អាល្លឺម៉ង់៖ បុគ្គលិក​នៅក្នុង​ឈាបនដ្ឋាន របស់​អាល្លឺម៉ង់ ត្រូវ​លើក​ក្ដារ​មឈូស ដាក់​គរ​លើ​គ្នា ក្រោយពី​ប្រទេសមួយ​នេះ បាននិងកំពុង​តស៊ូ​ទប់​ទល់នឹង​ការស្លាប់​ដោយសារ​ការឆ្លង​រាលដាល របស់​មេរោគ​កូ​វីដ-១៩ ដែល​បាន​កើនឡើង ក្នុង​រលក​ទី២ នៃ​ការឆ្លង​រាតត្បាត។

លោក យើ​ក ឆាល​ដាក់ អ្នកគ្រប់គ្រង​ឈាបនដ្ឋាន នៅក្នុង​ទីក្រុង​ម៉ៃ​ស៊ឹ​ន រដ្ឋ​ហ្សា​ក់​សឹ​ន របស់​ប្រទេស​អាល្លឺម៉ង់ បានឱ្យដឹងថា ផលប៉ះពាល់​ពី​ការឆ្លង​រាលដាល​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​ខែវិច្ឆិកា​កន្លងទៅ បានធ្វើ​ឱ្យមាន​អ្នកស្លាប់​ដោយសារ​វីរុស​មរណៈ​នេះ កើនឡើង​ក្នុង​អត្រា​ដែល​មិន​នឹកស្មាន​ដល់ រហូតមក។ “ខណៈ​នេះ យើង​មាន​អ្នក​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា ក្នុង​ចំនួន​ដ៏​ច្រើន ដែល​វា​ជា​រឿង​មួយ ខុស​ប្រក្រតី​យ៉ាងខ្លាំង”

លោក​ឆាល​ដាក់ បាន​ថ្លែង​ទៀតថា “យើង​មាន​អ្នកស្លាប់ ច្រើនជាង​កាលពីមុន ដល់​ទៅ ២ដង ដែលជា​ប្រក្រតី មាន​អ្នកស្លាប់​ដោយ​មូលហេតុផ្សេងៗលាយឡំ​ផងដែរ ដូចជា​គាំងបេះដូង ឬ​ប្រព័ន្ធ​ឈាម​រត់​ធ្វើ​ការខុស​ប្រក្រតី​ជាដើម តែ​អ្នក​ដែល​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នេះ បាន​កើនឡើង​ច្រើន​ជាពិសេស​តែម្ដង គឺ​កើនឡើង ១០០ភាគរយ…ជា​អត្រា​ការស្លាប់ ដែល​កើនឡើង​ទ្វេគុណ ខុសពី​កាល​មុន”

នៅ​ខាងក្នុង​ឈាបនដ្ឋាន​មួយ​នេះ មាន​បុគ្គលិក​ជាច្រើន​សិប​នាក់ និង​ជា​ប្រក្រតី ពួកគេ​តែង​ធ្វើការ ដោយ​ចែកគ្នា​ជា ២វេន តាំងពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ តែដោយសារ​ស្ថានការណ៍​ក្នុង​ពេលនេះ វា​បាន​បង្ខំ​ឱ្យ​ពួកគេ​ទាំងអស់ ត្រូវតែ​ធ្វើការ​ច្រើនឡើង​ជាង​មុន។ លោក​ឆាល​ដាក់ ប្រាប់ថា “ពួកយើង​ធ្វើការ​ជាប់​រហូត តាំងពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ  ព្រោះ​វិធី​នេះ នឹងធ្វើ​ឱ្យ​យើង​អាច​ចាត់ការ​ជាមួយ​សាកសព​ទាំងនោះ​បាន​លឿន និង​ចាត់​ការបូជា បាន​ដោយ​លឿន​បំផុត​ដែរ”

ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស​កូ​រ៉ូ​ណា បានធ្វើឱ្យ​វិធានការ​ជាច្រើន​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ និង​អនុវត្ត ដើម្បី​បង្ការ​ការឆ្លង​រាលដាល ធ្វើឱ្យ​មនុស្សម្នា​ទាំងឡាយ មិន​បានទទួល​ការអនុញ្ញាត ឱ្យទៅ​សួរសុខទុក្ខ​មនុ​ស្ស​ដែល​ខ្លួន​ស្រឡាញ់​នៅឯ​មន្ទីរពេទ្យ​ឡើយ ហើយ​នៅពេល​អ្នកជំងឺ​ស្លាប់ សាច់ញាតិ និង​មនុស្ស​ដែល​ស្រឡាញ់​អ្នកស្លាប់ ក៏​មិនអាច​បានឃើញ​មុខ ចាប់ដៃ ឬ​និយាយ​លាគ្នា​ជា​លើកចុងក្រោយ​បានដែរ។

លោក​ឆាល​ដាក់ បាន​ប្រាប់​ឱ្យដឹងទៀតថា “អ្វីដែល​លោកអ្នក បានទទួល គឺ​សំឡេង​ទូរស័ព្ទ និង​បាន​ឮថា ពួកគេ​ស្លាប់​ហើយ។ ការគោរព​លាគ្នា​នៅមុខ​ក្ដារ​មឈូស មិនអាច​ធ្វើទៅ​បានឡើយ លោក​អ្នកនឹង​បានទទួល​ត្រឹមតែ​កោដ្ឋ ដាក់​ឆ្អឹង​របស់គេ​តែប៉ុណ្ណោះ។ អ្នក​ដែល​នៅរស់ នឹងត្រូវ​ប្រឈម និង​ទប់ទល់​ជាមួយ​ភាព​សោកសង្រេង និង​ការបាត់បង់។ វា​ជា​កម្មវិធី​មួយ ដែល​ពិបាក​ខ្លាំងណាស់ សម្រាប់​អ្នក​ដែល​ត្រូវការ ចង់​ពោល​ពាក្យ លាម​នុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ។

ទាំងអស់នេះ អា​ល្លឺ​ម់ង់ ជា​ប្រទេសមួយ ដែលមាន​អ្នក​ឆ្លង​មេរោគ​សរុប​ជាង ២,០៤លាន​នាក់ ព្យាបាល​ជាសះស្បើយ ១,៦៨លាន​នាក់ និង​មាន​អ្នកស្លាប់​សរុប​ជាង ៤,៦ម៉ឺន​នាក់។ តាមរយៈ​របាយការណ៍ អ្នកស្លាប់​ដោយសារ​មេរោគ​កូ​វីដ-១៩ នៅក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​កើនឡើង​យ៉ាងខ្លាំង តាំងពី​ខែធ្នូ រហូតមក និង​កាលពី​ថ្ងៃទី១៣ មករា​កន្លងទៅ មាន​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​ដល់​ទៅ ១,២៤៤នាក់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន nypost

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.