ប្រទេស​ជប៉ុន៖ បាន​ផ្អាក​ការធ្វើដំណើរ​ចូល​ប្រទេស របស់​ជនបរទេស​ទាំង​អស់ ព្រមទាំង​ស្នើ​កែ​ច្បាប់​ដាក់ទោស​អ្នក​ល្មើស​វិធានការ​គ្រប់គ្រង​រោគ​ឆ្លង ដោយ​ការប្រកាស​ឈ្មោះ, បញ្ឈប់​ការអនុញ្ញាត​ស្នាក់នៅ ឬ​និរទេស​ចេញពី​ប្រទេស​តែម្ដង។

រដ្ឋបាល​ជប៉ុន បានសម្រេច​ចិត្ត​ផ្អាក​ការធ្វើដំណើរ​ចូល​ប្រទេស របស់​ជនបរទេស រួមទាំង​ក្រុម​អ្នក​ធុរកិច្ច​មកពី ១១ប្រទេស និង​តំបន់​ដែល​ទទួលបាន​សិទ្ធិ​ពិសេស​កាលពី​ពេលមុន​ទាំងអស់ ធ្វើឱ្យ​ពេលនេះ អ្នក​ដែល​នៅតែ អាចធ្វើ​ដំណើរ​ចូល​ប្រទេស​ជប៉ុន​បាន មានតែ​ជនជាតិ​ជប៉ុន, អ្នក​ដែលមាន​សិទ្ធិ​ស្នាក់នៅ​ក្នុងប្រទេស​ជប៉ុន(មាន​សៃ​រី​វ​កាត) និង​អ្នក​ដែលមាន​ភាពចាំបាច់​ផ្នែក​មនុស្សធម៌ ដូចជា​មក​ចូលរួម​ពិធី​បុណ្យសព​សាច់ញាតិ ឬ​ការ​ប្រសូត​បុត្រ របស់​សាច់ញាតិ ដែល​រស់នៅក្នុង​ប្រទេស​ជប៉ុន​តែប៉ុណ្ណោះ។

វិធានការ​នេះ បានចាប់ផ្ដើម​ដំណើរការ​ហើយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មករា ហើយ​នឹងមាន​សុពលភាព រហូត​ទាល់តែ​មានការ​បញ្ចប់ ការប្រកាស​ស្ថានការណ៍​គ្រាអាសន្ន គឺ​នៅ​ថ្ងៃទី៧ កុម្ភៈ (បើសិន​មិនមាន​ការពន្យារពេល​ថែមទៀត)។

ក្រៅពីនេះ អ្នក​ដែល​ចូល​ប្រទេស​ជប៉ុន នឹងត្រូវ​ចុះឈ្មោះ​នៅក្នុង​ឯកសារ អះអាងថា នឹង​នៅតែ​ក្នុងផ្ទះ ឬ​ទីកន្លែង​ស្នាក់នៅ​ដោយឡែក រយៈពេល ១៤ថ្ងៃ ព្រមទាំង​បង្ហាញ​ទិន្នន័យ​ទីតាំង​របស់​ពួកគេ​ទៀតផង។ បើសិន​ល្មើស វិធានការ​នេះ នឹងត្រូវ​ពិចារណា​ដាក់ទោស ដោយ​ប្រកាស​ឈ្មោះ, បញ្ឈប់​ការ​ស្នាក់នៅ ឬ​បណ្ដេញ​ចេញពី​ប្រទេស​តែម្ដង។

ត្រៀម​កែប្រែ​ច្បាប់ ដាក់ទោស​ធុរកិច្ច-ប្រជាជន​ណា ដែល​មិន​សហការ​ទប់ស្កាត់​មេរោគ​កូ​វីដ

រដ្ឋបាល​ជប៉ុន កំពុង​ប្រុង​ស្នើ​កែ​ច្បាប់​គ្រប់គ្រង​ជំងឺឆ្លង ក្រោយ​រកឃើញ មាន​អ្នក​ដែល​ល្មើស​វិធានការ​បង្ខាំង​ខ្លួន​នៅ​ដោយឡែក ដើរចេញ​ក្រៅ​ទីតាំង រហូត​កើតមាន​ការឆ្លង​រាលដាល​ពាស​ណា​ពាស​ណី រួមទាំង​ធុរកិច្ច​មួយចំនួន ដែល​មិន​ព្រម​ប្រតិបត្តិ​តាម​សំណូមពរ​សុំឱ្យ​បន្ថយ​ពេលវេលា​បម្រើ​សេវាកម្ម ព្រោះ​មិនបាន​ប្រាក់​សំណង ដោយសារ​ច្បាប់​ក្នុងខណៈ​ពេលនេះ ធ្វើបាន​ត្រឹមតែ “សុំ​កិច្ចសហការ” មិនមាន​វិធានការ “ដាក់ទោស” ឡើយ។

ស្ថិតក្រោម​ផែនការ​នេះ រដ្ឋបាល​ជប៉ុន​នឹង​ប្រគល់​អំណាច​ខាងច្បាប់ ទៅឱ្យ​អភិបាលខេត្ត​កាន់តែ​ច្រើនឡើង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​ជំងឺ។ អភិបាលខេត្ត នឹង​អាច​ចេញ​បញ្ជា​ឱ្យ​អ្នក​ប្រកប​កិច្ច​ការរកស៊ី នៅក្នុង​ខេត្ត​របស់ខ្លួន កែសម្រួល​ពេលវេលា​បម្រើសេវា​កម្មបាន ដោយ​មិនចាំបាច់​រង់ចាំ​ការប្រកាស​ស្ថានការណ៍​គ្រាអាសន្ន​ពី​រដ្ឋាភិបាល​ឡើយ។ បើ​អ្នក​ប្រកប​កិច្ច​ការរកស៊ី បដិសេធ​មិន​ធ្វើតាម អភិបាលខេត្ត ក៏​នឹងមាន​អំណាច​បញ្ជា​ឱ្យ​អាជ្ញាធរ​ចូល​ត្រួតពិនិត្យ រួមទាំង​ដាក់ទោស​ទណ្ឌ ដោយ​វិធានការ​ខាង​ការគ្រប់គ្រង ឬ​កំណត់​ទោស​ផាកពិន័យ​បាន​ភ្លាម​តែម្ដង។

សេចក្ដីព្រាងច្បាប់​នេះ ថែមទាំង​រំឭក​វិធានការ​គ្រប់គ្រង​ជំងឺឆ្លង ឱ្យ​អាច​ដាក់ទោស​ប្រជាជន​ណា ដែល​បដិសេធ​វិធានការ​គ្រប់គ្រង​ជំងឺឆ្លង, ការ​បង្ខាំង​ដាក់​ឱ្យនៅ​ដោយឡែក, ការរួម​សហការ​តាមដាន​ប្រភព​ចម្លង​មេរោគ តែ​មិនទាន់​ប្រាកដ​ច្បាស់​នៅឡើយ​ថា ជា​ទោស​ផាកពិន័យ​ប្រាក់ ឬ​វិធានការ​ខាង​សង្គម​ផ្សេង​ទៀតឡើយ។

ក្រៅពីនេះ នៅបាន​ផ្ដល់​អំណាច អភិបាលខេត្ត-ក្រុង បញ្ជា​ឱ្យ​អ្នកជំងឺ​ដែលមាន​អា​ការមិន​ធ្ងន់ធ្ងរ ឬ​មិន​បង្ហាញ​អាការរោគ​សញ្ញា ត្រូវ​សម្រាក​ព្យាបាល​ខ្លួន​នៅតាម​ផ្ទះ ឬ​ទីកន្លែង​ណាមួយ​ដែល​បានកំណត់​ទុក បើ​បដិសេធ នឹងត្រូវ​ដាក់ទោស ឬ​បង្ខំ​ឱ្យចូល​ព្យាបាល​ខ្លួន​ឱ្យខាងតែបាន។

រដ្ឋបាល ថែមទាំង​បានទទួល​ស្ដាប់​គំនិត​យោបល់​របស់​ភាគីប្រឆាំង ក្នុងការ​កែប្រែ​ច្បាប់ កាលពី​ថ្ងៃ​ពុធ ទី១៣ មករា និង​សង្ឃឹមថា គណៈរដ្ឋមន្ត្រី នឹង​អនុម័ត​ឯកភាព​យ៉ាង​លឿន​បំផុត ក្នុង​សប្ដាហ៍​ខាងមុខ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.