ភ្នំពេញ៖  រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​នៃ​ប្រទេស​កម្ពុជា ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន អមដំណើរ​ដោយ រដ្ឋលេខាធិការ​ប្រចាំការ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម ឈួ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​ជំនាញ នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ចំនួន២ខ្សែ ប្រវែង​សរុប១៥គីឡូម៉ែត្រ និង១៨៧ម៉ែត្រ ក្នុង​ក្របខណ្ឌ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី២ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

ខ្សែ​ទី១៖ មាន​ប្រវែង ៤ គីឡូម៉ែត្រ និង១៥០ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥៣ ត្រង់ចំណុច​ភូមិ​ប្រ​ច័​ក្ស ទៅ​ភូមិ​ព្រៃ​មូល ភូមិ​តា​លោ​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ និង​ខ្សែ​ទី២៖ ប្រវែង១១ គីឡូម៉ែត្រ និង៣៧ ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​លេខ ១៥០ A ត្រង់ចំណុច​ភូមិ​សាលា​លេខ៥ ទៅ​ផ្លូវ​លេខ​១៥០B ទៅដល់​ភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជា​លទ្ធផល ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​សម្រេចបាន​ប្រមាណ៤៨%ហើយ គ្រោង​នឹង​ក្រាល​កៅស៊ូ​ស្រទាប់​ទី១ នៅ​ខែសីហា និង​បញ្ចប់១០០% នៅ​ដើមឆ្នាំ២០២២ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ។

ថ្លែង​ក្នុងឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន បាន​បញ្ជាក់ថា គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី២ ក្រោម​ហិរញ្ញប្បទាន ឥត​សំណង​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា គ្រប់គ្រង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​រយៈពេល៣០ ខែ​ចាប់ពី​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយ​អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន៦ គឺ​ខេត្តកំពង់ស្ពឺ ៤ខ្សែ ខេត្តកណ្តាល ៣ខ្សែ ខេត្ត​ត្បូងឃ្មុំ ២ខ្សែ ខេត្តព្រៃវែង ១ខ្សែ និង​នៅក្នុង​ខេត្តស្វាយរៀង ចំនួន ១ខ្សែ និង​នៅ​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន ៦ខ្សែ ប្រវែង​សរុប៣៦គីឡូម៉ែត្រ និង៥២០ម៉ែត្រ រួមទាំង​សំណង់​ដោះ​ទឹក​ផងដែរ។ គម្រោង​ជំហាន​ទី២នេះ​នឹងត្រូវ​ធ្វើការ​ស្ថាបនា​ផ្លូវ​ជនបទ ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ប្រវែង​សរុប ១១៩ គីឡូម៉ែត្រ និង៤៦៧ម៉ែត្រ ដែល​ត្រូវបាន​ចែកជា​ពីរ​កញ្ចប់​ផ្សេងគ្នា រួមមាន៖ កញ្ចប់​ទី១ អនុវត្ត​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd. នឹងត្រូវ​ធ្វើការ​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ប្រវែង​សរុប ៧៩ គីឡូម៉ែត្រ និង១៣៧ ម៉ែត្រ នៅក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និង ខេត្តកណ្តាល។ ជា​លទ្ធផល សម្រេចបាន​ប្រមាណ ៤៥.២៦% នៃ​គម្រោង។ ដោយឡែក​កញ្ចប់​ទី២ អនុវត្ត​ដោយ​ក្រុមហ៊ុន YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO., LTD នឹងត្រូវ​ធ្វើការ​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ប្រវែង​សរុប ៤០គីឡូម៉ែត្រ និង៤១ម៉ែត្រ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង ។ ជា​លទ្ធផល សម្រេចបាន ១៥.៦៤% នៃ​គម្រោង​ទាំងមូល។

ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ​ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ដ្រី​បច្ចេកទេស​ប្រចាំការ នៅ​ការដ្ឋាន​ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​គំរូ​ប្លង់​ដែល​បានគ្រោង​ទុក ដើម្បី​ធានាបាន​ទាំង​គុណភាព និង​សោ​ភ័​ណ្ឌ​ភាព៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.