ប្រទេស​ម៉ាឡេស៊ី៖  បានប្រកាស​ស្ថានការណ៍​គ្រាអាសន្ន ទូទាំងប្រទេស កាលពី​ថ្ងៃ​ម្សិលមិញ(ទី១២មករា) ដើម្បី​ប្រយុទ្ធ​តស៊ូ​នឹង​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ក្រោយ​ចំនួន​អ្នក​ឆ្លង​មេរោគ និង​ស្លាប់ មាន​សញ្ញា កើនឡើង​យ៉ាង​គួរឱ្យ​ព្រួយបារម្ភ និង​មាន​ភាព​ប្រឈម ដែល​ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​ប្រទេស អាច​នឹង​ទប់ទល់​លែងរួច។

សេចក្ដីថ្លែងការណ៍​ពី​ការិយាល័យ​ព្រះបរមរាជវាំង​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ម្សិលមិញ(ទី១២មករា) បាន​បញ្ជាក់ថា សម្ដេចព្រះ​រាជាធិបតី ស៊ុ​លតា​ន អាប់​ឌុល​ឡោះ​ហ៍ រី​អា​យ៉ា​ទុ​ត​ឌី​ន អាល់-មូ​ស្តា​ហ្វា ប៊ី​ល​ឡា​ហ៍ ឆា​ហ៍ បាន​ព្រះរាជទាន​ព្រះ​បរម​រាជានុញ្ញាត ឱ្យ​រដ្ឋាភិបាល ប្រកាស​បទបញ្ជា​ដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​គ្រាអាសន្ន រហូតដល់​ថ្ងៃទី១ សីហា ឬ​លឿន​ជាង​នោះ រហូត​ទាល់តែ​ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ នៅក្នុង​ប្រទេស វិលត្រឡប់​មករ​កស​ភាវ​គ្រប់គ្រង​បាន​ឡើងវិញ។

“សម្ដេចព្រះ​រាជាធិបតី ស៊ុ​លតា​ន អាប់​ឌុល​ឡោះ​ហ៍ ទ្រង់​ព្រះតម្រិះ​ឃើញថា ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ ក្នុងប្រទេស​ចូលដល់​ដំណាក់កាល​វិបត្តិ និង​មាន​ភាពចាំបាច់ ត្រូវ​ប្រកាស​ស្ថានការណ៍​គ្រាអាសន្ន” លោក អា​ម៉ា​ដ ហ្វា​ឌី​ន សាំ​ស៊ុត​ឌី​ន លេខាធិការ​ព្រះរាជវាំង​ម៉ាឡេស៊ី បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍។

ការប្រកាស​ស្ថានការណ៍​គ្រាអាសន្ន នៅបាន​បើកផ្លូវ​ឱ្យមាន​ការបញ្ជា​ផ្អាក​ការប្រជុំ​រដ្ឋសភា និង​កិច្ចការងារ​ខាង​នយោបាយ​ទាំងអស់ ក្នុងអំឡុង​ពេលដែលរ​ដ្ឋ​បាល​អាយុ ១០ខែ របស់លោក​នាយករដ្ឋមន្ត្រី មូ​យី​ត​ឌី​ន យ៉ា​ស់​ស៊ីន កំពុងតែ​ទ្រេតទ្រោត​ពេញទំហឹង​នេះ​ទៀតផង។

កាលពីពេល​មុននេះ សម្ដេចព្រះ​រាជាធិបតី ទ្រង់​ធ្លាប់​បដិសេធ​សំណូមពរ​សុំ​ប្រកាស​ស្ថានការណ៍​គ្រាអាសន្ន​របស់លោក​មូ​យី​ត​ឌី​ន កាលពី​ខែតុលា​ម្ដង​រួចមកហើយ ក្រោយ​មានការ​រិះគន់​ពី​មេដឹកនាំ​បក្សប្រឆាំង​ថា រដ្ឋបាល គិត​ចង់​ប្រើប្រាស់​វិធី​នេះ ដើម្បី​ពន្យារ​អំណាច​គ្រប់គ្រង។

ប្រកាស​ស្ថានការណ៍​គ្រាអាសន្ន​នេះ កើតឡើង​ត្រឹមតែ ១ថ្ងៃ ក្រោយពី​មេដឹកនាំ​ម៉ាឡេស៊ី បានចេញ​បទបញ្ជា​បិទ​ទីក្រុង​កួ​ឡា​ឡាំ​ពួ និង​រដ្ឋ ៥ទៀត រយៈពេល ២សប្ដាហ៍ ដែល​គ្របដណ្ដប់​លើ​ប្រជាជន​ប្រមាណ ២០លាន​នាក់ ដោយ​នឹង​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ពុធ ទី១៣ មករា ព្រមទាំង​ប្រកាស​ដាស់តឿន​ថា ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស “ជិត​ទ្រាំទ្រ​បន្ទុក​លែងរួច​ហើយ។

ការធ្វើដំណើរ​ឆ្លងកាត់​រដ្ឋផ្សេងៗ នឹងត្រូវ​ហាមឃាត់​ក្រោម​វិធាន​ការបិទ​ទីក្រុង និង​សមាជិក​ក្នុង​ក្រុមគ្រួសារ​តែមួយ នឹង​អាច​ចេញពីផ្ទះ​ទៅ​បំពេញ​ធុរៈផ្សេងៗ ដូចជា ទិញ​ម្ហូបអាហារ និង​របស់របរ​ប្រើប្រាស់ បាន​ក្នុង ១ដង មិន​លើស ២នាក់​ប៉ុណ្ណោះ ចំណែក​ធុរកិច្ច​ដែលមាន​ភាព​សំខាន់បំផុត ដូចជា​ហាង​ស៊ូ​ភើ​ម៉ា​ឃេ​ត និង​ស្ថាប័នហិរញ្ញវត្ថុ អាច​នៅ​បើក​ដំណើរការបាន។

ប្រទេស​ម៉ាឡេស៊ី មាន​ស្ថិតិ​អ្នក​ឆ្លង​ជំងឺ​ប្រចាំថ្ងៃ​ខ្ពស់បំផុត លើស ៣ ០០០នាក់ ជា​លើកដំបូង កាលពី​សប្ដាហ៍​មុន ខណៈដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប កើនឡើង​ដល់​ជាង ១៣៨,០០០នាក់ និង​មាន​អ្នកស្លាប់​រួចហើយ ៥៥៥នាក់​គិត​ត្រឹម​ថ្ងៃទី១១ មករា។

ទោះជា​ការបោះឆ្នោត​ក្នុង​តំបន់ នៅ​រដ្ឋ​សា​បា​ហ៍ កាលពី​ឆ្នាំទៅ ត្រូវបាន​ភ្ជាប់​ថា​ជា​មូលហេតុ​ធ្វើឱ្យ​មេរោគ​វីរុស វិល​មក​ឆ្លង​រាលដាល​ឡើងវិញ និង​ឆ្លង​រាតត្បាត​ទូទាំងប្រទេស​ម៉ាឡេស៊ី​ក៏ដោយ តែ​អ្នកវិភាគ​ជាច្រើន​នាក់ កង្វល់​ថា លោក​មូ​យី​ត​ឌី​ន អាចមាន​ចេតនា​ប្រើប្រាស់​ស្ថានការណ៍​គ្រាអាសន្ន ដើម្បី​ពន្យារ​អំណាច​ឱ្យ​រដ្ឋបាល​របស់ខ្លួន និង​រារាំង​សេរីភាព​របស់​ពលរដ្ឋ។

“ការប្រកាស​ស្ថានការណ៍​គ្រាអាសន្ន មើលទៅ​ដូចជា វា​ជាការ​ព្យាយាម​ថ្មី ១ទៀត របស់លោក​មូ​យី​ត​ឌី​ន​ក្នុង​ការពន្យារ​អំណាច ទប់ស្កាត់​មិនឱ្យ​មានការ​បោះឆ្នោត និង​រារាំង​ការត្រួតពិនិត្យ​របស់រ​ដ្ឋ​សភា ខ្លាំង​ជាង​ការកែ​បញ្ហា​ជំងឺ​រាតត្បាត” លោក​ចូ​សេ​ហ្វ បេ​នេ​ឌិ​កត៍ មកពី​ក្រុម Civicus ដែលជា​ខ្សែបណ្ដាញ​អង្គការ និង​សកម្មជន​ផ្នែក​ប្រជា​សហគមន៍​កម្រិត​អន្តរជាតិ​បាន​ថ្លែង​បែបនេះ និង​បាន​បញ្ជាក់ថា “នេះ​គឺជា​ថ្ងៃ​នៃ​ភាព​ងងឹត​សូន្យសុង​រប​ស់​របប​ប្រជាធិបតេយ្យ”

លោកស្រី ម៉ា​រី​ណា ម៉ា​ហា​ធៀ សកម្មជន និង​ជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី ម៉ា​ហា​ធៀ ម៉ូ​ហា​ម៉ាត់ បាន​ធ្វី​ត​ធើរ​សំណេរ​មួយ​ថា ការប្រកាស​ស្ថានការណ៍​គ្រាអាសន្ន​គឺ “ការប្រកាស​នៃ​ភាពបរាជ័យ”

លោកស្រី​ថ្លែងថា “គឺ បរាជ័យ​លើ​ផ្នែក​ការចាត់ការ​ជំងឺ​រាតត្បាត​ធំ, ការបរាជ័យ​ផ្នែក​ការគ្រប់គ្រង និង​បរាជ័យ​ក្នុង​ផ្នែក​មើលថែទាំ​ប្រជាជន”៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​AFP, រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.