រដ្ឋបាលខេត្ត​ដាក់ចេញ​វិធានការ៦ចំណុច​ដើម្បី​រៀបចំ​សោភ័ណភាព​និង​សណ្តាប់ធ្នាប់​បរិវេណ​ព្រះវិហារ​ព្រះអង្គ​ចេក-ព្រះអង្គ​ចម

សៀមរាប៖  នៅ​រសៀល​ថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ រដ្ឋបាល​សាលាខេត្ត បាន​ប្រជុំ​ពិនិត្យ​ពិភាក្សា និង​សម្របសម្រួល​ដោះស្រាយ​បង្វែរ​ទីតាំង​លក់ដូរ​របស់​អាជីវក​រ​ចេញពី​បរិវេណ​របង​ព្រះវិហារ​ព្រះអង្គ​ចេក-ព្រះអង្គ​ចម ដើម្បី​ក្រសួងព្រះបរមរាជវាំង បន្តការងារ​រៀបចំ​ក្រាលកម្រាល​ក្រា​នី​ត និង​ការសាងសង់​របង​ខ្លោងទ្វារ របស់​ព្រះរាជដំណាក់ ក្រោម​អធិបតីភាព​លោកស្រី យូ សុភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម អ៉ិ​ន រដ្ឋា​សេរី អនុរដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង និង​ជា​ប្រធាន​ព្រះរាជដំណាក់​សៀមរាប ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍ លោកនាយ​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ លោក​អភិបាលរងក្រុង​សៀមរាប លោក នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ក្រុមប្រឹក្សា​សង្កាត់​ស្វាយដង្គំ មេភូមិ​មណ្ឌល២ លោក លោកស្រី​អាជីវករ​លក់ដូរ​នៅជាប់​របង​ព្រះវិហារ​ព្រះអង្គ​ចេក-ព្រះអង្គ​ផងដែរ។

បន្ទាប់ពី​បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​រួច​ម​មក លោកស្រី យូ សុភា អភិបាលរង​ខេត្ត បានដាក់​ចេញ​នូវ​វិធាន​មួយចំនួន​ដើម្បី​ស​ម្រូ​ល​ដល់​ក្រុមការងារ​សាងសង់ ការរក្សា​សណ្តាប់ធ្នាប់ និង​សម្រួល​ដល់​បងប្អូន​អាជីវ​កករ ដូចខាងក្រោម៖

១-ធ្វើការ​បង្វែរ​ទីតាំង​លក់ដូរ​បច្ចុប្បន្ន​ដែល​នៅជាប់​របង​ព្រះវិហារ​ព្រះអង្គ​ចេក-ព្រះអង្គ​ចម ទៅលើ​ខឿន​ថ្មើរជើង​ផ្នែក​ខាងលិច​នៃ​ទីតាំង​ចាស់ និង​ត្រូវ​បែរមុខ​មក​ទិសខាងកើត ដើម្បី​លក់ដូរ​ជា​បណ្តោះអាសន្ន

២-ក្រុមការងារ​ខេត្ត​នឹង​ចុះ​កំណត់​ទីតាំង​ជាក់ស្តែង​ជូន​អាជីវករ​ដែល​ត្រូវ​លក់ដូរ​ជា​បណ្តោះអាសន្ន​នៅ​រសៀល​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បី​ក្រសួងព្រះបរមរាជវាំង អាច​បន្តការងារ​រៀបចំ​ក្រាលកម្រាល​ក្រា​នី​ត និង​ការសាងសង់​របង​ខ្លោងទ្វារ របស់​ព្រះរាជដំណាក់ ស្របតាម​ផែនការ​គ្រោងទុក

៣-ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​ទទួលខុសត្រូវ​រៀបចំ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ជូន​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ដែល​មក​គោរពបូជា និង​ជួយ​សម្រួល​ចរាចរ​នៅពេល​គម្រោង​បន្ត​សាងសង់​របង​ខ្លោងទ្វារ និង​ក្រាលកម្រាល​ក្រា​នី​ត​ដំណាក់កាល​ទី២ចាប់ផ្តើម និង​ចំពោះ​រថយន្ត ឬ​មធ្យោបាយ​ធ្វើដំណើរផ្សេងៗត្រូវ​យកទៅ​ចត​នៅ​ចំណត​មាត់​ស្ទឹង​ជាប់​ទីតាំង​ហាត់ប្រាណ។

៤-ម្ចាស់​តូប​លក់​ផ្កា តូប​លក់​បាយ និង​អ្នកលក់​សត្វ​បក្សី ត្រូវ​សម្អាត​បរិស្ថាន​អនាម័យ​ជុំវិញ​តូប​របស់ខ្លួន​ឱ្យបាន​ស្អាត​ជាប្រចាំ និង​មិនត្រូវ​ចាក់ទឹក ឬ​ទុកដាក់​កាកសំណល់ផ្សេងៗនៅលើ​ផ្លូវ​សាធារណៈ ហើយ​ក្នុងករណី​មិន​អនុវត្តតាម​ការណែនាំរ​បស់​គណៈកម្មការ​នោះទេ នឹង​ផ្អាក​សកម្មភាព​លក់ដូរ​ជា​បណ្តោះអាសន្ន ឬ​បញ្ឈប់​ការលក់ដូរ​ជា​ស្ថាពរ​តាម​ការពិនិត្យ​ជាក់ស្តែង ព្រមទាំង​ត្រូវគោរព​ក្រមសីលធម៌​សង្គម ជាពិសេស​មិនត្រូវ​យក​ផ្កា​ភ្ញីផ្សេងៗដែល​បាន​បូជា​ហើយ​យកមក​លក់​ជូន​ភ្ញៀវ​វិញ​នោះឡើយ និង​ត្រូវ​ចូលរួម​អនុវត្តន៍​តាម​វិធាន​ការពារ​ជំងឺ​កូ​វីដ-១៩តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

៥-មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន ចំពោះ​សកម្មភាព​លក់ដូរ​រប​ស់​អាជីវករ និង​បញ្ហាផ្សេងៗដែល​កើតមានឡើង​នៅ​ព្រះវិហារ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ។

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.