ភ្នំពេញ៖  ន​ថ្ងៃទី ១៤  ខែមករា  ឆ្នាំ២០២១ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានទូល​ថ្វាយ​នូវ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ​ចំពោះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ នូវ​ព្រះរាជ​ទ្រព្យ​ចំនួន ៣.០០០ដុល្លារ ចំពោះ​កាកបាទក្រហមកម្ពុជា សម្រាប់​ត្រីមាស​ទី១  ឆ្នាំ២០២១ ។

នៅក្នុង​សារលិខិត​នោះ​មាន​ខ្លឹមសារ​ថា ៖ «  ខ្ញុំម្ចាស់  និង​ថ្នាក់ដឹកនាំ  សមាជិក  សមាជិកា  មន្ត្រី  បុគ្គលិក ទាំង​អស់នៃ​កាកបាទក្រហមកម្ពុជា  មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង  ដោយ​បានទទួល​ព្រះរាជ​ទ្រព្យ​ដ៏​ឧត្តុង្គឧត្តម​ចំនួន  ៣.០០០USD (បី​ពាន់​ដុល្លារ​អាមេរិក)  របស់  សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ  ជាទីគោរព​សក្ការៈ  ដែលជា​ព្រះ​រាជូបត្ថម្ភ​ដ៏​ថ្លៃថ្លា​ចំពោះ​កាកបាទក្រហមកម្ពុជា សម្រាប់​ត្រីមាស​ទី១  (ខែមករា  កុម្ភៈ  និង​មីនា) ឆ្នាំ២០២១  តាមរយៈ សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង។

តាងនាម​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិក​ទាំង​អស់នៃ​កាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូម​ព្រះ​បរម​រាជានុញ្ញាត ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​ថ្វាយ  សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ ជា​រៀង​រហូតមក​សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា។

ខ្ញុំម្ចាស់ និង​សហការី​ទាំងអស់ នឹង​ប្រើប្រាស់​ព្រះរាជ​ទ្រព្យ​ដ៏​ឧត្តុង្គឧត្តម​នេះ ទៅតាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជារាស្ត្រ​ក្រីក្រ និង​ប្រជារាស្ត្រ​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេងៗនៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

ខ្ញុំម្ចាស់ សូម​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហា​ក្ស្ត​ត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ២០២១ នេះ សូម​ប្រោស​ព្រះរាជទាន​ព្រះ​ពរជ័យ បវរ​មហាប្រសើរ ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ មាន​ព្រះ​បរមសុខ​គ្រប់ប្រការ ដើម្បី​គង់ប្រថាប់​ជា​មហា​ម្លប់​ដ៏​ត្រជាក់ត្រជុំ សម្រាប់​ប្រជារាស្ត្រ ជា​កូនចៅ ចៅទួត របស់​ព្រះអង្គ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជ្រកកោន​តរៀង​ទៅ។ »

ខាងក្រោម​នេះ​ជា​សារលិខិត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទូលថ្វាយ​ថ្លែង​អំណរ​ព្រះរាជ​គុណ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ៖

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.