សហរដ្ឋអាមេរិក៖ អង្គភាព​គ្រប់គ្រង​ច្បាប់​របស់​សហរដ្ឋអាមេរិក បាន​ដំណើរការ​ចម្រាញ់​សមាជិក​កងកម្លាំង​ការពារជាតិ ឬ National Guard ដើម្បីឱ្យ​ប្រាកដ​ច្បាស់​ថា មនុស្ស​ទាំងអស់នោះ នឹងមិន​ក្លាយជា “បុគ្គល​គ្រោះថ្នាក់” ដោយ​ខ្លួនឯង ក្នុងអំឡុង​ពិធី​ស្បថសច្ចា​ប្រណិធាន របស់​អនាគត​ប្រធានាធិបតី ចូ បៃ​ដិ​ន ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី២០ ខែមករា។

ក្រោយ​កើតហេតុ​ការណ៍​ហ្វូង​បាតុករ​គាំទ្រ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រុកចូល បង្កចលាចល​នៅ​អគារ​រដ្ឋសភា ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី កាលពី​ថ្ងៃទី៦ មករា​កន្លងមក រដ្ឋបាល​សហរដ្ឋអាមេរិក បាន​រកឃើញថា នៅក្នុង​ក្រុមបាតុករ​ទាំងនោះ មាន​ទាំង​អតីត​ទាហាន និង​ទាហាន​បច្ចុប្បន្ន រួម​នៅ​ក្នុងនោះ​ទៀតផង។

លោក​ឧត្ដមសេនីយ៍ឯក ដេ​នៀល ហូ​ខាន់​សុន  មេបញ្ជាការ​កងកម្លាំង​ការពារជាតិ បានផ្ដល់​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន CBS News កាលពី​ថ្ងៃអាទិត្យ(ទី១៧) ថា “ពួកគេ​បានធ្វើការ​ចម្រាញ់​ទាហាន​គ្រប់រូប ដែល​ធ្វើដំណើរ​ចូលមកក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដោយមាន​ការសហការ​រវាង​អង្គភាព Secret Service  ជាមួយ​ការិយាល័យ​ស៊ើបអង្កេត​កណ្ដាល (FBI)”

ទីតាំង​ភាគច្រើន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី ពេលនេះ​កំពុង​ស្ថិតក្រោម​វិធានការ​ការពារ​សុវត្ថិភាព​យ៉ាង​ម៉ឺងម៉ាត់ ស្ទើរតែ​មិន​ខុសពី​តំបន់​កើតសង្គ្រាម​ឡើយ ដោយ​អាជ្ញាធរ​បានធ្វើ​ការបិទ​ផ្លូវ​នៅ​តំបន់​ដោ​ន​ថោ​ន នាំយក​របងលួស​បន្លា មក​បំពាក់ និង​មានការ​ប្រមូលផ្ដុំ​កម្លាំង​ទាហាន និង​កងកម្លាំង​ណា​ស្យ៉ូ​ណា​ល់ ហ្គា​ដ ប្រមាណ​ជា ២៥ ០០០នាក់ ពី​រដ្ឋ​ជាច្រើន ចូលមក​ជួយ​ការពារ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព។

កាលពីពេលថ្មីៗនេះ នាយសេនាធិការ​នៃ​កង​យោធា​រួម​សហរដ្ឋអាមេរិក បានធ្វើ​លិខិតបញ្ជាក់​ដា​ស់​តឿន​ដល់​ទាហាន​អាមេរិកាំង​គ្រប់រូប​ថា ហេតុការណ៍​ចលាចល​នៅ​អគារ​រដ្ឋសភា កាលពី​ថ្ងៃទី៦ មករា “ជា​ទង្វើ​ល្មើ​សនឹង​និតិ​វិធី​ច្បាប់” និង​សូមឱ្យ​ទាហាន​ទាំងអស់ “ប្រកាន់ខ្ជាប់​លើ​គុណ​តម្លៃ និង​ឧត្ដមគតិ​របស់​ជាតិ”

សារព័ត៌មាន វ៉ាស៊ីនតោន ផូ​ស្ត បាន​អះអាង​ពី​ទិន្នន័យ របស់​មន្ត្រី​នៃ​ក្រសួង​ការពារ​ប្រទេស ដែល​បាន​បញ្ជាក់ថា មន្ទីរ​បញ្ច​កោណ បានទទួល​ការជូនដំណឹង​ពី FBI រឿង​ការស៊ើបអង្កេត ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ក្បាលរឹង​ជ្រុលនិយម កាលពី​ឆ្នាំ​កន្លងទៅ រួមទាំង​អស់ ១៤៣ករណី ដោយ​ក្នុងនោះ​មាន ៦៨ករណី មាន​ក្រុម​ទាហាន ដែល​កំពុង​នៅ​បម្រើ​ការងារ​រដ្ឋការ និង​ចូលនិវត្តន៍​ហើយ មាន​ចំណែក​ពាក់ព័ន្ធ​ក្នុងករណី​ទាំងអស់នោះ ដោយ​ក្នុង​ចំនួន​នោះ មាន​ទាំង​ក្រុម​ពួក​ជាតិនិយម​ជ្រុល​ស្បែ​កស, ក្រុម​ពួក​តតាំង​ហ្វា​ស​ស៊ី​ស្ត, ក្រុម​ពួក​ប្រឆាំង​ការ​រម្លូតកូន និង​ក្រុមប្រឆាំង​រដ្ឋាភិបាល​ទៀតផង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP, Washington Post

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.