តូ​ក្យូ៖  ទីក្រុង​ឯក របស់​ប្រទេស​ជប៉ុន កំពុង​ពិចារណា​កំណត់​ទោសពិន័យ​ជា​ប្រាក់ ឬ​រួមទាំង​ដាក់គុក​ផង សម្រាប់​បុគ្គល​ណា ដែល​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ហើយ បដិសេធ​ចូល​ព្យាបាល​ខ្លួន​នៅក្នុង​មន្ទីរពេទ្យ និង​មិន​ព្រម​រួមសហការ​ជាមួយ​អាជ្ញាធរ។ សកម្មភាព​នេះ​បានកើត​ឡើង ក្នុងខណៈដែល​ប្រទេសមួយ​នេះ កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ-១៩ រលក​ថ្មី​ដែល​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​មុន។

ទណ្ឌកម្ម​ថ្មី ដែល​ស្នើឡើង​ដោយ​រដ្ឋបាល របស់លោក​នាយករដ្ឋមន្ត្រី យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ង៉ៈ ត្រូវបាន​លើកយក​មក​ពិចារណា ក្នុងអំឡុង​កិច្ចប្រជុំ​រួមជាមួយ​ក្រសួងសុខាភិបាល និង​ក្រសួង​ការងារ និង​សុខុមាលភាព កាលពី​ថ្ងៃ​សុក្រ(ទី១៥មករា) កន្លងទៅ និង​ការកំណត់​ថ្មី​នេះ គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​កែសម្រួល​ច្បាប់​ជំងឺឆ្លង ដែល​គេ​រំពឹងថា នឹងត្រូវ​បានដាក់​ស្នើ​ទៅក្នុង​អង្គប្រជុំ​រដ្ឋសភា ក្នុង​សប្ដាហ៍​នេះ។

ក្រោម​កំណត់​ច្បាប់​កែសម្រួល​ថ្មី​នេះ អ្នកជំងឺ​កូ​វីដ-១៩ ម្នា​ក់ណា ដែល​បដិសេធ​ចូល​ព្យាបាល​ខ្លួន​នៅក្នុង​មន្ទីរពេទ្យ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ច្រើន​បំផុត ១លាន​យ៉េន(ប្រមាណ​ជិត ៩ ០០០ពាន់​ដុល្លារ​អាមេរិក) ឬ​ជាប់ពន្ធនាគារ​រយៈពេល ១ឆ្នាំ។ ក្រៅពីនេះ បុគ្គល​ដែល​បដិសេធ​ផ្ដល់​ការសហការ ជាមួយ​អាជ្ញាធរ​សុខភាព​សាធារណៈ ក្នុងការ​តាមដាន​រក​អ្នក​ប៉ះពាល់​ជិតស្និទ្ធ ដើម្បី​កំណត់​ដំណើរ​ផ្លូវ​នៃ​ការចម្លង​សាយភាយ​មេរោគ ក៏​នឹងត្រូវ​ដាក់ទោស​ដូចគ្នា​ដោយ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ ៥០០ ០០០យ៉េន(ប្រមាណ​ជាង ៤ ០០០ពាន់​ដុល្លារ​អាមេរិក) ឬ​ជាប់ពន្ធនាគារ ៦ខែ។

ទោះជា​អ្នកជំនាញការ​ផ្នែក​សុខភាព​សាធារណៈ​ដែល​ចូលរួម​ប្រជុំ នឹង​ឯកភាព​លើ​វិធានការផ្សេងៗ ដែល​បាន​ស្នើឡើង​ដោយ​ចំនួន​ភាគច្រើន​ក្ដី តែ​ក៏មាន​មួយផ្នែក ដែល​បង្ហាញ​ពី​ក្ដី​សង្ស័យ ពាក់ព័ន្ធ​នឹង​ប្រសិទ្ធ​ផល របស់​ការដាក់ទណ្ឌកម្ម ក្នុង​ការតស៊ូ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ។ អ្នកខ្លះ​ក្នុងចំណោម​នោះ បាន​ប្រាប់ថា វា​អាច​នឹង​បង្កើន​ភាព​តានតឹង​ដល់​បណ្ដា​មន្ត្រី​សុខភាព​សាធារណៈ ដោយសារតែ​ពួកគេ អាច​នឹងត្រូវ​មានការ​ងារ​ផ្នែក​ឯកសារ ដែល​តម្រូវឱ្យធ្វើ​បន្ថែមទៀត សម្រាប់​សរុប​ថា តើ​អ្នកណា​គួរ​ត្រូវ​ដាក់ទោស ក្នុង​ទោសទណ្ឌ​ដែល​មិន​ព្រម​ប្រតិបត្តិ​តាម​វិធានការ​ទាំងនោះ។

ការស្នើ​ឡើង​នូវ​វិធានការ​ថ្មី​នេះ បានកើត​ឡើង​ក្នុងខណៈដែល ប្រទេស​ជប៉ុន​កំពុង​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​កើនឡើង​ច្រើន​ខ្លាំង ដោយ​រហូតមក​ដល់ពេលនេះ ជប៉ុន​រកឃើញ​អ្នក​ឆ្លង​មេរោគ​រួចហើយ​ជាង ៣២០ ០០០នាក់ ក្នុងនោះ​ស្លាប់​ជាង ៤ ៤០០នាក់ តែ​យ៉ាងណាក៏ដោយ មានការ​រកឃើញ​កូ​វីដ-១៩ កំពុងចម្លង​សាយភាយ​យ៉ាងច្រើន នៅក្នុង​អំឡុង​ដើមខែ​មករា ដោយ​ចំនួន​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ​បាន​ហក់​ឡើងដល់ ៧ ០០០នាក់ ដែល​ជំរុញ​ឱ្យ​ត្រូវតែ​ប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ​ក្នុង​ស្ថានការណ៍​អាសន្ន រួមទាំង​តំបន់ផ្សេងៗទៀត​ជាច្រើន​ទូទាំងប្រទេស៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Russia Today

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.