទាំង ២ម្ជុល​នេះ អាច​ការពារ​បុគ្គល​ម្នាក់ ពី​ការឆ្លង​មេរោគ​កូ​វីដ-១៩បាន តែ​មិនអាច​ការពារ​ពួកគេ​បានឡើយ បើសិនជា​ចាប់ផ្ដើម​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​រួចទៅហើយ ដូចគ្នា​នឹង​ភាព​អាចទៅរួច ក្នុងការ​ចម្លង​ទៅកាន់​អ្នក​ដទៃទៀត​បានដែរ ដោយ​ខាង​ទីភ្នាក់ងារ​អាហារ និង​ថ្នាំ នៃ​សហរដ្ឋអាមេរិក បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង ឆ្ងាយ​ពី​ដូ​ស​ទី២ រយៈពេល ២៨ថ្ងៃ។

មន្ត្រី​សុខភាព​សាធារណៈ បាន​ណែនាំ​ថា សូម្បីតែ​បុគ្គល​ដែល​ចូល​ទទួល​វ៉ាក់សាំង​កូ​វីដ-១៩ហើយក៏​ដោយ ក៏​នៅតែ​ចាំបាច់ ត្រូវ​រក្សា​គម្លាត​ពីគ្នា​ខាង​សង្គម​ជា​បន្ត និង​ពាក់​ម៉ាស់​អនាម័យ​ការពារ ដើម្បី​ចៀសវាង​ការ​ក្លាយជា​ភ្នាក់ងារ​ចម្លង​សាយភាយ​មេរោគ​វីរុស។

ក្នុងអំឡុងពេល​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី២ នៅក្នុង​ទីក្រុង​វី​ល​មីង​តុ​ន រដ្ឋ​ដេ​ឡា​វែ​រ លោក​បៃ​ដិ​ន បានផ្ដល់​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន អំពី​ប្រធានបទ​នយោបាយ ដោយ​លោក​បាន​បញ្ជាក់ថា លោក​ត្រាំ មិនគួរ​ស្ថិតនៅក្នុង​តំណែង​តទៅទៀត​ទេ ក្រោយ​ពន្យុះ​ញុះញង់​ឱ្យ​កើតហេតុ​ចលាចល​នៅឯ​វិមាន​រដ្ឋសភា កាលពី​សប្ដាហ៍​កន្លងទៅ តែ​លោក​បាន​ប្រាប់ថា លោក​ផ្ដល់​ភាព​សំខាន់​មុនគេ ទៅលើ​ការជំរុញ​សេដ្ឋកិច្ច មិនមែន​រឿង​ការដក​ប្រធានាធិបតី​បច្ចុប្បន្ន​ចេញពី​តំណែង​នោះទេ។

លោក​ថ្លែងថា “ខ្ញុំ​គិតថា លោក​ប្រធានាធិបតី​ត្រាំ មិនគួរ​ស្ថិតនៅក្នុង​តំណែង​ទៀត​ទេ”

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Independent Net / Bloomberg

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.