អាមេរិក៖  ក្រុមអ្នកតវ៉ា​ប្រដាប់អាវុធ​មួយចំនួន ដែលមាន​ភាព​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ប្រដាប់អាវុធ​ស្ដាំនិយម បាន​ប្រមូល​ផ្ដុំគ្នា នៅ​បរិវេណ​ខាងក្រៅ​អគារ​រដ្ឋសភា ប្រចាំ​រដ្ឋ​មិ​ឈិ​ហ្គែ​ន ក្នុង​ទីក្រុង​លែ​ន​ស៊ី​ង កាលពី​ថ្ងៃអាទិត្យ(ទី១៧ មករា) ក្រោម​ការព្រមាន​ពាក់ព័ន្ធ​នឹង​ភាព​ទៅរួច នៃ​ហេតុការណ៍​វាយប្រហារ​នៅតាម​ទីក្រុងចម្បងៗរបស់​ទាំង ៥០រដ្ឋ ទាំង​មុនពេល និង​ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​ស្បថ ចូលកាន់​តំណែង​របស់​លោក​បៃ​ដិ​ន។

ទីស្នាក់ការ​ព័ត៌មាន​ឌី​ត្រ​យ​ដ៍ ហ្វ្រ៊ី ប្រេ​ស បាន​រាយការណ៍​ថា មាន​អ្នក​តវ៉ា ប្រមាណ​ជា 20នាក់ ដោយ​ក្នុងនោះ​រួមទាំង​ក្រុម​សកម្មជន​ស្ដាំនិយម​ជ្រុល Boogaloo បានចាប់ផ្ដើម​ប្រមូលផ្ដុំ​គ្នា​នៅឯ​អគារ​រដ្ឋសភា​ប្រចាំ​រដ្ឋ​មិ​ឈិ​ហ្គែ​ន កាលពីពេល​ថ្ងៃត្រង់ នៃ​ថ្ងៃអាទិត្យ (ទី១៧ មករា)ម្សិលមិញ។

ផែនការ​ប្រមូល​ផ្ដុំគ្នា ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការបរាជ័យ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានកើត​ឡើង​ក្រោម​ការលើកកម្ពស់​វិធានការ​រក្សា​សុវត្ថិភាព​យ៉ាង​ម៉ឺងម៉ាត់ នៅក្នុង​ទីក្រុង​លែ​ន​ស៊ី​ង ក្រោយ​កើតហេតុ​ការណ៍​បណ្ដា​អ្នកគាំទ្រ​របស់លោក​ត្រាំ​វាយ​សម្រុកចូល​កាន់កាប់​អគារ​រដ្ឋសភា កាលពី​ថ្ងៃទី៦ មករា​កន្លងទៅ។

កាលពីពេល​មុននេះ ទីភ្នាក់ងារ​ស៊ើបអង្កេត​កណ្ដាល​សហរដ្ឋ​អាមេរិក(FBI) បាន​ចេញមក​ព្រមាន ពី​ភាព​អាចទៅរួច​ថា អាច​នឹង​កើតមាន​ហេតុការណ៍​វាយប្រហារ​អគារ​រដ្ឋសភា​ប្រចាំ​រដ្ឋផ្សេងៗ ទាំង ៥០រដ្ឋ ក្រោយពី​ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​ត្រាំ ត្រៀម​ប្រមូល​ផ្ដុំគ្នា​ជាថ្មី​ម្ដងទៀត ព្រម​ដោយ​អាវុធ នៅឯ​អគារ​រដ្ឋសភា​របស់រ​ដ្ឋនីមួយៗ និង​នៅឯ​អគារ​រដ្ឋសភា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី. ក្នុងអំឡុង​ថ្ងៃទី១៦-២០មករា ដែលជា​អំឡុង​ពេលមុន និង​ក្នុងពេលដែល​លោក ចូ បៃ​ដិ​ន ចូលធ្វើ​ពិធី​សច្ចាប្រណិធាន​ចូលកាន់​តំណែង​ជា​ផ្លូវការ។

ប៉ូលិស​នៅក្នុង​ទីក្រុង​ចម្បង​របស់​រដ្ឋ​មិ​ឈិ​ហ្គែ​ន បាន​អះអាងថា ពួកគេ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ក្នុងការ​ចាំ​ទប់ទល់​ជាមួយ​ហ្វូង​អ្នកប្រឆាំង​តវ៉ា​ច្រើន​បំផុត ៥ ០០០នាក់ តែ​យ៉ាងណាក្ដី ការជួប​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃអាទិត្យ(ទី១៧) មិនបាន​មាន​ចំនួន​ដូចដែល​ប៉ូលិស​ប៉ាន់ស្មាន​នោះទេ ហើយ​អ្នកប្រឆាំង​តវ៉ា​ភាគច្រើន បាន​ចាក​ចេញពី​ទីតាំង​នោះ នៅ​ម៉ោង​ប្រមាណ​ជា ៣រសៀល​នៃ​ថ្ងៃ​ដដែល។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ឌី​ត្រ​យ​ដ៍ ហ្វ្រ៊ី ប្រេ​ស រាយការណ៍។

“យើង​ត្រូវ​ការបង្កើត​សភាព​បរិស្ថាន ដែលមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ដែល​មក​ទីនេះ ដើម្បី​បង្ហាញ​ពី​សិទ្ធិ​របស់​ពួកគេ​តាមច្បាប់​រដ្ឋធម្មនុញ្ញ” ប៉ូលិស​រដ្ឋ​មិ​ឈិ​ហ្គែ​ន បាន​ថ្លែងបន្តថា “តែ​យើង ក៏​ត្រៀម​រួចជាស្រេច​ហើយ​ដែរ ក្នុងការ​ការពារ​អាគា​រ​មួយ​នេះ​ដូចគ្នា ដូចគ្នា​នឹង​ប្រជាជន​ដែល​រស់នៅ​ទីនេះ​ដែរ យើង​នឹងមិន​អត់ទ្រាំ​ជាមួយ​រូប​បែប​អំពើហិង្សា​ណាមួយ រូប​បែប​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ណាមួយ ការវាយប្រហារ​ណាមួយ​មកលើ​អាជ្ញាធរ​ប៉ូលិស ឬ​អ្នក​ដទៃទៀត​នៅទីនេះ​ឡើយ ដើម្បី​បង្ហាញ​អំពី​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ ដូចគ្នា​នឹង​សារព័ត៌មាន​ដែរ”

អាជ្ញាធរ បាន​ប្រាប់ថា ក្រុម​ប្រដាប់អាវុធ​ក្នុង​តំបន់​ដែលមាន​ឈ្មោះថា Southeast Michigan Militia បានប្រកាសថា មានការ​តាំងចិត្ត​ជួបជុំគ្នា​តវ៉ា នៅក្នុង​ថ្ងៃអាទិត្យ(ទី១៧) តែ​ក្រោយមក ក៏បាន​ដកថយ​ទៅវិញ។

រហូតមក​ដល់ពេលរ​សៀ​ល ការប្រមូលផ្ដុំ​តវ៉ា​នៅក្នុង​ទីក្រុង​លែ​ន​ស៊ី​ង នៅតែ​បន្ត​ដំណើរការ​ទៅដោយ​ស្ងប់ស្ងាត់ ដោយមាន​អ្នក​តវ៉ា​ម្នាក់ បាន​ពាក់​អាវយឺត​ដែលមាន​សរសេរ​អក្សរ​ថា “អ្នកស្នេហាជាតិ មិន​រើសអើង​ជាតិ​សាសន៍ មិន​បង្ក​ភេរវកម្ម” និង​កាន់​បដា​ដែលមាន​ពាក្យ​ថា “កុំមក​ជិះជាន់​ខ្ញុំ។

អ្នកគាំទ្រ​លោក​ត្រាំ ប្រដាប់​ដោយ​អាវុធ​ម្នាក់ មកពី​ទីក្រុង​ផត ហ៊ូ​រ៉ូ​ន បានផ្ដល់​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​ថា “មិនមែន​អ្នកគាំទ្រ​លោក​ត្រាំ​គ្រប់គ្នា ធ្វើខ្លួន​ដូច​ពួក​អ្នក​បង្កចលាចល​នៅឯ​អគារ​រដ្ឋសភា​នោះទេ។

ប្រភព៖ សារព័ត៌មាន នី​វ​យ៉​ក ផូ​ស្ត

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.