​វ៉ាស៊ីនតោន៖ បញ្ជា Lockdown ទីក្រុង​វ៉ាស៊ីនតោន ទទួល​ពិធី​ស្បថសច្ចា​ប្រណិធាន ចូល​ទទួល​តំណែង​របស់​អនាគត​ប្រធានាធិបតី ចូ បៃ​ដិ​ន ចំណែក​ក្រុមហ៊ុន ដែល​តា អ៊ែរ​ឡាញ បានចេញ​ច្បាប់​ហាមឃាត់​ថ្មី សម្រាប់​អ្នកធ្វើដំណើរ​ឆ្ពោះទៅ​ទីក្រុង​ចម្បង​របស់​សហរដ្ឋអាមេរិក​មួយ​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី១៤មករា)ម្សិលមិញ ខណៈ​គណបក្ស​ដេ​ម៉ូ​ក្រេ​ត បានបញ្ជាក់​ការព្រមាន ពី​ភាព​អាចទៅរួច​ក្នុងការ​កើតមាន​អំពើហិង្សា​ខាង​នយោបាយ សូម្បីតែ​ក្រោយ​ពិធី​ស្បថ​ចូលកាន់​តំណែង ថ្ងៃទី២០ មករា ហើយក៏​ដោយ។

សណ្ឋាគារ ជើងហោះហើរ និង​ផ្នែក​ធុរកិច្ចផ្សេងៗ បាននាំគ្នា​លើកកម្ពស់​ការការពារ​សុវត្ថិភាព ចំណែក​រដ្ឋបាល មាន​ផែនការ​ប្រចាំការ​កងកម្លាំង​រក្សា​មាតុភូមិ​យ៉ាងតិច ២ ០០០នាក់​នៅក្នុង​ទីក្រុង​មួយ​នេះ ខណៈដែល​ក្រុម​សកម្មជនផ្សេងៗ បាន​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ភាព​អាចទៅរួច ក្នុងការ​កើតហេតុ​ការណ៍​ធ្ងន់ធ្ងរ ដល់​ថ្នាក់​សំណូមពរ​ឱ្យ​បណ្ដា​សណ្ឋាគារ បិទ​បម្រើ​សេវាកម្ម មុន​ដល់​ថ្ងៃ​ធ្វើ​ពិធី ដោយ​ចាប់ផ្ដើម​តាំងពី​ចុង​សប្ដាហ៍​នេះ​ទៅ​តែម្ដង។

ក្រុមហ៊ុន​អាកាសចរណ៍ នឹងមិន​អនុញ្ញាតឱ្យ​អ្នកធ្វើដំណើរ ដែល​ឆ្ពោះទៅ​ព្រលានយន្តហោះផ្សេងៗ ក្នុង​ទីតាំង​ក្រុង​វ៉ាស៊ីនតោន ឆេ​ក​អ៊ី​ន​អាវុធជាតិផ្ទុះ ដើម្បី​យក​ចូលក្នុង​យន្តហោះ​បានឡើយ មុន​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក​ចូ បៃ​ដិ​ន។ នេះ​បើតាម​ការឱ្យ​ដឹង របស់លោក អេ​ត បា​ស្ទៀ​ន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី១៤មករា)ម្សិលមិញ។

“យើងទាំងអស់គ្នា ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ដំណាក់កាល​មូលដ្ឋាន នៃ​ហេតុការណ៍ផ្សេងៗ ក្នុងអំឡុងពេល ២សប្ដាហ៍​ក្រោយ​បំផុត ក្នុង​ទីក្រុង​វ៉ាស៊ីនតោន” លោក​បា​ស្ទៀ​ន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន CNBC បន្ទាប់ពីនោះ លោក​បាន​ប្រាប់​ទៅ​រ៉​យ​ទ័​រ នៅពេល​ក្រោយមក​ទៀតថា ខាង​ក្រុមហ៊ុន បានដាក់​បញ្ជីខ្មៅ ហាម​បណ្ដា​អ្នកធ្វើដំណើរ​ដែល​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ចលាចល​កាលពីពេល​មុននេះ ឡើង​ជិះ​យន្តហោះ ឧទាហរណ៍​ដូចជា​បុគ្គល​ដែល​ធ្លាប់​វាយប្រហារ​លោក មិ​ត​ត៍ រ៉ូម​នី​យ៍ សមាជិក​រដ្ឋសភា​សហ​រដ្ឋ​អាមេរិក មកពី​គណបក្ស​រី​ផា​ប្ល៊ី​កាន់ ជាដើម។

សកម្មភាព​នេះ បានកើត​ឡើង​តាម​ក្រោយ​ហេតុការណ៍ ដែល​បណ្ដា​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ វាយ​សម្រុកចូល​អគារ​រដ្ឋសភា កាលពី​សប្ដាហ៍​មុន និង​បញ្ហា​ភាពច្របូកច្របល់​នៅក្នុង​ជើងហោះហើរ និង​តាម​ព្រលានយន្តហោះ​នានា និង​កើតឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​ព្រមាន​ថា ក្រុម​អ្នកប្រឆាំង​តវ៉ា​ប្រដាប់អាវុធ មាន​ផែនការ​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​ក្នុង​រដ្ឋ​ចំនួន ៥០ទៀត​ទូទាំងប្រទេស។

ក្នុង​ទីក្រុង​វ៉ាស៊ីនតោន របង​ដែក​កម្ពស់​ច្រើន​ម៉ែត្រ ត្រូវបាន​បំពាក់​ជុំវិញ​អគារ​រដ្ឋសភា តាម​បណ្ដោយ​វែង រហូត​ទៅដល់​អគារ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក និង​បណ្ណាល័យ​រដ្ឋសភា ដែល​ស្ថិតនៅ​លើផ្លូវក្បែរៗនោះ ក៏ត្រូវ​បាន​បិទ​ដែរ។ ផ្នែក​ធុរកិច្ច​មួយចំនួន បាន​ប្រាប់ថា នឹង​ចាប់ផ្ដើម​បិទ​សេវាកម្ម​នៅ​សប្ដាហ៍​ក្រោយ និង​ការិយាល័យ​ដឹកជញ្ជូន​សាធារណៈ​របស់​ទីក្រុង បាន​បញ្ជាក់ថា នឹង​បិទ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយចំនួន និង​កែសម្រួល​ខ្សែ​ផ្លូវ​រថយន្តក្រុង ចាប់ពី​ថ្ងៃ​សុក្រ ទី១៥ រហូត​ទៅដល់​ថ្ងៃទី២១ មករា។

លោក មែ​រី មែ​កខត អតីត​ប្រធាន​ផ្នែក​សន្តិសុខ​ជាតិ នៃ​ក្រសួងយុត្តិធម៌ ក្នុងសម័យ​រដ្ឋបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ដាស់តឿន​ថា ស្ថានការណ៍​អសន្តិសុខ អាច​នឹង​កើតឡើង ហួស​ពីថ្ងៃ​ស្បថ​ចូលកាន់​តំណែង​នោះ​ទៅទៀត។

លោក​ថ្លែងថា “លោកអ្នក កំពុង​មើលឃើញ​សកម្មភាព ការរៀប​ផែនការ និង​ការបង្ក​អសន្តិសុខ របស់​ក្រុម​ក្បាលរឹង ផុស​ឡើង​ម្ដងទៀត ដូច្នេះ​ខ្ញុំ​មិន​គិតថា បញ្ហា​នេះ​នឹង​បាត់​ទៅវិញ ដំណាលគ្នា​នឹង​ប្រធានាធិបតី​ម្នាក់​នោះ ចាក​ចេញពី​សេត​វិមាន​នោះទេ”

សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ(ទី១៣មករា) បាន​បោះឆ្នោត​បញ្ចេញមតិ ដក​លោក​ត្រាំ​ចេញពី​តំណែង តាម​បទចោទប្រកាន់​ពន្យុះ​ញុះញង់ ក្រោយពី​បណ្ដា​អ្នកគាំទ្រ​រូបលោក បាន​សម្រុកចូល​វាយប្រហា​រ និង​រាតត្បាត​ទូទាំង​អគារ​រដ្ឋសភា បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ៥នាក់។

អាជ្ញាធរ​រដ្ឋបាលកណ្ដាល បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រួចហើយ​ជាច្រើន​សិប​នាក់ ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ក្នុង​ហេតុការណ៍​សម្រុកចូល​វា​យ​ប្រហារ​អគារ​រដ្ឋសភា។

សមាជិកសភា​តំណាងរាស្ត្រ មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត​ច្រើនជាង ៣០នាក់ បាន​សំណូមពរ​ឱ្យ​ប្រធាន​ប៉ូលិស​ស្ដីទី ប្រចាំ​រដ្ឋសភា ត្រួតពិនិត្យ​កំណត់ហេតុ​ភ្ញៀវ​ដែល​មក​ទាក់ទង, ខ្សែ​វីដេអូ រួមទាំង​ទិន្នន័យផ្សេងៗទៀត ដើម្បីឱ្យ​បានដឹងថា តើ​មាន​នរណា​ខ្លះ​ស្ថិតនៅក្នុង​តួ​អគារ នៅថ្ងៃនោះ។

លោកស្រី មិ​គី ឈើ​រី​ល​ល៍ សមាជិកសភា មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត ដែល​បាន​ចោទប្រកាន់​គណបក្ស​រី​ផា​ប្ល៊ី​កាន់(គណបក្ស​លោក​ត្រាំ)ថា ពាក់ព័ន្ធ​នឹង​ការ​ពន្យុះ​ញុះញង់​ក្រុមបាតុករ​គាំទ្រ​លោក​ត្រាំ ដោយ​លោកស្រី​បាន​អះអាងថា លោកស្រី​បានឃើញ​បណ្ដា​សមាជិកសភា មកពី​គណបក្ស​រី​ផា​ប្ល៊ី​កាន់ ជាច្រើន​នាក់ បានធ្វើ​ខ្លួន​ជា​អ្នកដឹកនាំ​ក្រុមផ្សេងៗ ក្នុង​ការនាំ​ដំណើរ​ទស្សនកិច្ច​ស៊ើបការណ៍​អំពី​អគារ​រដ្ឋសភា មុន​ថ្ងៃកើតហេតុ​វាយប្រហារ​ថ្ងៃទី៦ មករា​នោះ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.