ស​ស​ហ​រដ្ឋ​អាមេរិក៖ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃ​សុក្រ (ទី១៥មករា) បាន​អះអាងថា មាន​ទិន្នន័យ​ថ្មី​ចង្អុល​បង្ហាញថា ជំងឺ​រាតត្បាត​ដ៏​ធំ កូ​វីដ-១៩ ប្រហែលជា​ចាប់កំណើត​ឡើង​នៅក្នុង​បន្ទប់​ប្រតិបត្តិការ​មួយ របស់​ប្រទេស​ចិន និង​មិនបាន​មាន​ប្រភព​ចម្លង​តាមរយៈ​ការប៉ះពាល់​សាច់សត្វ​ដែលមាន​មេរោគ​នោះទេ ដែល​នេះ គឺជា​ការព្យាយាម​វាយប្រហា​ថ្មី​មួយទៀត​ក្រោយ​គេ​បំផុត ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​ចិន​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ប្រធានបទ ពាក់ព័ន្ធ​នឹង​ដើមកំណើត របស់​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

សហរដ្ឋអាមេរិក អះអាងថា ពួកគេ​បានទទួល​ភ័ស្តុតាង​ថ្មី​មួយ​ថា បណ្ដា​អ្នកស្រាវជ្រាវ​របស់​ស្ថាប័ន​វីរុស​វិទ្យា​វូ​ហាន បាន​ធ្លាក់ខ្លួន​ឈឺ តាំងពី​អំឡុង​រដូវ​ស្លឹកឈើ​ជ្រុះ (ចុងខែ​កញ្ញា ដល់​ពាក់កណ្ដាល​ខែធ្នូ) មុន​រកឃើញ​អ្នក​ឆ្លង​មេរោគ ដែល​បានទទួល​ការអះអាង​ដំបូង​គេ​នៅក្នុង​ទីក្រុង​មួយ​នេះ ដោយ​បណ្ដា​អ្នកស្រាវជ្រាវ​ទាំងនោះ កើតមាន​អាការផ្សេងៗ ដែល​ខាង​អាមេរិក​ប្រាប់ថា ដូចគ្នា​នឹង​ទាំង​អាការ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺ​គ្រុនផ្ដាសាយ​តាម​រដូវ​កាល។

លោក ម៉ៃ​ក៍ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ទិន្នន័យ​នេះ​ខុសគ្នា​នឹង​របាយការណ៍ផ្សេងៗកាលពី​ពេលមុន ដែល​បាន​ប្រាប់ថា គ្មាន​មន្ត្រី​ម្នាក់​ណា​របស់​ស្ថាប័ន​មួយ​នេះ ឆ្លង​មេរោគ​កូ​វីដ-១៩ ឬ​វីរុស​ដែល​ពាក់ព័ន្ធ​គ្នា​ទេ ព្រមទាំង​អំពាវនាវ​ឱ្យ​ក្រុម​ស៊ើបអង្កេត​របស់​អង្គការ​សុខភាព​ពិភពលោក(WHO) ដែល​ធ្វើដំណើរ​ទៅដល់​ទីក្រុង​វូ​ហាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដាក់​សម្ពាធ​រដ្ឋបាល​ចិន ពាក់ព័ន្ធ​នឹង​ទិន្នន័យ​ថ្មី​នេះ​ទៀតផង។

លោក​ប៉ុ​ម​ប៉េ​អូ ថ្លែងថា “ថ្ងៃនេះ​ក្រុង​ប៉េកាំង នៅតែ​ផ្អាប់​ទិន្នន័យសំខាន់ៗ ដែល​ពួក​អ្នកវិទ្យាសាស្ត្រ​ត្រូវការ ដើម្បី​ការពារ​ពិភពលោក ពី​វីរុស​មរណៈ​នេះ និង​ពី​វីរុស​ថ្មី​បន្តទៀត”

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក អះអាងថា ចិន​ខ្វះ​ភាព​ជ្រះស្រឡះ​ពាក់ព័ន្ធ​នឹង​ដើមកំណើត​របស់​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ ជាង ១ឆ្នាំ​មកហើយ ហើយ​ការព្យាយាម​របស់​ចិន ក្នុងការ​លាក់បាំង​ចំណុច​ខុសឆ្គងផ្សេងៗ ក្នុង​រយៈពេលដំបូងៗ ចំពោះ​វិធានការ​ឆ្លើយតប​នឹង​រោគរាតត្បាត​ដ៏​ធំ​នេះ ធ្វើឱ្យ​វា​ក្លាយជា​រឿង​ពិបាក ក្នុងការ​នឹង​ទទួលបាន​សេចក្ដី​សរុប​យ៉ាង​ច្បាស់លាស់។

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​បញ្ជាក់ថា “វីរុស​អាច​ចាប់កំណើត​ឡើង​តាម​ធម្មជាតិ តាមរយៈ​ការ ដែល​មនុស្ស​ទៅ​ប៉ះពាល់​ជាមួយ​សត្វ​ដែល​ឆ្លង​មេរោគ ហើយ​ចម្លង​សាយភាយ​ក្នុង​រូប​បែប ដែល​ស៊ីចង្វាក់​គ្នា​ជាមួយ​ជំងឺឆ្លង​រាតត្បាត​ដ៏​ធំ​តាម​ធម្មជាតិ ឬ ១វិធី​ទៀត គឺ​ចាប់កំណើត​ឡើង​នៅក្នុង​បន្ទប់​ប្រតិបត្តិការ​ណាមួយ ដែល​មើលទៅ​ស្រដៀង​នឹង​ការឆ្លង​រាលដាល​ដោយ​ធម្មជាតិ​ដែរ”

តែ​យ៉ាងណាក្ដី ការ​ថ្លែងការណ៍​នេះ បាន​ផ្សព្វផ្សាយ​ចេញមក​ប្រមាណ​ជា ១សប្ដាហ៍​ហើយ មុន​រដ្ឋបាល​របស់លោក​ត្រាំ ផុតពី​តំណែង និង​មិនមាន​ការចុះហត្ថលេខា និង​មិនបាន​ផ្ដល់​ទិន្នន័យ​គាំទ្រ​ការចោទប្រកាន់​ទាំងនោះ​ឡើយ។

នៅពេល​ត្រួវ​សួរ និង​ស្នើសុំ​យោបល់​បន្ថែម អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​បដិសេធ​ផ្ដល់​សេចក្ដីលម្អិត​ច្រើនជាង​នេះ និង​មិន​ព្រម​ប្រាប់ថា បាន​ទិន្នន័យ​ថ្មី ទាក់ទិន​នឹង​ការធ្លាក់​ខ្លួន​ឈឺ​របស់​បណ្ដា​អ្នកស្រាវជ្រាវ ក្នុង​ស្ថាប័ន​វីរុស​វិទ្យា​វូ​ហាន មកពីណា​ឡើយ។

ទាំងអស់នេះ ប្រទេស​ចិន បាន​ប្រកាន់​គោលជំហរ​បដិសេធ​រហូត​មក ចំពោះ​ការចោទប្រកាន់ ដែលថា វីរុស​មួយ​នេះ ចាប់កំណើត​ឡើង​ពី​ក្នុង​បន្ទប់​ប្រតិបត្តិ​ការស្រាវជ្រាវ​មួយ​របស់​ពួកគេ។

អំណះអំណាង​ថ្មី របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​នេះ កើតឡើង​ក្នុងខណៈដែល​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ការរិះគន់ ពាក់ព័ន្ធ​នឹង​ករណី ដែល​ពីដំបូង បាន​រារាំង​ក្រុមការងារ​របស់​អង្គការ​សុខភាព​ពិភពលោក​មួយចំនួន តាមរយៈ​ការធ្វើដំណើរ​ចូលទៅក្នុង​ប្រទេស​ចិន ដែល​មួយផ្នែក គឺ​កិច្ច​ព្យាយាម​តាមដាន​រក​ដើមកំណើត​របស់​រោគរាតត្បាត​ដ៏​ធំ​នេះ ដោយ​ប្រទេស​ចិន អះអាងថា មនុស្ស​ទាំងនោះ​មិនបាន​ឆ្លងកាត់​ការពិនិត្យ​ចម្រាញ់​ខាង​សុខភាព។

តែ​យ៉ាងណាក៏ដោយ ទីបំផុត បណ្ដា​អ្នកជំនាញការ​ទាំងអស់​នោះ ក៏បាន​ទទួល​ការអនុញ្ញាតឱ្យ​ធ្វើដំណើរ​ចូល​ប្រទេស​ចិន​បាន។

បញ្ហា​រអាក់រអួល​ទាំងអស់នេះ បាន​កើតឡើង​ក្រោយពី​អង្គការ​សុខភាព​ពិភពលោក ធ្លាប់បាន​រិះគន់​ប្រទេស​ចិន លើ​ករណី ដែល​ប្រទេស​ចិន​ពន្យារពេល​ផែនការ​អនុញ្ញាត ឱ្យ​គណៈ​អ្នកជំនាញការ​ធ្វើដំណើរ​ចូល​ប្រទេស​របស់ខ្លួន​ជាច្រើន​ដង។

ប្រទេស​ចិន​ស្ថិតក្រោម​ការពិនិត្យ​ពិចារណា​យ៉ាង​ល្អិតល្អន់ តាំងពី​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ចាប់កំណើត​ឡើង​ក្នុង​ទីក្រុង​វូ​ហាន តែ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រិះរក​វិធី​ចោទប្រកាន់​ក្រុង​ប៉េកាំង​ច្រើនជាង​នោះ​ទៅទៀត បន្ទាប់ពី​រោគរាតត្បាត​ដ៏​ធំ​នោះ បាន​វាយប្រហារ​សហរដ្ឋអាមេរិក យ៉ាងធ្ងន់ធ្ងរ ដល់​ថ្នាក់​លោក​ត្រាំ និង​លោក​ប៉ុ​ម​ប៉េ​អូ ធ្លាប់បាន​ហៅ​មេរោគ​នេះ​ថា  “វីរុស​ចិន” និង “វីរុស​វូ​ហាន” ជាដើម។ល។

វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​វូ​ហាន ជា​លើកដំបូង​នៅក្នុង​អំឡុង​ឆ្នាំ២០១៩ និង​ចាប់តាំងពី​ពេល​នោះមក បាន​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក បានសម្លាប់​ជីវិត​មនុស្ស​អស់​ទៅហើយ​ជាង ២លាន​នាក់ ពី​ចំណោម​អ្នក​ឆ្លង​មេរោគ​ជាង ៩៤លាន​នាក់ និង​បំផ្លាញ​សេដ្ឋកិច្ចពិភពលោក​យ៉ាង​យ៉ាប់យ៉ឺន។

អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា ការស្វែងរក​ដំណើរ​ផ្លូវ​របស់​មេរោគ​វីរុស​ពី​សត្វ​មក​មនុស្ស គឺជា​រឿង​ដ៏​ចាំបាច់ ដើម្បី​ការពារ​ការឆ្លង​រាលដាល​នាពេល​អនាគត៕

ប្រភព៖ សារព័ត៌មាន Japan times

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.