បរទេស៖ សារព័ត៌មាន​អន្តរជាតិ កាលពី​ថ្ងៃទី១៣ មករា បាន​រាយការណ៍ សេចក្ដីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ថា សហរដ្ឋអាមេរិក បាន​ផ្អាក​ជាបន្ទាន់​នូវ​ផែនការ​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​តៃវ៉ាន់ របស់លោក​ស្រី ឃែ​ល​លី ក្រា​ហ្វ​ត៍ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​អង្គការសហប្រជាជាតិ ក្នុង​សប្ដាហ៍​នេះ។

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បានប្រកាសថា ក្រសួង​នឹង​ផ្អាក “ផែនការ​ធ្វើដំណើរ​ទស្ស​ន​កិច្ច​ក្រៅប្រទេស​ទាំងអស់​ក្នុង​សប្ដាហ៍​នេះ” ដើម្បី​រង់ចាំ​ឱ្យមាន​ការផ្ទេរ-ប្រគល់​អំណាច ឱ្យទៅ​ក្រុមការងារ​របស់លោក ចូ បៃ​ដិ​ន អនាគត​ប្រធានាធិបតី​សហរដ្ឋអាមេរិក មុន​លោក​ចូល​ទទួល​តំណែង​នៅ​ថ្ងៃទី២០ មករា​ខាងមុខ។

តាមរយៈ​ការផ្អាក​នេះ វា​ក៏មាន​វិសាលភាព​គ្របដណ្ដប់​ដល់​ផែនការ ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​អឺរ៉ុប របស់លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ដូចគ្នា​ផងដែរ។

  លោកស្រី ឃែ​ល​លី ក្រា​ហ្វ​ត៍ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​អង្គការសហប្រជាជាតិ

ចំណែក​ក្រសួងការបរទេស (MOFA)តៃវ៉ាន់ បាន​ថ្លែង​នៅ​ថ្ងៃទី១៣ មករា ដូចគ្នា ក្រោយ​ការផ្អាក​យ៉ាង​បន្ទាន់​នេះ​ថា  “យល់ និង​គោរព​លើ​ការសម្រេចចិត្ត​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក និង​បាន​បន្ថែមថា តៃវ៉ាន់​នៅតែ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​តៃវ៉ាន់ នៅពេល​វេលា​ដ៏​ស័ក្តិសម​ណាមួយ​នាពេល​អនាគត”

កាលពីពេល​មុននេះ ព័ត៌មាន​នៃ​ផែនការ​ទស្សនកិច្ច​តៃវ៉ាន់​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ UN នេះ បាន​ក្លាយជា​ព័ត៌មាន​ល្បី​រន្ទឺ​ថា នឹង​បង្ក​ភាព​តានតឹង​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ជាថ្មី​ម្ដងទៀត។

ក្នុង​កំណត់​ការ​ទស្សនកិច្ច​តៃវ៉ាន់​រយៈពេល ៣ថ្ងៃនោះ លោកស្រី ក្រា​ហ្វ​ត៍ មានកំណត់​ការ​ចូលជួប​លោកស្រី​ប្រធានាធិបតី ឆៃ អ៊ីង​វឹ​ន របស់​តៃវ៉ាន់​ទៀត ដែល​នេះ​ជា​លើកដំបូង​ហើយ ចាប់តាំងពី​តៃវ៉ាន់ បាត់បង់​ឋានៈ​ជា​សមាជិក​ក្នុង​អង្គការសហប្រជាជាតិ កាលពី​ឆ្នាំ១៩៧១ ក្រោយពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលរួម​ជា​សមាជិក​អង្គការសហប្រជាជាតិ ហើយ​ចិន​បាន​ប្រកាន់​គោលជំហរ​មករ​ហូត​ថា ចិន​មានអំណាច​អធិបតេយ្យភាព លើ​កោះ​តៃវ៉ាន់ ដែល​ត្រឹមតែ​ជា​មណ្ឌល​មួយ ដែល​រង់ចាំ​ការរួមបញ្ចូល​គ្នា​ជាមួយ​ប្រទេស​ចិន​ជាថ្មី​ម្ដងទៀត​ប៉ុណ្ណោះ៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.