ជប៉ុន៖  សារព័ត៌មាន​ក្នុងប្រទេស​ជប៉ុន បានឱ្យដឹងថា រដ្ឋបាល​ត្រៀម​ប្រកាស​ស្ថានការណ៍​គ្រាអាសន្ន​បន្ថែម នៅក្នុង​ខេត្ត៣ ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ខណៈដែល​ប្រទេស​អង់គ្លេស កំពុង​ព​ន្លឿ​ន​គ្រោង​ការចាក់​វ៉ាក់សាំង ក្រោម​ស្ថានភាព​ចំនួន​អ្នកស្លាប់ ដែល​កំពុង​ហក់​ឡើង​បំបែក​ឯកទគ្គកម្ម និង​មាន​សញ្ញា​ថា មន្ទីរពេទ្យ​មួយចំនួន កំពុង​ជិត​ខ្វះ​អុក​ស៊ី​ហ្ស៊ែ​ន ចំណែក WHO បាន​ចេញមក​ដាស់តឿន​ថា គ្រោង​ការចាក់​វ៉ាក់សាំង​របស់​ប្រទេសផ្សេងៗទូទាំង​ពិភពលោក នៅ​មិនទាន់​អាចធ្វើឱ្យ​កើត​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​បែប​សហគមន៍ ក្នុង​កម្រិត​ដែល​អាច​បញ្ឈប់​កូ​វីដ-១៩បានទេ នៅក្នុង​ឆ្នាំនេះ។

ទីភ្នាក់ងារ​ព័ត៌មាន​កៀវ​ដូ របស់​ជប៉ុន បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ(ទី១២មករា)ថា លោកនាយក​រដ្ឋមន្ត្រី យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ងៈ បាន​ជូនដំណឹង​នៅក្នុង​កិច្ចប្រជុំ​អ្នកគ្រប់គ្រង​បក្ស​រដ្ឋបាល​ថា លោក​នឹង​ប្រកាស​ស្ថានការណ៍​គ្រាអាសន្ន​នៅក្នុង​ខេត្ត​អូ​សា​កា កៀវ​តូ និង​ហៀវ​ង៉ូ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩ ដោយ​នឹង​ប្រកាស​នៅ​ថ្ងៃទី១៣ មករា និង​ប្រភពព័ត៌មាន​ផ្ទៃក្នុង បានឱ្យដឹងថា រដ្ឋបាល អាច​ពិចារណា​បន្ថែម​លើ​ខេត្ត​អៃ​ជិ និង​គិ​ហ្វ៊ុ ថែមទៀត។

ការប្រកាស​ស្ថានការណ៍​គ្រាអាសន្ន​បន្ថែមទៀត ៥ខេត្ត​នេះ បាន​កើតឡើង​ក្រោយពី​លោក​ស៊ូ​ងៈ ត្រូវបាន​រង​សម្ពាធ​បង្ខំ ឱ្យ​ត្រូវតែ​ប្រកាស​ស្ថានការណ៍​គ្រាអាសន្ន រយៈពេល ១ខែ​នៅក្នុង​ទីក្រុង​តូ​ក្យូ និង​ខេត្ត ៣ទៀត​ដែល​នៅក្បែរ​គ្នា រហូតដល់​ថ្ងៃទី៧ ខែក្រោយ​នោះ នឹង​ធ្វើឱ្យ​វិធានការ​នេះ គ្របដណ្ដប់​លើ​ប្រជាជន​ដល់​ទៅ​ពាក់កណ្ដាល នៃ​ចំនួន​ប្រជាជន​ទាំងអស់ ១២៦នាក់់។

លោក ខាត់​ស៊ឺ​ណូ​ប៊ុ ខា​តូ លេខាធិការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល មិនបាន​អះអាង​ពី​ព័ត៌មាន​នេះ​ទេ ដោយបាន​ថ្លែង​តែត្រឹម​ថា រដ្ឋបាល​នឹង​ពិចារណា​វិធានការផ្សេងៗ ដើម្បី​ទប់ទល់​ស្ថានការណ៍​នៅក្នុង​ទីក្រុង​អូ​សា​កា យ៉ាង​បន្ទាន់​ប៉ុណ្ណោះ។

ក្រោម​ច្បាប់​របស់​ប្រទេស​ជប៉ុន  នាយករដ្ឋមន្ត្រី អាច​ប្រកាស​ស្ថានការណ៍​គ្រាអាសន្ន​បាន ដែល​នឹងធ្វើ​ឱ្យអំណាច​អាជ្ញាធរ​ក្នុង​តំបន់ មាន​សិទ្ធិ​ក្នុងការ​សំណូមពរ​ឱ្យ​ប្រជាជន និង​ធុរកិច្ចផ្សេងៗ កម្រិត​សកម្មភាព និង​ការធ្វើការងារ​បាន។

ការធ្វើប្រជាមតិ ដែល​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កៀវ​ដូ និង​បាន​ផ្សព្វផ្សាយ​ឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ(ទី១០មករា) បាន​រកឃើញថា អ្នកឆ្លើយ​នឹង​ទម្រង់​ធ្វើ​ប្រជាមតិ​លើក​នេះ មាន ៧៩% យល់ឃើញថា ការប្រកាស​ស្ថានការណ៍​គ្រាអាសន្ន ក្នុង​ទីក្រុង​តូ​ក្យូ​របស់លោក​ស៊ូ​ងៈ យឺត​ពេល​ជ្រុល​ពេក​ហើយ។

កាលពី​ថ្ងៃ​សុក្រ(ទី៨) កន្លងមក ចំនួន​អ្នក​ឆ្លង​មេរោគ​ក្នុង​ជុំ ២៤ម៉ោង​របស់​ប្រទេស​ជប៉ុន បាន​កើនឡើង​ខ្ពស់​ដល់​ទៅ ៧ ៨៨២នាក់ រួម​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប កើនឡើង​ដល់​ជិត ៣០០ ០០០នាក់។

ចំណែក​តៃវ៉ាន់ រដ្ឋបាល​បាន​រាយការណ៍​ថា រកឃើញ​ការឆ្លង​មេរោគ​នៅក្នុង​តំបន់​ជា​លើកដំបូង ចាប់តាំងពី​ថ្ងៃទី២២ ធ្នូ​មក គឺជា​គ្រូពេទ្យ​ដែលជា​អ្នក​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ និង​ភរិយា​ដែលជា​គិលានុបដ្ឋាក​យិ​កា។

កាលពី​ចុងខែ​កន្លងទៅ តៃវ៉ាន់​មិនបាន​រកឃើញ​ការឆ្លង​រាលដាល​ណាមួយ​នៅក្នុង​តំបន់​ទេ ចាប់តាំងពី​ថ្ងៃទី១២មេសា​មក។ វិធានការ​ការពារ​តាំងពីដំបូងៗយ៉ាង​មាន​ប្រសិទ្ធភាព នៅតែ​ធ្វើឱ្យ​តៃវ៉ាន់​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​បាន​យ៉ាង​មាំ​ក្នុង​កណ្ដាប់ដៃ ដែល​រហូតមក​ដល់ពេលនេះ មាន​អ្នក​ឆ្លង​មេរោគ​សរុប​ត្រឹមតែ ៨៣៩នាក់ និង​ស្លាប់​ត្រឹមតែ ៧នាក់​ប៉ុណ្ណោះ។

តែ​យ៉ាងណាក្ដី លោក ឈឹ​ន ស៊ឺ​ចុង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​តៃវ៉ាន់ បាន​សម្ដែង​ក្ដីកង្វល់​ចំពោះ​ករណី​អ្នក​ឆ្លង​មេរោគ​ថ្មី​បំផុត​នេះ និង​បាន​បន្ថែមថា អ្នក​ប៉ះពាល់​នឹង​អ្នកជំងឺ ចំនួន ៤៦៤នាក់​នៅឯ​មន្ទី​ពេទ្យ បានទទួល​ការពិនិត្យ​រួចហើយ និង​លទ្ធផល​ចេញមក អវិជ្ជមាន​ទាំងអស់ តែ​នៅមាន ៤២នាក់​ទៀត មិនទាន់​ចេញ​លទ្ធផល ហើយនឹង​មានការ​ពិនិត្យ​មន្ត្រី​គ្រប់រូប ក្នុង​មន្ទីរពេទ្យ​ជាថ្មី​ម្ដងទៀត​ក្នុងអំឡុង ៣ថ្ងៃ​ទៀត។

ចំណែក​ប្រទេស​អង់គ្លេស​វិ្ លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ(ទី១១)ថា អង់គ្លេស​កំពុង​បង្ខំ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ខណៈដែល​ចំនួន​អ្នកស្លាប់ បាន​កើនឡើង​បង្កើត​ស្ថិតិ​ថ្មី និង​មន្ទីរពេទ្យ​មួយចំនួន ជិត​ខ្វះខាត​អុក​ស៊ី​ហ្ស៊ែ​ន​ហើយ។

លោកស្រី គ្រីស្ទី វីត​ទី ប្រធាន​ទីប្រឹក្សា​ផ្នែក​កិច្ចការ​ពេទ្យ​របស់​រដ្ឋបាល បាន​ដាស់តឿន​ថា ក្នុងអំឡុងពេល ២-៣សប្ដាហ៍​ខាងមុខ អង់គ្លេស​នឹង​ប្រឈម​នឹង​អំឡុងពេល​ដ៏​អាក្រក់​បំផុត លើ​រឿង​ចំនួន​អ្នកជំងឺ​ដែល​ត្រូវ​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយ​ខណៈ​នេះ​មាន​អ្នកជំងឺ​កូ​វីដ-១៩ ក្នុង​មន្ទីរពេទ្យ​ទូទាំងប្រទេស​ជាង ៣២ ០០០នាក់ ធៀប​នឹង ១៨ ០០០នាក់ កាលពី​អំឡុងពេល​ផ្ទុះ​ការឆ្លង​រាលដាល​ខ្លាំង​បំផុត ជុំ​ដំបូង​កាលពី​ខែមេសា ឆ្នាំទៅ។

វីរុស​ក្លាយ​ពូជ ដែល​រកឃើញ​នៅក្នុង​ប្រទេស​អង់គ្លេស ដែល​អាច​ចម្លង​រាលដាល​លឿន​ជាង បានធ្វើឱ្យ​តំបន់​មួយចំនួន​ក្នុង​ទីក្រុង​ឡុង​ដ៍ មាន​អ្នក​ឆ្លង​មេរោគ​ដល់​កម្រិត ១ក្នុង២០ សាង​បន្ទុក​ធ្ងន់ ដល់​សេវាកម្ម​សុខភាព​ជាតិ និង​មន្ទីរពេទ្យ​ជាច្រើន ដែលមាន​អ្នកជំងឺ​ហៀរហូរ លើស​សមត្ថភាព។

ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ នៅក្នុង​ចក្រភព​អង់គ្លេស ចុងក្រោយ​បំផុត គឺ​ជាង ៨១ ០០០នាក់ ខ្ពស់បំផុត​លំដាប់​លេខ៥ របស់​ពិភពលោក និង​អ្នក​ឆ្លង​មេរោគ​សរុប​ជាង ៣លាន​នាក់។

ប្រទេស​អង់គ្លេស​បាន​ព្យាយាម​ប្រយុទ្ធ​តស៊ូ​នឹង​ជំងឺ​រាតត្បាត ដោយមាន​គោលដៅ​ធ្វើឱ្យ​ស្ថានការណ៍ វិលត្រឡប់​មករ​កស​ភាវ​ប្រក្រតី​ឡើងវិញ ក្នុង​កម្រិតណា​មួយនារ​ដូ​វ​ស្លឹកឈើ​លាស់​ខាងមុខ ដោយ​ការបង្ខំ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ជាង ១៥លាន​នាក់​ក្នុងអំឡុង​ពាក់កណ្ដាល​ខែ​មុខ​នេះឯង។

តែ​យ៉ាងណាក៏ដោយ  លោក ស៊ុម​យ៉ា ស្វា​មិណា​ថា​ន ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ​WHO បាន​ដាស់តឿន​កាលពី​ថ្ងៃ​ចន្ទ​ថា គ្រោង​ការចាក់​វ៉ាក់សាំង​ទូទាំង​ពិភពលោក នឹង​នៅ​មិនទាន់​អាចធ្វើឱ្យ​កើតមាន​ប្រព័ន្ធ​ប្រឆាំង​មេរោគ​បែប​សហគមន៍ ដល់​កម្រិត​ដែល​អាច​បញ្ឈប់​វីរុស​កូ​រ៉ូ​ណា បានទេ​ក្នុងអំឡុង​ឆ្នាំនេះ ព្រមទាំង​បញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​ប្រតិបត្តិ​តាម​វិធានការ​គម្លាត​ឆ្ងាយ​ពីគ្នា​ខាង​សង្គម លាងដៃ​ឱ្យបាន​ញឹកញាប់ និង​ពាក់​ម៉ាស់​អនាម័យ​ការពារ​ជា​បន្តទៀត។

បច្ចុប្បន្ន ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ រួចហើយ​ជាង ៩០លាន​នាក់ និង​ស្លាប់​ជិត​ដល់ ២លាន​នាក់​ហើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.