តៃវ៉ាន់៖ ទីភ្នាក់ងារ​ព័ត៌មាន ឆាយ​ណា ថា​ម​ស៍ បាន​រាយការណ៍​នៅ​ថ្ងៃទី១២ មករា​ថា ធាតុអាកាស​រងា ២ថ្ងៃ​កន្លងមកនេះ បានសម្លាប់​ជីវិត​ប្រជាជន​តៃវ៉ាន់ ជាង ១០០នាក់ និង​បានប្រកាស​ឱ្យ​ប្រយ័ត្ន​ក្នុង ២អំឡុងពេល ដែល​ច្រើនតែ​កើត​អាការ​គាំងបេះដូង​ទាន់ហន់។

របាយការណ៍​ព័ត៌មាន បានឱ្យដឹងថា ក្នុងអំឡុងពេល ២ថ្ងៃ​កន្លងមក ទូទាំង​កោះ​តៃវ៉ាន់ មាន​ធាតុអាកាស​ត្រជាក់​រងា​ខ្លាំង ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែលមាន​រាងកាយ​ទន់ខ្សោយ ឬ​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា​អ្នកជំងឺ​បេះដូង ទឹកនោមផ្អែម ខ្លាញ់​នៅក្នុង​សរសៃឈាម​ខ្ពស់ និង​លើសឈាម ព្រមទាំង​មាន​របាយការណ៍​ពី​ការស្លាប់ ដោយ​ជំងឺ​គាំងបេះដូង​ទាន់ហន់ កើនឡើង​ខ្ពស់ជាង ១០០នាក់​ទៀតផង។

អង្គភាព​សុខភាព​ប្រជាជន នៃ​ក្រសួងសុខាភិបាល និង​សុវត្ថិភាព នៃ​សាធារណរដ្ឋ​ចិន(តៃវ៉ាន់) បាន​ថ្លែងថា ធាតុអាកាស​រងា​ត្រជាក់​ខ្លាំង​បែបនេះ នឹង​កៀបសង្កត់​បេះដូង​ខ្លាំង​ឡើង ធ្វើឱ្យ​សរសៃឈាម​ក្រហម​ចង្អៀត លំហូរ​វិល​របស់​ឈាម មិនល្អ បរិមាណ​អុក​ស៊ី​ហ្ស៊ែ​ន​នៅក្នុង​បេះដូង អាច​ថយចុះ ធ្វើឱ្យ​បេះដូង​ត្រូវ​ធ្វើការ​កាន់តែខ្លាំង​ឡើង ដើម្បី​បឺត​បាញ់​អុក​ស៊ី​ហ្ស៊ែ​ន និង​ឈាម ទើប​ច្រើនតែ​កើត​អាការ​គាំងបេះដូង​ទាន់ហន់ ងាយ​ជាង​ពេល​ធម្មតា។ ក្រៅពីនេះ រដូវរងា នៅ​ធ្វើឱ្យ​រាងកាយ​មិនបាន​បញ្ចេញ​ញើស ឬ​ចេញ​ញើស​តិចជាង​ប្រក្រតី ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អាចធ្វើឱ្យ​កើត​អាការ​បែក​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​សរសៃឈាម​ខួរក្បាល​ត្បៀត​ណែន។

តាមរយៈ​ស្ថិតិ បាន​រកឃើញថា អំឡុង​ពេលដែល​ច្រើនតែ​កើត​អាការ​គាំងបេះដូង​ទាន់ហន់ និង​បែក​សរសៃឈាម​ខួរក្បាល មាន ២អំឡុងពេល គឺ​ចន្លោះ​ពី​ម៉ោង ៥ព្រលឹម ដល់​ម៉ោង ៩ព្រឹក និង​ម៉ោង ៨យប់ ដល់​ម៉ោង ៩យប់ ដូច្នេះ ក្នុងអំឡុងពេល​ធាតុអាកាស​ត្រជាក់​ខ្លាំង គួរ​ចៀសវាង​ការ​ចេញទៅ​ហាត់ប្រាណ​នៅ​ទីវាល។

ក្រៅពីនេះ ត្រូវ​ស្លៀក​សម្លៀកបំពាក់​ណា ដែល​ផ្ដល់​ភាពកក់ក្ដៅ ពាក់​ស្រោមដៃ និង​ស្រោមជើង ធ្វើឱ្យ​សីតុណ្ហភាព​ក្នុងផ្ទះ​កក់ក្ដៅ​ឡើង ចៀសវាង​ចេញទៅ​ហាត់ប្រាណ ឬ​បញ្ចេញ​កម្លាំង​សម្រក​ទម្ងន់​ខ្លាំង​ជ្រុល​ពេក ក្នុង​សភាព​ធាតុអាកាស​ត្រជាក់​ខ្លាំង ព្រោះ​អាចធ្វើឱ្យ​កើត​បញ្ហា​ពាក់ព័ន្ធ​នឹង​បេះដូង​បាន និង​ឧស្សាហ៍​ពិនិត្យ​សម្ពាធ​ឈាម​ជាប្រចាំ។ បើ​មាន​អារម្មណ៍​ថា ចុក​ដើមទ្រូង ក្អួតចង្អោ វិលមុខ ឬ​មាន​ញើស​ចេញ​ច្រើន​ខ្លាំងពេក ចូរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ស៊ី​តា

លិ​ងក៍ https://mgronline.com/china/detail/9640000002958

 

Leave a Reply

Your email address will not be published.