អាមេរិក៖​ មេ​ជើរ បៃ​ដិ​ន អនាគត​សុនខ​លេខ១  ត្រៀម​ចូលធ្វើ​ពិធី​ស្បថសច្ចា​ប្រណិធាន តាមរយៈ​កម្មវិធី Zoom ក្រោយ​លោកនាយ​សំណព្វចិត្ត ដណ្ដើមបាន​តំណែង​អនាគត​ប្រធានាធិបតី​ថ្មី របស់​សហរដ្ឋអាមេរិក។

មេ​ជើរ បៃ​ដិ​ន សុនខ​ពូជ​អាល្លឺម៉ង់ ឆេ​ប​ភើ​ត ដែល​គ្រួសារ​លោក​បៃ​ដិ​ន ទទួល​យកមក​ចិញ្ចឹម​កាលពី​ឆ្នាំ២០១៨ ពី​សមាគម​មនុស្សធម៌​ដេ​ឡា​វែ​រ (DHA) ដោយ​បច្ចុប្បន្ននេះ មេ​ជើរ​ខ្លួនឯង ត្រូវបាន​គេ​ស្គាល់ និង​ក្លាយជា​ឆ្កែ​ល្បីឈ្មោះ​យ៉ាងខ្លាំង ចាប់តាំងពី​អំឡុង​ពេលដែល​លោក​បៃ​ដិ​ន ដើរ​ឃោសនា​រក​សំឡេងឆ្នោត​មក។

“គ្មាន​ថ្ងៃ​ណា​ដែល​អាក្រក់​នោះទេ ព្រោះ​ខ្ញុំ​បានទទួល​កម្លាំងចិត្ត​ពី​មេ​ជើរ ជានិច្ច” លោក​បៃ​ដិ​ន បាន​ផូ​ស្ត​សំណេរ​បែបនេះ ព្រមទាំង​រូបភាព​នៅក្នុង​ប្រព័ន្ធ​អ៊ី​ន​ស្តា​ក្រាម​ផ្ទាល់ខ្លួន បង្ហាញឱ្យឃើញ​ពី​សេចក្ដីស្រឡាញ់ និង​សម្ព័ន្ធភាព​រវាង​រូបលោក និង​សុនខ​សំណព្វចិត្ត។

ខណៈដែល​ពេលថ្មីៗបំផុត​នេះ  មេ​ជើរ ក៏ត្រូវ​ត្រៀមខ្លួន ចូលធ្វើ​ពិធី​ស្បថសច្ចា​ប្រណិធាន​តាម​អន​ឡាញ​ដែរ តាមរយៈ​កម្មវិធី Zoom នៅ​ថ្ងៃទី១៧ មករា (ថ្ងៃនេះ) ដែល​រៀបចំឡើង​ដោយ​សមាគម DHA និង Pumkin Pet Insurance ដោយ​នឹងមាន​ការបរិច្ចាគ​ប្រាក់ យ៉ាងតិច​បំផុត ១០ដុល្លារ ដើម្បី​ចូលរួម​ពិធី និង​ថែមទាំង​មានកម្ម​វិធី​ជប់លៀង​តាម​អន​ឡាញ​ដ៏​ធំ​បំផុត របស់សុនខៗទាំងឡាយ​ទៀតផង៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.