ចក្រភព​អង់គ្លេស៖  ប្រកាស​ហាម​ជើងហោះហើរ មកពី​ទ្វីបអាមេរិក​ខាងត្បូង ព័រ​ទុយ​ហ្គា​ល់ និង​សាធារណរដ្ឋ កា​ប៊ូ​វេ​ឌី ក្នុង​ទ្វីបអាហ្វ្រិក ធ្វើដំណើរ​ចូល​ប្រទេស ចាប់ពី​ម៉ោង ០៤.០០GMT នៃ​ថ្ងៃទី១៥ មករា(ម៉ោង ១១ថ្ងៃ​ក្នុងប្រទេស​កម្ពុជា)តទៅ ដើម្បី​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​ក្លាយ​ពូជ ដែល​កំពុង​រកឃើញ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល។

ពលរដ្ឋ​សញ្ជាតិ​អង់គ្លេស, អៃ​រី​ស និង​ជនបរទេស ដែលមាន​សិទ្ធិ​ស្នាក់នៅ​តាមច្បាប់ ក្នុង​ចក្រភព​អង់គ្លេស នៅតែ​បានទទួល​ការអនុញ្ញាត​ឱ្យចូល​ប្រទេស​បាន តែ​ត្រូវដាក់​ឱ្យនៅ​ដោយឡែក​រយៈពេល ១០ថ្ងៃ។

កាលពីពេល​មុននេះ ប្រទេស​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង សុទ្ធតែ​រកឃើញ​វីរុស​កូ​រ៉ូ​ណា​ក្លាយ​ពូជ ដែល​ធ្វើឱ្យ​ប្រទេស​ជាច្រើន ចេញ​ច្បាប់​ទប់ស្កាត់ ការធ្វើដំណើរ​ចូល​ប្រទេស​របស់​អ្នកដំណើរ​មកពី​ប្រទេស​ទាំង ២នេះ។

ប្រទេស​ប្រេ​ស៊ី​ល ឈី​លី កួ​តេ​ម៉ា​ឡា និង​ប៉ា​ណា​ម៉ា បានចេញ​របៀប​វិធី​ទប់ស្កាត់​ការធ្វើដំណើរ​ចូល​ប្រទេស ចំពោះ​អ្នកធ្វើដំណើរ​មកពី​ចក្រភព​អង់គ្លេស ខណៈដែល​អា​ហ្ស​ង់​ទីន និង​អ៊ុ​រុ​ហ្កា​យ បានចេញ​បញ្ជា មិន​ទទួល​ជនបរទេស ដែល​មិនមាន​សិទ្ធិ​ស្នាក់នៅ​តាមច្បាប់ ធ្វើដំណើរ​ចូល​ប្រទេស។

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក ធ្វើដំណើរ​ទៅដល់​ប្រទេស​ចិន​ហើយ

ក្រុម​អ្នកវិទ្យាសាស្ត្រ ពី​អង្គការ​សុខភាព​ពិភពលោក ឬ​WHO បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ចិន​ហើយ ដើម្បី​ពិនិត្យមើល​ប្រភព​កំណើត​របស់​ជំងឺ​កូ​វីដ-១៩ ដោយ​ការធ្វើដំណើរ​ទៅដល់​របស់​ក្រុមមន្ត្រី​ទាំងនោះ បាន​កើតឡើង​ក្នុងអំឡុង​ដែល​ប្រទេស​ចិន កំពុង​វិលត្រឡប់ មក​មាន​អ្នក​ឆ្លង​មេរោគ​កើនឡើង​ខ្ពស់​ជាថ្មី​ម្ដងទៀត។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ថា គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ១៣៨នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី១៤មករា) ដែល​អាច​និយាយបានថា ជា​ចំនួន​អ្នក​ឆ្លង​មេរោគ​ដែល​ខ្ពស់បំផុត ចាប់តាំងពី​ខែ​មិនា ឆ្នាំកន្លងមក។

ស្ត្រី​ម្នាក់ ដែលមាន​បញ្ហា​ផ្នែក​សុខភាព​ពីមុនមក​ស្រាប់ បាន​ក្លាយជា​អ្នកជំងឺ​កូ​វីដ-១៩ ដំបូង​គេ​ដែល​បាន​ស្លាប់ ក្នុងអំឡុង​ជុំ​ច្រើន​ខែ​កន្លងមកនេះ របស់​ប្រទេស​ចិន។

អ្នក​ឆ្លង​មេរោគ​បាន​ផ្ដុំគ្នា​នៅក្នុង​មណ្ឌល​ហ៊ើ​ពេ​យ ភាគ​ខាងកើត​ឆៀង​ខាងជើង​របស់​ប្រទេស​ចិន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ប៉េកាំង និង​មណ្ឌល​ហ៊ើយ​លង់​ចៀង ដែលមាន​ព្រំដែន​ជាប់​នឹង​ប្រទេស​រុស្ស៊ី។

ទោះជា​អ្នក​ឆ្លង​មេរោគ​ក្នុងប្រទេស​ចិន​នាពេលនេះ អាច​និយាយបានថា មាន​ចំនួន​មិន​ច្រើន​ទេ បើ​ប្រៀបធៀប​នឹង​អ្នក​ឆ្លង​មេរោគ​ក្នុងប្រទេស​ជាច្រើន​ទៀត​មែន តែ ក៏​ធ្វើឱ្យ​កើតមាន​ក្ដីកង្វល់​យ៉ាងខ្លាំង​នៅក្នុង​ប្រទេសមួយ​នេះ ជាពិសេស​ក្នុងអំឡុងពេល​មិន​ប៉ុន្មាន​សប្ដាហ៍ មុន​ដល់​រដូវ​កាល​ចូលឆ្នាំ​ចិន ដែល​មនុស្ស​ជាច្រើន​រយ​លាន​នាក់ កំពុង​ប្រុងប្រៀប​ធ្វើដំណើរ​ទូទាំងប្រទេស។

ខណៈដែល WHO បាន​បញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ ២នាក់ មិនអាច​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វូ​ហាន​បានឡើយ ព្រោះ​ត្រូវបាន​ពិនិត្យ​រកឃើញថា មាន​អង់ទីគ័រ​របស់​វីរុស​កូ​រ៉ូ​ណា ដែល​ធ្វើឱ្យ​កើត​ជំងឺ​កូ​វីដ-១៩ មុនពេល​ឡើង​យន្តហោះ​ពី​ប្រទេស​សិង្ហ​បុរី។

មន្ត្រី WHO ត្រូវ​បង្ខាំង ដាក់​នៅ​ដោយឡែក មុន​ចាប់ផ្ដើម​ភារកិច្ច

មន្ត្រីរដ្ឋបាល​របស់​ប្រទេស​ចិន​ក្នុង​ឈុត​ការពារ​មេរោគ បាន​មកជួប​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ WHO ទាំង ១៣នាក់ ដែល​បានទទួល​ការពិនិត្យ​រក​មេរោគ ពេលធ្វើ​ដំណើរ​ទៅដល់។ ពួកគេ​នឹងត្រូវ​ចូល​ទទួល​ការដាក់​ឱ្យនៅ​ដោយឡែក រយៈពេល ២សប្ដាហ៍​នៅក្នុង​សណ្ឋាគារ មុននឹង​ចាប់ផ្ដើម​ភារកិច្ច។

ក្រុមមន្ត្រី​ទាំងនោះ នឹង​ប្រើ​ពេលវេលា នៃ​ការដាក់​ឱ្យនៅ​ដោយឡែក​នេះ រៀបចំ​ផែនការ​ថា តើ​ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​អ្នកណាខ្លះ​នៅក្នុង​ប្រទេស​ចិន។

លោក​សាស្ត្រាចារ្យ ហ្វា​បៀ​ន លេ​អេ​ន​ដ្រេ​ត៍ មកពី​វិទ្យាស្ថាន រ៉ូ​ប៊ែ​ត៍ កុក(Robert Koch Institute) អង្គភាព​សុខភាព​សាធារណៈ​របស់​ប្រទេស​អាល្លឺម៉ង់ ដែលជា​ផ្នែក​មួយ​របស់​ក្រុមមន្ត្រី WHO បាន​ថ្លែងថា លោក​នឹងចូលរួម​ប្រជុំ​តាមរយៈ​វីដេអូ​ខ​ល ពី​ស្ថាប័ន​របស់លោក​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង។

“ផ្សារ​វូ​ហាន(ជា​កន្លែង​ដំបូង​គេ ដែល​ពិនិត្យ​រកឃើញ​វីរុស) ប្រាកដ​ណាស់​ថា នឹងមាន​ឈ្មោះ​នៅក្នុង​បញ្ជី” លោក​បាន​ប្រាប់ ទីភ្នាក់ងារ BBC World TV ថា “ពួកគេ​នឹង​ជួប​ជាមួយ​មិត្ត​រួមការ​ងារ​ជនជាតិ​ចិន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វីរុស​ទាំងនោះ”

លោក​ថ្លែងថា គោលដៅ​របស់​ភារកិច្ច​នេះ​គឺ ការស្វែងរក​ទិន្នន័យ​ដែលមាន​ស្រាប់ និង​រក​មើលថា តើ​ចាំបាច់​ត្រូវធ្វើ​អ្វី​ទៀត​ខ្លះ ដើម្បី “ត​អាថ៌កំបាំង​ទាំងអស់​ចូលគ្នា ឱ្យ​មើលឃើញ​រូបភាព​ដែល​ច្បាស់លាស់​ថា តើ​វីរុស វា​ចម្លង​ពីស​ត្វ មក​មនុស្ស​បាន​ដោយ​របៀប​ណា?”

លោក​បាន​ថ្លែង​ទៀតថា គ្រប់គ្នា​ចាប់អារម្មណ៍​ក្នុងការ​ស្វែងរក​រឿងរ៉ាវ​ដែល​កើតឡើង​នេះ “ព្រោះ​នៅពេលដែល​អ្នក​ដឹងថា ជំងឺឆ្លង​មួយ​នេះ វា​កើតឡើង​ដោយ​របៀប​ណា​ហើយ​នោះ ទើប​អ្នក​អាច​បញ្ជាក់​ពី​វិធី​ដែល​នឹង​កាត់បន្ថយ​ភាព​ប្រឈម មិនឱ្យ​រឿង​ទាំងនោះ​កើតឡើង​បាន​ទៀត​នាពេល​អនាគត”៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.