ក្រសួងសុខាភិបាលប្រកាសពីការជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត ខណៈករណីឆ្លងថ្មីមិនមានឡើយនៅថ្ងៃនេះ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ១៩ ម្នាក់​ថ្មី​ទៀត និង​មិនមាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ថ្មី​នោះឡើយ។

ករណី​ជាសះស្បើយ​នេះ ជា​បុរស​ជនជាតិ​បារាំង អាយុ៣០ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ផ្លូវ២៩៤ រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (តៃវ៉ាន់) មកដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប២៧៤នាក់ (ស្រី្ត ៥៤នាក់ និង​បុរស ២២០នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៣នាក់ (ស្ត្រី៥៤នាក់ និង​បុរស ២១៩នាក់) និង អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន០១នាក់ ជា​បុរស​ត្រូវបាន​បញ្ជូន​មកពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត​វិញ៕

Related Posts

Leave a Reply

Your email address will not be published.