មណ្ឌលគិរី ៖ តាមរយៈ​របាយការណ៍​ដែល​បង្ហាញ​ដោយ​អង្គការ WWFបានឱ្យដឹងថា រយៈពេល២ទស្សវត្សរ៍​មកហើយ ដែល WWF បាន​នឹង​កំពុង​ធ្វើ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ក្រសួងបរិស្ថាន និង​បណ្តា​ដៃគូ​ដទៃផ្សេងៗទៀត ដើម្បី​គ្រប់គ្រង និង​ថែរក្សា​ធនធាន​ជីវៈចម្រុះ​ដ៏​សម្បូរបែប នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក លើ​ផ្ទៃដី​សរុប​ប្រមាណ៦០០០គីឡូម៉ែត្រ​ការ៉េ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តមណ្ឌលគិរី។

លោក សេង ទៀក នាយក​អង្គការ មូលនិធិ សកល សម្រាប់ អភិរក្ស ធម្មជាតិ (WWF) បាន​លើកឡើងថា កម្ពុជា​ជា​ប្រទេស​ទី១០ ដែលមាន​ផ្ទៃដី​អភិរក្ស​ធនធានធម្មជាតិ​ធំជាងគេ នៅលើ​ពិភពលោក។

លោក​ថា ដែនជម្រកសត្វព្រៃ​ទាំងពីរ​នេះ ជា​តំបន់ការពារធម្មជាតិ​ចំនួន​ពីរ ដែល​ស្ថិតនៅ​ក្នុងចំណោម​តំបន់​ការពារ​ផ្សេងទៀត នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពស់​រាប​ភាគ​ខាងកើត ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ចំនួន២៧,៤៦០គីឡូម៉ែត្រ​ការ៉េ ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី និង​ក្រចេះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា មាន​ផ្ទៃដី​អភិរក្ស​ទំហំ ៧លាន ៣សែន​ហិកតា និង​មាន​ទីតាំង​ចំនួន៦៨កន្លែង ហើយ​នៅមាន ៦៣កន្លែង ជា​តំបន់ការពារធម្មជាតិ សំ​ដោ​ទៅលើ​ដែនជម្រកសត្វព្រៃ ឧទ្យាន​ជាតិ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ព្រមទាំង​របៀង​អភិរក្ស​ជីវៈចម្រុះ។

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ ក៏បាន​គូសបញ្ជាក់ថា សម្រាប់​ផ្ទៃដី ៧លាន ៣សែន​ហិកតា ដែល​ប្រទេស​កម្ពុ​ជាមាន គឺ​ស្មើនឹង៤១ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា។ បន្ថែម​ពីនេះ បើ​និយាយ​ពី​គម្រប​ព្រៃឈើ​កម្ពុជា នៅសល់៤៦,៨៦ភាគរយ គឺ​ប្រមាណ​ជាង ៨លាន​ហិកតា។

លោក នេត្រ ភក្ត្រា បាន​លើកឡើងថា ទស្សនកិច្ច​នេះ ធ្វើឡើង​ស្របតាម​គោលការណ៍​របស់​ក្រសួងបរិស្ថាន ដើម្បី​លើកទឹកចិត្ត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង សារព័ត៌​មាននៅ​កម្ពុជា ក្នុង​ការបន្ត និង​បង្កើន​ការផ្សព្វផ្សាយ​របស់ខ្លួន​ស្តីពី​ប្រធានបទ​បរិស្ថាន ធនធានធម្មជាតិ និង​ជីវៈចម្រុះ ឱ្យបាន​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​ផ្តល់នូវ​ព័ត៌មាន និង​ចំណេះដឹង​ឱ្យបាន​ដល់​ប្រជាជន​គ្រប់​ស្រទាប់​ទាំងអស់ នៅក្នុង​សង្គម​កម្ពុជា និង​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ​សត្វព្រៃ​ដែល​កម្ពុជា មាន​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.