តាកែវ៖ ឧ​ត្ត​ម​សេនីយ៍​ត្រី នាង សុភា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​តាកែវ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តតាកែវ បាន​ជួប​សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន​ក្នុងស្រុក​ត្រាំកក់ ចំនួន ២០គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត ដោយបាន​នាំយក​អំណោយ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​អតីតយុទ្ធជន​ទាំង ២០គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ​គ្រឿង ឧបភោគបរិភោគ ០៨មុខ និង​ថវិកា​ចំនួន ៥ម៉ឺន​រៀល ។

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​អភិបាលស្រុក​ត្រាំកក់ ប្រធានកិត្តិយស ស.អ.ក ស្រុក លោក​អធិការ​ស្រុក មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក មេបញ្ជាការ​ផ្នែក​សឹក​រង និង​អាជ្ញាធរ​ភូមិ-ឃុំ ផងដែរ។

ថ្លែង​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នាង សុភា​រ៉ា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែលជា​និច្ចកាល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ចំពោះ​អតីតយុទ្ធជន​នៅ​គ្រប់​ទីកន្លែង ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ដែលមាន​ការខ្វះខាត និង​កំពុងតែ​ត្រូវការ​ជំនួយ ក្នុងដំណាក់កាល​ដែល​ពួកគាត់​ជួប​ការលំបាក និង​បញ្ហា​ប្រឈម​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ-១។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​ណែនាំ​ដល់​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សារ​អនាម័យ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ចំពោះ​វិធានការ​ទាំងឡាយ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.