សហរដ្ឋអាមេរិក៖ ក្លាយ​ជាការ​សន្និដ្ឋានថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៃ​សហរដ្ឋអាមេរិក អាច​នឹងត្រូវ​សភាតំណាងរាស្ត្រ​បោះឆ្នោត​បញ្ចេញមតិ ដក​ចេញពី​តំណែង(Impeachment) ម្ដងទៀត​កាលពី​ថ្ងៃ​ពុធ (ទី១៣មករា) ដោយសារ​កំហុស​ពន្យុះ​ញុះញង់ ឱ្យ​ក្រុមបាតុករ​សម្រុកចូលរ​ដ្ឋ​សភា ដើម្បី​រារាំង​ការ​រ៉ាប់រង​ជ័យជម្នះ​ដល់​លោក ចូ បៃ​ដិ​ន។

ខាងក្រោម​នេះ គឺ​បទ​សរុប​ដោយត្រួសៗ ថា​តើ​កម្ម​វិធីដក​មេដឹកនាំ​សហរដ្ឋអាមេរិក លើក​ទី២ នេះ នឹង​ចេញមក​ក្នុង​រូប​បែបណា និង​មាន​ភាព​អាចទៅរួច​តិច-ច្រើន​ប៉ុនណា ដែល​សភា​កុង​ហ្គ្រេ​ស នឹង​បើកឱកាស​ឱ្យ​លោក​ត្រាំ បាន​ចុះឈ្មោះ​ធ្វើជា​បេក្ខជន​ទទួល​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ម្ដងទៀត​នៅ​ឆ្នាំ២០២៤?។

-តើ​កម្ម​វិធីដក​ប្រធានាធិបតី​ចេញពី​តំណែង​នេះ ដំណើរការ​យ៉ាងដូចម្ដេច?

មនុស្ស​ជាច្រើន​នៅតែ​យល់ដឹង​បែប​ស្រពេចស្រពិល​ថា កម្ម​វិធីដក​ប្រធានាធិបតី​ចេញពី​តំណែង​នេះ មានន័យថា ជាការ​បណ្ដេញ​ប្រធានាធិបតី​ចេញពី​តំណែង តែ​ការពិត​វិញ ពាក្យ​នេះ​មានន័យ​ពី​ដំណាក់​កាលដែល​សភាតំណាងរាស្ត្រ ឬ “សភា​ជាន់​ទាប” បានដាក់​ការចោទប្រកាន់​ចំពោះ​ប្រធានាធិបតី​ថា បានធ្វើ​ទង្វើ​ដែល​អាច​និយាយបានថា ជា “កំហុស​បទឧក្រិដ្ឋ ឬ​ការប្រព្រឹត្ត​ខុស​យ៉ាងធ្ងន់ធ្ងរ។

ទាំងអស់នេះ បើសិន​សមាជិកសភា ភាគច្រើន​ពី​ចំនួន​ទាំងអស់ ៤៣៥នាក់ បោះឆ្នោត​រ៉ាប់រង​បទចោទប្រកាន់​ដែល​គេ​ហៅថា “ញត្តិ​ដក​ពី​តំណែង” (Article of Impeachment) សំណុំ​រឿងនេះ ក៏​នឹងត្រូវ​បញ្ជូនបន្ត​ទៅកាន់​ព្រឹទ្ធសភា ឬ “សភា​កំពូល” ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​រដ្ឋធម្មនុញ្ញ​អាមេរិកាំង បានកំណត់​ទុក​ថា ការដកតំណែង​ប្រធានាធិបតី ត្រូវតែ​ប្រើប្រាស់​សំឡេង​របស់​ព្រឹទ្ធសភា​ដល់​ទៅ ២ភាគ។

សមាជិកសភា ដេ​ម៉ូ​ក្រេ​ត បាន​ចោទប្រកាន់​លោក​ត្រាំ ថា បាន​ពន្យុះ​ញុះញង់​ឱ្យ​អ្នកគាំទ្រ “ធ្វើអំពើ​ដែល​គ្មាន​ការគ្រប់គ្រង” នៅឯ​អគារ​រដ្ឋសភា កាលពី​ថ្ងៃទី៦ មករា តែ​លោក​ត្រាំ បាន​ចេញមក​ផ្ដល់​ការសម្ភាស​ចុងក្រោយ នៅ​ថ្ងៃទី១២ មករា​ថា សុន្ទរកថា​ដែល​លោក​ថ្លែង​ទៅកាន់​ក្រុមបាតុករ មុន​កើតហេតុ​សម្រុកចូល​អគា​រ​រដ្ឋសភា​នោះ “ស័ក្តិសម​ត្រឹមត្រូវ គ្រប់ប្រការ។

-តើ ព្រឹទ្ធសភា​នឹង​បើក​ការស៊ើបអង្កេត​នៅពេលណា?

លោក មិ​ត​ឆ៍ មែក​ខុន​នេ​ល​ល៍ ប្រធាន​ព្រឹទ្ធសមាជិក​រី​ផា​ប្ល៊ី​កាន់ សំឡេង​ភាគច្រើន បាន​បញ្ជាក់ថា ព្រឹទ្ធសភា​កំពុងស្ថិត​ក្នុងអំឡុងពេល​បិទ​សម័យប្រជុំ ហើយនឹង​បើក​ការស៊ើបអង្កេត​ញត្តិ​ដកតំណែង​លោក​ត្រាំ នៅ​ថ្ងៃទី២០ មករា  ឬ​ត្រូវ​នឹង​ថ្ងៃ​ដែល​លោក ចូ បៃ​ដិ​ន ចូលធ្វើ​ពិធី​ស្បថ​ចូលកាន់​តំណែង​មេដឹកនាំ​សហរដ្ឋអាមេរិក​ថ្មី តែ​បើសិនជា​ចង់​ព​ន្លឿ​ន​កម្មវិធី​នេះ ឱ្យ​កាន់តែ​ឆាប់​ឡើង ក៏​ត្រូវតែ​បានទទួល​សំឡេងគាំទ្រ​ពី​ព្រឹទ្ធសមាជិក​ទាំង ១០០នាក់។

លោក ឆាក់ ឈូ​មើរ ប្រធាន​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត កំពុង​ស្វែងរក​វិធី​ប្រើ​អំណាច​បន្ទាន់​ណាមួយ ដើម្បី​ស្នើសុំ​បើក​កិច្ចប្រជុំ​ព្រឹទ្ធសមាជិក​ឱ្យបាន​មុនពេល​នោះ តែ​យ៉ាងណា ក៏​ត្រូវតែ​បានទទួល​ការសហការ​ពី​លោក មែក​ខុន​នេ​ល​ល៍ ដែរ។

អ្នកជំនាញការ​ផ្នែក​កម្មវិធី​ការធ្វើ Impeachment បាន​បញ្ជាក់ថា ព្រឹទ្ធសភា អាច​កំណត់​ច្បាប់​ដោយ​ខ្លួនឯងបាន និង​អាច​បើក​ការស៊ើបអង្កេត​បាន ក្នុងអំឡុងពេល ១ថ្ងៃ បើសិនជា​ចង់​ធ្វើ​មែនទែន។

-ហេតុ​អី ចាំបាច់​ត្រូវ​ដំណើរការ​ដកតំណែង? នៅពេលដែល​លោក​ត្រាំ នឹង​ផុតពី​តំណែង​ទៅហើយនោះ?

កម្មវិធី​ការធ្វើ Impeachment នេះ ក្រៅពី​ប្រើ​សម្រាប់​ទម្លាក់​លោក​ត្រាំ ចេញពី​កៅអី​ប្រធានាធិបតី​បាន​ហើយ នឹង​អាចធ្វើឱ្យ​លោក​ត្រាំ អស់សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​នៅក្នុងពេល ៤ឆ្នាំ​ខាងមុខ​ទៀតផង។

ឧទាហរណ៍ ពី​ការដកតំណែង​ចៅក្រម ២រូប កាលពី​អតីត ធ្វើឱ្យ​មើលឃើញថា សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក អាច​បោះឆ្នោត​ដោយ​ពិន្ទុ​សំឡេង​ភាគច្រើន ដើម្បីឱ្យ​ដក​ប្រធានាធិបតី ជា​អ្នក​ដែល​ខ្វះ​គុណសម្បត្តិ សម្រាប់​ការ​គ្រង​តំណែង​នាពេល​អនាគត​បាន។

លោក ផូ​ល ឃែ​ម​ផូស សាស្ត្រាចារ្យ​ផ្នែក​ច្បាប់រដ្ឋធម្មនុញ្ញ​មកពី​មហាវិទ្យាល័យ ខូ​ឡូ​រ៉ា​ដូ បាន​បញ្ជាក់ថា ត​ឱ្យ​សមាជិក​ព្រឹទ្ធសភា​មើលឃើញថា លោក​ត្រាំ គ្មាន​កំហុស​តាម​ញត្តិ​ដកហូត​តំណែង​ក៏ដោយ តែ​ក៏​នៅ​អាច​បោះឆ្នោត​បញ្ចេញមតិ​បំបែក​ដោយឡែក ដើម្បី​ហាម​មិនឱ្យ​លោក​ត្រាំ ឈរឈ្មោះ​បោះឆ្នោត​តទៅទៀត​បានដែរ។

នោះ​គឺ​មានន័យថា សមាជិក​ព្រឹទ្ធសភា​ដេ​ម៉ូ​ក្រេ​ត ដែល​នឹង​គ្រង​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ចាប់ពី​ចុងខែ​មករា​តទៅ អាច​បោះឆ្នោត​បញ្ចេញមតិ រារាំង​មិនឱ្យ​លោក​ត្រាំ ឈរឈ្មោះ​បេក្ខជន​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០២៤ បាន ដោយ​មិនចាំបាច់​ត្រូវ​ពឹង​សំឡេង​របស់​សមាជិក​ព្រឹទ្ធសភា​រី​ផា​ប្ល៊ី​កាន់​ឡើយ។

ក្នុងករណីនេះ លោក​ត្រាំ អាច​នឹងដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ដើម្បី​ជំទាស់​មតិ​របស់​ព្រឹទ្ធសភា​បាន ប៉ុន្តែ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក ធ្លាប់បាន​បញ្ជាក់​កាលពី​ឆ្នាំ១៩៩២ រួចហើយ​ថា នឹងមិន​ជ្រៀតជ្រែក​ការសម្រេចចិត្ត​របស់​ព្រឹទ្ធសភា ក្នុងករណី​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី Impeachment នោះទេ។

តែ​យ៉ាង​ក៏ដោយ អ្នកជំនាញការ​ផ្នែក​ច្បាប់​ដទៃទៀត យល់ឃើញថា ព្រឹទ្ធសភា នឹង​បោះឆ្នោត​បញ្ចេញមតិ ហាម​លោក​ត្រាំ ឈរឈ្មោះ​បោះឆ្នោត​បាន​ទៀយ ក៏​នៅពេលណា​ដែល​សម្រេច​ឱ្យ​លោក​ត្រាំ មាន​កំហុស​ពិត ដូចដែល​បានដាក់​ញត្តិ​ដកតំណែង​មែន។

ក្រៅពីនេះ សមាជិកសភា​កុង​ហ្គ្រេ​ស នៅ​អាច​ប្រកាសថា លោក​ត្រាំ មាន​ចំណែក​ពាក់ព័ន្ធ​ជាមួយ “ការបង្ក​ចលាចល និង​ការ​ក្បត់” និង​អាស្រ័យ​អំណាច​តាម​បទ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី១៤ (14th Amendment) ដើម្បី​ផ្អាក​លោក​ត្រាំ ពី​ការ​ឈរឈ្មោះ​ទទួល​ការបោះឆ្នោត តែ​ក៏​ត្រូវតែ​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​ពីស​ភា​ទាំង២ សិន​ដែរ។

-តើ​ធ្លាប់មាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ណា ត្រូវ​បានដាក់​ញត្តិ​ដក​ពី​តំណែង​ដល់​ទៅ ២ដង​ពីមុនមក​ដែរឬទេ?

ចម្លើយ​គឺ គ្មានទេ! តែ​អ្នកជំនាញ​ផ្នែក​ច្បាប់ បាន​អះអាងថា រដ្ឋធម្មនុញ្ញ​បានផ្ដល់​អំណាច​ឱ្យ​សភា​កុង​ហ្គ្រេ​ស​ក្នុង​ធ្វើ​បែប​នោះបាន។

លោក​ត្រាំ ធ្លាប់​ត្រូវ​សភាតំណាងរាស្ត្រ បោះឆ្នោត​បញ្ចេញមតិ​ដកតំណែង​កាលពី​ឆ្នាំ២០១៩ ម្ដង​រួចមកហើយ ពីបទ​ប្រើ​អំណាច​ដោយ​មិន​ត្រឹមត្រូវ និង​រារាំង​ការធ្វើការងារ​របស់​ស​ភា​កុង​ហ្គ្រេ​ស ដោយ​ពាក់ព័ន្ធ​នឹង​ករណី ដែល​លោក​ព្យាយាម​ឡប់​ប៊ី​ប្រទេស​យូ​ក្រេ​ន ឱ្យ​រើកកាយ​កំហុស​របស់លោក ចូ បៃ​ដិ​ន ដែល​បន្ទាប់ពី​នោះមក ព្រឹទ្ធសភា បានប្រកាស​នៅក្នុង​កុម្ភៈ ឆ្នាំ២០២០ ថា លោក​ត្រាំ​មិនមាន​កំហុស​ក្នុង​ទាំង ២បទចោទប្រកាន់​នោះទេ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.