មណ្ឌលគិរី៖ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បានធ្វើការ​ព្រមាន​ដល់​ក្រុមហ៊ុន​រ៉ែ​មាស រង់ ឈិន នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ថា ប្រសិន​ត្រឹម​ដំណាច់ឆ្នាំ២០២១ នៅតែ​មិនមាន​សកម្មភាព​ប្រតិបត្តិការ​ចម្រាញ់​រ៉ែ​មាស​ទេ ក្រសួង​នឹង​លុប​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ចោល ហើយ​ដាក់​ដេញថ្លៃ​បន្ត​ឱ្យ​ក្រុមហ៊ុន​ថ្មី ចូលធ្វើ​ជំនួស។

ការព្រមាន​ចំពោះ​ក្រុមហ៊ុន រ៉ែ​មាស រង់ ឈិន ដោយ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ និង​បានសម្រេច​បន្ត​អាជ្ញា​បណ្ណ​ឱ្យ​ក្រុមហ៊ុន រង់ ឈិន ម្ដងទៀត ប៉ុន្តែ​ត្រូវមាន​លក្ខខណ្ឌ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម ដោយ​ចាប់ផ្ដើម​ពី​ពេលនេះ​តទៅ។

ចំណែក​តំណាង​ក្រុមហ៊ុន រង់ ឈិន ក៏បាន​លើកឡើង​ពី​បញ្ហា​ដែរ​ថា ក្រុមហ៊ុន​របស់ខ្លួន គឺ​បាន​សាងសង់​ទីតាំង​ក្រុមហ៊ុន ពី​ក្រុមហ៊ុន​ចាស់ ដែលជា​ម្ចាស់​អាជ្ញា​បណ្ណ។ ដូច្នេះហើយ ទើប​ធ្វើឱ្យ​សង្វាក់​ផលិតកម្ម មាន​ភាពរអាក់រអួល។ ជាងនេះទៀត​ក្រោយពី​ក្រុមហ៊ុន​ទទួល​ការងារ​បន្ត​ពី​ម្ចាស់​ដើម​អាជ្ញា​បណ្ណ​នៅសល់​រយៈពេល​ខ្លី ហើយ​ត្រូវ​ជួបប្រទះ​បញ្ហា​ជំងឺ​កូ​វីដ-១៩ ផង​នោះ បណ្ដាលឱ្យ​អ្នកជំនាញ​ក្រុមហ៊ុន​នៅឯ​ប្រទេស​ចិន មិនអាច​ធ្វើដំណើរ​មក​បំពេញការងារ​ឱ្យ​ក្រុមហ៊ុន​បាន។

ជុំវិញ​ការលើកឡើង​របស់​ក្រុមហ៊ុន​ខាងលើ លោក​រដ្ឋមន្ត្រី ស៊ុយ សែម បានដាក់​ចេញ​នូវ​ដំណោះស្រាយ​ឱ្យ​ក្រុមហ៊ុន​មាន​ភាពងាយស្រួល ក្នុង​ការយក​អ្នកបច្ចេកទេស​ពី​ប្រទេស​ចិន មក​បំពេញការងារ និង​សម្រេច​បន្ត​សុពលភាព​អាជ្ញា​បណ្ណ ដើម្បីឱ្យ​ក្រុមហ៊ុន អាច​សាកល្បង​អាជីវកម្ម​របស់ខ្លួន​បាន ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ២០២១។

សូមបញ្ជាក់ ក្រសួង​រ៉ែ និង​ថាមពល បានសម្រេច​អនុញ្ញាត​ផ្ដល់​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស រង់ ឈិន អស់​រយៈពេល ១០ឆ្នាំ​មកហើយ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ នៅតែ​មិនមាន​ដំណើរការ​អាជីវ​កម្ម​រ៉ែ​មាស​នៅឡើយ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.