ប្រទេស​ឥណ្ឌូនេស៊ី៖ ចាប់ផ្ដើម​គ្រោងការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ឱ្យ​ប្រជាជន​ហើយ តែ​រដ្ឋាភិបាល​បានជ្រើសរើស​ប្រើ​យុទ្ធសាស្ត្រ ផ្ទុយ​ពី​ប្រទេស​ដទៃទៀត​យ៉ាង​ស្រឡះ ដោយបាន​ចាប់ផ្ដើម​ផ្ដល់​វ៉ាក់សាំង​ឱ្យទៅ​មនុស្ស​វ័យ​ធ្វើ​ការងារ ដែលមាន​អាយុ​ចន្លោះ ១៨-៥៩ឆ្នាំ មុន​មនុស្ស​ចាស់ជរា។

លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ក្នុង​វ័យ ៥៩ឆ្នាំ បាន​ចូល​ទទួល​វ៉ាក់សាំង​មុនគេ​ក្នុងប្រទេស កាលពី​ថ្ងៃ​ពុធ ទី១៣ មករា តែ​អនុ​ប្រធានាធិបតី លោក ម៉ា​រូ​ហ្វ អាមីន ដែលមាន​អាយុ ៧៧ឆ្នាំ នឹង​មិនទាន់​បានទទួល​វ៉ាក់សាំង​នៅឡើយ ដោយសារតែ​អាយុ​លើស​ការកំណត់។

ហេតុអ្វី​បានជ្រើសរើស​យក​មនុស្ស​វ័យ​ធ្វើ​ការងារ​មុនគេ?

សាស្ត្រាចារ្យ អាមីន សូ​បាន់​ឌ្រី​អូ សមាជិក​ម្នាក់​ក្នុងចំណោម​ក្រុមទី​ប្រឹក្សា​យុទ្ធសាស្ត្រ “ផ្ដល់​វ៉ាក់សាំង​ឱ្យ​មនុ​ស្សវ័យ​កំលោះ​ក្រមុំ​មុនគេ” របស់​រដ្ឋបាល បាន​យល់ឃើញថា វា​ជា​រឿង​ដែល​សម​ហេតុ​សម​ផល​បំផុត ក្នុង​ការផ្ដល់​វ៉ាក់សាំង​ឱ្យ​មនុស្ស​ក្នុង​វ័យ​ធ្វើការ “ដែល​ចេញពីផ្ទះ និង​ទៅណា​មក​ណា​ហើយ វិលត្រឡប់​មករក​ក្រុមគ្រួសារ​វិញ​នៅពេល​ព្រលប់” មុន​អាយុផ្សេងៗនោះ។

“យើង​តម្រង់​គោលដៅ ទៅរក​មនុស្ស​ដែលមាន​សញ្ញា​ថា អាច​នឹង​នាំ​វីរុស​ទៅ​ចម្លង​រាលដាល​ខ្លាំង​ជាង” លោក​បាន​ប្រាប់​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន BBC ផ្នែក​ភាសា​ឥណ្ឌូនេស៊ី ដោយបាន​អធិប្បាយ​ថា វា​ជា​ឱកាសល្អ​បំផុត​ដែល​នឹង​សាង “ប្រព័ន្ធ​ប្រឆាំង​មេរោគ​បែប​សហគមន៍”  ក្នុង​ក្រុម​ប្រជាជន​របស់​ប្រទេស។

“នោះ​គឺ គោលដៅ​រយៈពេល​វែងរ​បស់​យើង ឬ​យ៉ាងហោចណាស់ ក៏​យើង​អាច​បន្ថយ​តួលេខ​ការឆ្លង​រាលដាល​បាន យ៉ាង​មាន​អត្ថន័យ​សំខាន់ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​វិលត្រឡប់​មក​ដំណើរការ​ទៅមុខ បាន​ម្ដងទៀត​ដែរ”

គេ​បាន​រំពឹងថា ៦០-៧០% នៃ​ចំនួន​ប្រជាជន​ទាំងអស់​ក្នុង​ពិភពលោក ត្រូវតែមាន​ប្រព័ន្ធ​ប្រឆាំង​មេរោគ​មុន​ពេលដែល​មេរោគ​នឹង​មិនអាច​ចម្លង​បាន​ដោយ​ងាយ តែ​តួលេខ​នេះ ត្រូវតែ​កើនឡើង​ថែមទៀត បើសិន​មេរោគ​ដែល​ក្លាយ​ពូជ ចម្លង​រាលដាល​យ៉ាង​ទូលំទូលាយ​ផង​នោះ។

លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ក្នុង​វ័យ ៥៩ឆ្នាំ ជា​អ្នក​ចាក់​វ៉ាក់សាំង​មុនគេ​ក្នុងប្រទេស​កាលពី​ថ្ងៃទី១៣ មករា​កន្លងទៅ

ប្រទេស​ឥណ្ឌូនេស៊ី មាន​ប្រជាជន​ចំនួន​ជាង ២៧០លាន​នាក់ មាន​តួលេខ​អ្នក​ឆ្លង​មេរោគ​សរុប​ខ្ពស់បំផុត​ក្នុង​ភូមិភាគ​អាស៊ី​ភាគ​អាគ្នេយ៍ ហើយ​ទិន្នន័យ​របស់​រដ្ឋបាល​ឥណ្ឌូនេស៊ី បាន​បញ្ជាក់ថា ៨០% នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ ជា​មនុស្ស​ក្នុង​វ័យ​ធ្វើកា​ងារ។

លោក ប៊ូ​ឌី គូ​ណា​ឌី រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួងសុខាភិបាល បាន​ប្រាប់ថា យុទ្ធសាស្ត្រ​នេះ មិនមែន​ត្រឹមតែ​ដើម្បីឱ្យ​សេដ្ឋកិច្ច វិល​ត្រឡប់មក​ដំណើរការ​ទៅមុខ​បាន​ឡើងវិញ​ប៉ុណ្ណោះ​ទេ តែ គឺ​ដើម្បី​ការពារ​ក្រុមមនុស្ស​ដែលមាន​សញ្ញា​ថា នឹង​ឆ្លង​មេរោគ និង​នាំទៅ​ចម្លង​សាយភាយ​បន្ត​ទៀតផង។

“យើង​ផ្ដល់​ភាព​សំខាន់​ជាមួយ​ក្រុមមនុស្ស​ដែល​ត្រូវធ្វើ​ការងារ ដែល​អាច​នឹង​ជួប​ជាមួយ​មនុស្សម្នា​ចំនួន​ដ៏​ច្រើន ដូចជា​ក្រុម​ម៉ូតូឌុប ប៉ូលិស ទាហាន…យើង​មិន​ចង់ឱ្យ​ប្រជាជន​គិតថា នេះ​គ្រាន់តែ​ជាហេតុ​ផល​ខាង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​វា​ជា​រឿង​នៃ​ការការពារ​ជីវិត​មនុស្ស”

ហើយ​ចុះ​មនុស្ស​ចាស់​វិញ?

រដ្ឋបាល​មើលឃើញថា យុទ្ធសាស្ត្រ​នេះ គឺជា​ការការពារ​មនុ​ស្ស​ចាស់។

“ការផ្ដល់​ប្រព័ន្ធ​ប្រឆាំង​មេរោគ​ដល់​សមាជិក​ក្នុងផ្ទះ ដែល​ចេញទៅ​ធ្វើការ មានន័យ​ស្មើនឹង​ពួកគេ នឹងមិន​នាំ​មេរោគ​វីរុស​ត្រឡប់មកផ្ទះ ដែលមាន​មនុស្ស​ចាស់​រស់នៅ​ជាមួយ​នោះទេ” លោក​វេជ្ជបណ្ឌិត ស៊ិ​ទី ណា​ឌៀ ថា​មី​ស៊ី អ្នកនាំពាក្យ​គ្រោងការ​ចាក់​វ៉ាក់សាំង​របស់​ក្រសួងសុខាភិបាល បាន​ថ្លែង​បែបនេះ។

មនុស្ស​ចាស់​ភាគច្រើន នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី រស់នៅក្នុង​ក្រុមគ្រួសារ​ធំ នោះ​មានន័យថា វា​សឹងតែ​មិនអាច​ទៅរួច​ឡើយ ដែល​ចង់ឱ្យ​មនុស្ស​ចាស់​ទាំងនោះ បង្ខាំង​ខ្លួន​នៅ​ដាច់ដោយឡែក​នោះ។

“ដូច្នេះហើយ ទើប​មាន​ចំណុច​ល្អ ១ប្រការ​ទៀត​នៃ​ការធ្វើ​បែបនេះ គឺ​ការឱ្យ​វ៉ាក់សាំង​ទៅ​មនុស្ស​អាយុ​ចន្លោះ ១៨-៥៩ឆ្នាំ គឺ​វា​មានន័យ​ស្មើនឹង​យើង​ផ្ដល់​ការការពារ​មនុស្ស​ចាស់ ដែល​ពួកគាត់​រស់នៅ​ក្នុងផ្ទះ​ជាមួយ​ដែរ​ហ្នឹងឯង”

ប្រទេស​ឥណ្ឌូនេស៊ី មាន​អ្នក​ឆ្លង​មេរោគ​ច្រើនជាង ៦សែន​នាក់ ចាប់តាំងពី​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩ បានចាប់ផ្ដើម​ឡើង

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.