ចិន៖ បណ្ដាញសារព័ត៌មាន​ប​រទេស បាន​រាយការណ៍ កាលពី​ថ្ងៃទី១១ មករា ថា ប្រទេស​ចិន បាន​រកឃើញ ៧៦% នៃ​អ្នកជំងឺ​កូ​វីដ-១៩ ដែល​បានទទួល​ការព្យាបាល​ពី​មន្ទីរពេទ្យ រហូត​ជាសះស្បើយ​ហើយ តែ​នៅតែមាន​បញ្ហា​សុខភាព​រយៈពេល​វែង​ទៅមុខទៀត។

របាយការណ៍​នេះ បាន​បញ្ជាក់ថា ទោះជា​អ្នកជំងឺ​ទាំងនោះ បាន​ចេញពី​មន្ទីរពេទ្យ ៦ខែ​ហើយ​ក៏ដោយ ក៏​នៅតែមាន​អា​ការមិន​ប្រក្រតី​ខាង​រាងកាយ​ដែរ ដោយ​ក្នុងនោះ ៦៣% មាន​អាការ​នឿយ​ល្វើយ, ២៦% ពិបាក​ក្នុងការ​គេង​លក់ និង ៣៣% មាន​សញ្ញា​បញ្ជាក់​ពី​បញ្ហា​នៅក្នុង​ថ្លើម ដែល​នឹង​នាំ​ឆ្ពោះទៅរក​ជំងឺផ្សេងៗ រួមទាំង​ធ្លាក់ចុះ​សមត្ថភាព​ផ្លូវភេទ​ទៀតផង។

អ្នកជំងឺ​ជាច្រើន​រយ​នាក់ មាន​ស្លាកស្នាម​ស្រដៀង​កញ្ចក់​ស្អាប់ នៅក្នុង​សាច់​ភ្នាស​សួត ធ្វើឱ្យ​ដកដង្ហើម​បានខ្លីៗជាង​ប្រក្រតី ខណៈដែល​អ្នកជំងឺ​មួយចំនួនទៀត មិនអាច​ដកដង្ហើម​បានវែងៗ ដល់​ថ្នាក់​មិនអាច​ធ្វើការ​សាកល្បង​ពិសោធ​ការធ្វើការងារ​របស់​សួត​បាន​ទៀតផង។

២៥% របស់​អ្នកជំងឺ នៅតែមាន​សភាវ​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍ ដែល​អ្នកស្រាវជ្រាវ នៅតែ​មិនអាច​បញ្ជាក់បាន​ថា តើ​កើតមាន​ការខូចខាតរ​បស់​កោសិកា​សរសៃប្រសាទ ឬ​បណ្ដាលមកពី​បទពិសោធ​ដ៏​អាក្រក់​ដែល​បាន​ជួបប្រទះ​កន្លងមក​នោះឡើយ។

ក្រៅពីនោះ កម្រិត​អង់ទីគ័រ នៅក្នុង​រាងកាយ​របស់​អ្នកជំងឺ បាន​ធ្លាក់ចុះ​យ៉ាង​មាន​ភាព​សំខាន់ ដែល​ធ្វើឱ្យ​រាងកាយ​មិនអាច​តតាំង​នឹង​ជំងឺផ្សេងៗបាន នាពេល​អនាគត។

កាលពីពេល​មុននេះ ប្រទេស​ជាច្រើន បាន​សិក្សា​ពី​ផលប៉ះពាល់​ដោយសារ​កូ​វីដ-១៩ ក្នុង​រយៈពេល​វែង ដោយបាន​រកឃើញ​មាន​កើត​អាការ​ដ៏​ច្រើនយ៉ាង តាំងពី​ជ្រុះ​សក់ រហូត​ទៅដល់​ជំងឺ​បេះដូង​ទៀតផង តែ​យ៉ាងណាក៏ដោយ ការសិក្សា​របស់​ប្រទេស​ចិន​ក្នុង​គ្រានេះ គឺជា​ការសិក្សា​ស្រាវជ្រាវ​លើ​ក្រុម​គំរូ ដែល​ធំ​បំផុត រួមទាំង​អស់​ជាង ១ ៧៣៣នាក់។

ប្រមាណ​ជា ១៥% នៃ​ក្រុម​អ្នកជំងឺ បាន​បដិសេធ​ក្នុងការ​ចូលរួម​គ្រោង​ការសិក្សា​ស្រាវជ្រាវ​ផលប៉ះពាល់​រយៈពេល​វែង​នេះ ខណៈដែល ១៥%ទៀត បាន​ស្លាប់ ឬ​មាន​ជំងឺ​ធ្ងន់ ហួស​នឹង​អាច​ចូលរួម​ក្នុង​គ្រោងការ​នេះ​បាន ដោយសារ​ជំងឺ​បេះដូង ជំងឺ​សួត ឬ​រោគ​ក្រលៀន។

យ៉ាងណាក្ដី លោក Giuseppe Remuzzi សាស្ត្រាចារ្យ​ផ្នែក​វក្កំ​វិទ្យា (ក្រលៀន) របស់​ស្ថាប័ន Instituto Mario Negri ក្នុងប្រទេស​អ៊ីតាលី យល់ឃើញថា អ្នកអាន​របាយការណ៍​នេះ គួរប្រើ​វិចារណញ្ញាណ​ក្នុង​ការអាន​លទ្ធផល​ការវិភាគ​ស្រាវជ្រាវ​នេះ ដោយសារតែ​ការសិក្សា​ស្រាវជ្រាវ ដោយ​ការ​ចម្រាញ់​យ៉ាង​ឆាប់រហ័ស​ក្នុង​ក្រុម​អ្នកជំងឺ​នេះ អាចធ្វើឱ្យ​លទ្ធផល​ការស្រាវជ្រាវ ចេញមក​ខុសឆ្គង​បាន៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.