បរទេស៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ ទី១២មករា បាន​បដិសេធ និង​មិន​ទទួលខុសត្រូវ​អ្វី​ទាំងអស់ ចំពោះ​ហេតុការណ៍​ដែល​បណ្ដា​អ្នកគាំទ្រ​របស់លោក​សម្រុក​ចូល​វាយប្រហារ​អគារ​រដ្ឋសភា​កាលពី​សប្ដាហ៍​កន្លងទៅ ក្នុងអំឡុងពេល​បង្ហាញ​ខ្លួន​ចំពោះ​សាធារណជន​លើកដំបូង ចាប់តាំងពី​ហេតុការណ៍​ដ៏​អាក្រក់​នោះ​កើតឡើង ដោយបាន​បញ្ជាក់ថា ពាក្យ​ថ្លែង​ប្រាស្រ័យ​របស់លោក មុន​កើតហេតុ គឺជា​រឿង​ត្រឹមត្រូវ ព្រមទាំង​បង្ហើប​ថា មិន​បារម្ភ​ពី​ការ​ត្រូវ​ដកចេញ​ពី​តំណែង​តាម​បទ​ប្បញ្ញត្តិ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥ នោះឡើយ និង​ជឿថា ទីបំផុត វា​នឹង​វិលត្រឡប់​មក​តាម​ប្រមាញ់​លោក ចូ បៃ​ដិ​ន វិញ​ម្ដង​មិន​ខាន។

លោក​ត្រាំ ប្រធានាធិបតី មកពី​គណបក្ស​រី​ផា​ប្ល៊ី​កាន់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ពាក្យ​ថ្លែង​ប្រាស្រ័យ​រក​សំឡេងឆ្នោត មុន​ហេតុការណ៍​វាយប្រហារ​កាលពី​ថ្ងៃ​ពុធ ទី៦មករា ដែល​លោក​បាន​ជំរុញ​ក្រុម​អ្នកគាំទ្រ​ឱ្យ​ដើរ​ក្បួន​ឆ្ពោះទៅ​អគារ​រដ្ឋសភា និង​ប្រយុទ្ធ​តស៊ូ​នោះ បានទទួល​ការវិភាគ​ពី​អ្នក​ដទៃទៀត ដែល​មិន​ប្រាប់​ឈ្មោះ ជឿថា “វា​មាន​ភាព​ស័ក្តិសម​បំផុត។

“បើ​លោកអ្នក បាន​អាន​ពាក្យ​ថ្លែង​ប្រាស្រ័យ​របស់ខ្ញុំ អ្វីដែល​ខ្ញុំ​និយាយ​នោះ មាន​ភាព​ស័ក្តិសម​ជាទីបំផុត” លោក​ត្រាំ ប្រាប់​ទៅ​អ្នកយកព័ត៌មាន​នៅឯ​មូលដ្ឋានទ័ព​រួម អ៊ែន​ឌ្រូ​ស៍ នៅពេល​ត្រូវបាន​សួរថា តើ​លោក​នឹង​ទទួលខុសត្រូវ​យ៉ាងណា​ដែរឬទេ ចំពោះ​ហេតុការណ៍​វាយប្រហារ​កាលពី​ថ្ងៃទី៦ មករា ដែល​បណ្ដា​អ្នកគាំទ្រ​លោក បាន​សម្រុកចូល​វាយប្រហា​រ​អគារ​រដ្ឋសភា ក្នុងអំឡុង​ដែល​សមាជិកសភា​កុង​ហ្គ្រេ​ស និង​លោក​ម៉ៃ​ក៍ ផេ​នស៍​អនុ​ប្រធានាធិបតី កំពុងស្ថិត​នៅក្នុង​ទីនោះ​ដែរ?។

“ពួកគេ បាន​វិភាគ​ពាក្យ​ថ្លែង​ប្រាស្រ័យ​របស់ខ្ញុំ និង​ពាក្យសម្ដី​របស់ខ្ញុំ រហូតដល់​ទំព័រ​ចុងក្រោយ ប្រយោគ​ចុងក្រោយ ហើយ​រាល់គ្នា​គិតថា វា​មាន​ភាព​ស័ក្តិសម​ហើយ” លោក​ត្រាំ បាន​ឆ្លើយ​បែបនេះ មុនពេល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​អា​ឡា​ម៉ូ រដ្ឋ​តិច​សាស់ ដើម្បី​ទៅ​ទស្សនកិច្ច និង​ចុះហត្ថលេខា និង​សរសេរ​ឈ្មោះ​នៅលើ​កំពែង​តាម​បណ្ដោយ​ព្រំដែន​ជាប់​នឹង​ប្រទេស​មិ​ក​ស៊ិ​ក។

ការយល់ឃើញ​ក្នុង​ថ្ងៃ​អង្គារ (ទី១២មករា) អាច​និយាយបានថា ជាការ​បង្ហាញខ្លួន​ចំពោះមុខ​សាធារណជន​ជា​លើកដំបូង ចាប់តាំងពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​មក បន្ទាប់ពី​កាលពីពេល​មុននេះ លោក​ត្រាំ បាន​ផ្សព្វផ្សាយ​ខ្សែ​វីដេអូ កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី៧មករា) ថ្កោលទោស​ហេតុការណ៍​ហិង្សា​នោះ តែ​សង្កត់ធ្ងន់ មិន​ព្រម​ទទួលស្គាល់​ការបរាជ័យ​ការបោះឆ្នោត។

សមាជិក​គណបក្ស​ដេ​ម៉ូ​ក្រេ​ត​នៅក្នុង​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក មាន​ផែន​ការដក​លោក​ត្រាំ​ចេញពី​តំណែង​ក្នុង​ថ្ងៃ​ពុធ (ទី១៣មករា) លើកលែងតែ​លោក​យល់ព្រម​លាឈប់​ដោយ​ឯកឯង ឬ​ត្រូវ​គៀស​ចេញ​ឱ្យ​ផុតពី​តំណែង​មុនពេល​នោះ ដែល​វា​នឹង​ធ្វើឱ្យ​លោក ក្លាយជា​ប្រធានាធិបតី​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អាមេរិក ដែល​ត្រូវ​ដកចេញ​ពី​តំណែង​ដល់​ទៅ ២ដង។

បណ្ដា​សមាជិក​គណបក្ស​ដេ​ម៉ូ​ក្រេ​ត បាន​ប្រាប់ថា ការដែល​លោក​ត្រាំ ចេញមក​ដោះសា​កែ​ពាក្យសម្ដី​របស់ខ្លួន​ឯង វា​បានបញ្ជាក់​ពី​ភាពចាំបាច់​ដ៏​បន្ទាន់ ដែល​ត្រូវតែ​ដក​រូបលោក​ឱ្យ​ផុតពី​តំណែង “ការដែល​លោក​ត្រាំ មើលទៅ​មិន​ព្រម​ដឹង​ពី​កំហុស​របស់ខ្លួន​ក្នុងថ្ងៃនេះ ធ្វើឱ្យ​ច្បាស់លាស់​ណាស់​ថា ចាំបាច់​ត្រូវតែ​ប្រើ​បទ​ប្បញ្ញត្តិ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥ ដក​រូបលោក​ចេញ” លោក ដេ​នៀល ហ្គោល​ដ៍​មែន ទីប្រឹក្សា​សំឡេង​ភាគច្រើន ក្នុង​កម្មវិធី​ស៊ើបអង្កេត​ដកតំណែង​លើកដំបូង​របស់​សភាតំណាងរាស្ត្រ បាន​សរសេរ​បែបនេះ​នៅក្នុង​បណ្ដាញ​សង្គម​ធ្វី​ត​ធើរ។

“គួរតែ​ប្រញាប់​ជំរុញ​កម្មវិធី​ដកហូត​តំណែង​នេះ និង​រដ្ឋមន្ត្រី​គួរតែ​គិត​ឱ្យបាន​ច្បាស់​ថា តើ​នឹង​គាំទ្រ​ការព្យាយាម​របស់លោក​ត្រាំ ផ្ដួល​លទ្ធផល​ការបោះឆ្នោត ពន្យុះ​ញុះញង់ និង​បង្កចលាចល​នៅ​អគារ​រដ្ឋសភា ដែរឬទេ?” លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ។

តែ​យ៉ាងណាក្ដី លោក​ត្រាំ​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ ទី១២ ម្សិលមិញ​ថា លោក​មិនបាន​ខ្វល់​នឹង​បទប្បញ្ញត្តិ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥ ដែល​បើកផ្លូវ​ឱ្យ​គណៈ​រដ្ឋបាល​របស់លោក ដក​រូបលោក​ចេញ​ផុតពី​តំណែង​នោះទេ បើទោះជា​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក ដែល​ដេ​ម៉ូ​ក្រេ​ត គ្រង​សំឡេង​ភាគច្រើន កំពុង​ជំរុញ​ដំណើរការ​ញត្តិ​មួយច្បាប់ ដែល​ដាក់​សម្ពាធ​ឱ្យ​លោក ម៉ៃ​ក៍ ផេ​នស៍ ប្រើ​បទ​ប្បញ្ញត្តិ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥ នោះ​ក៏ដោយ។

“បទ​ប្បញ្ញត្តិ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី២៥ មិន​បង្ក​ភាព​ប្រឈម​អ្វី​ដល់​ខ្ញុំ​ឡើយ” លោក​ត្រាំ បាន​ថ្លែង​បែបនេះ នៅ​ពីមុខ​ផ្នែក​មួយ​នៃ​កំពែង​ឃាំង​ព្រំដែន​មិ​ក​ស៊ិ​ក ក្នុង​រដ្ឋ​តិច​សាស់ ដែលជា​និមិត្តសញ្ញា​គោលនយោបាយ​ជនអន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង ដែល​រូបលោក​ខំប្រឹង​ជំរុញ​រហូតមក រយៈពេល ៤ឆ្នាំ​នៃ​ការ​គ្រង​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.