ប្រទេស​ចិន៖ បាន​រាយការណ៍ ពី​ការរកឃើញ​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ១នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី១៤មករា) ដែល​នេះ គឺជា​អ្នកស្លាប់​ដំបូង​គេ ក្នុង​ជុំ ៨ខែ ក្នុងខណៈដែល​ប្រទេសមួយ​នេះ កំពុង​តស៊ូ ដើម្បី​គ្រប់គ្រង មិនឱ្យ​ករណី​អ្នក​ឆ្លង​មេរោគ ត្រឡប់មក​ផ្ទុះឡើង​ជាថ្មី​ម្ដងទៀត និង​ត្រៀម​ការស្វាគមន៍​ក្រុម​អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក។

ប្រទេស​ចិន ដែល​អាច​គ្រប់គ្រង​វីរុស​កូ​វីដ-១៩ បាន​ភាគច្រើន ក្រោយ​ប្រើ​វិធាន​ការបិទ​ទីក្រុង​ដ៏​ម៉ឺងម៉ាត់ ពិនិត្យ​រក​មេរោគ​ជាស​ហគ​មន៍ និង​កម្រិត​ការធ្វើដំណើរ​នោះ ស្រាប់តែ​មិន​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ ចំនួន​អ្នក​ឆ្លង​មេរោគ បាន​វិល​ត្រឡប់មក​កើនឡើង​ជាថ្មី​ម្ដងទៀត ជាពិសេស​នៅ​ភាគ​ខាងជើង​របស់​ប្រទេស។

គណៈកម្មការ​សុខភាព​សាធារណៈ​នៃ​ប្រទេស​ចិន បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី១៤ មករា) ថា រកឃើញ​អ្នកស្លាប់ ១នាក់ ដែល​នេះ​ជា​ករណី​ដំបូង​គេ ក្នុង​ជុំ ៨ខែ និង​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី ១៣៨នាក់ ជា​តួលេខ​ប្រចាំថ្ងៃ​ដែល​ខ្ពស់បំផុត ចាប់តាំងពី​ខែមីនា ឆ្នាំទៅ។

មិនមាន​របាយការណ៍​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ នៅក្នុង​ប្រទេស​ចិន តាំងពី​ខែឧសភា ឆ្នាំទៅ​រហូតមក និង​ពេលនេះ​ចំនួន​អ្នកស្លាប់ សរុប​ជា​ផ្លូវការ​របស់​ប្រទេស​ចិន គឺ ៤ ៦៣៥នាក់ ពី​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​ទាំងអស់ ៨៧ ៧០៦នាក់។

មន្ត្រី​សុខភាព​សាធារណៈ មិនបាន​ផ្ដល់​របាយការណ៍​លម្អិត របស់​អ្នកស្លាប់​ចុងក្រោយ​គេ​នេះ​ទេ ដោយ​គ្រាន់តែ​ប្រាប់ថា វា​កើតឡើង​នៅក្នុង​មណ្ឌល​ហ៊ើ​ពេ​យ ដែនដី​ដែល​ខាង​រដ្ឋបាល កំណត់ឱ្យ​ក្លាយជា​ទីក្រុង​ស្ថិតក្រោម​វិធានការ Lockdown។

កាលពី​សប្ដាហ៍​កន្លងទៅ ក្រុម​អាជ្ញាធរ បានធ្វើការ​ពិនិត្យ​រក​មេរោគ​ជា​សហគមន៍ និង​ផ្អាក​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ បិទ​សាលារៀន និង​ហាង​លក់ទំនិញផ្សេងៗនៅក្នុង​ឈឺ​ចៀ​ជួង ទីក្រុង​ឯក របស់​មណ្ឌល​ហ៊ើ​ពេ​យ ដែលជា​មណ្ឌលកណ្ដាល នៃ​ការចម្លង​សាយភាយ​មេរោគ រលក​ចុងក្រោយ​បំផុត​នេះ។

នៅឯ​ទីក្រុង ស៊ី​ង​តៃ ដែល​ស្ថិត​នៅជាប់​គ្នា និង​មាន​ប្រជាជន ៧លាន​នាក់ ក៏​កំពុង​ស្ថិតក្រោម​វិធាន​ការបិទ​ទីក្រុង តាំងពី​ថ្ងៃ​សុក្រ​កន្លងទៅ(ទី៨មករា) ដូចគ្នា​នឹង​ទីក្រុង​ឡាង​ហ្វា​ង ដែលមាន​ប្រជាជន ៥លាន​នាក់​ដែរ។

ចំណែក​មណ្ឌល​ហ៊ើយ​លង់​ចៀង នៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង​នៃ​ប្រទេស​ចិន បានប្រកាស​ស្ថានការណ៍​គ្រាអាសន្ន កាលពី​ថ្ងៃ​ពុធ(ទី១៣មករា) ព្រមទាំង​ប្រកាស​ឱ្យ​ប្រជាជន ៣៧,៥លាន​នាក់ ផ្អាក​ការធ្វើដំណើរ​ចេញពី​មណ្ឌល លើកលែងតែ​ក្នុងករណី​ដែលមាន​ភាពចាំបាច់​មែន​ទែន​តែប៉ុណ្ណោះ។

ការស្លាប់​របស់​ជនរ​ង​គ្រោះ​ក្រោយ​គេ​បំផុត​នេះ បានកើត​ឡើង​ក្នុងខណៈដែល​ប្រទេស​ចិន​បាន​យល់ព្រម​ស្វាគមន៍​ក្រុម​អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​នឹង​ចាប់ផ្ដើម​ដំណើរការ​ការស៊ើបអង្កេត​ដ៏​សែន​ផុយស្រួយ​ខាង​នយោបាយ ដើម្បី​ស្វែងរក​ប្រភព​កំណើត​របស់​រោគរាតត្បាត​ដ៏​ធំ កូ​វីដ-១៩ ដែល​មកដល់​ថ្ងៃនេះ ក្រុម​អ្នកជំនាញការ​ទាំង ១០នាក់​នោះ បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​វូ​ហាន​រួចរាល់​ហើយ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

 #អរគុណសន្តិភាព

Leave a Reply

Your email address will not be published.