អង់គ្លេស៖ ស្ថាប័ន CDC បាន​រាយការណ៍​ពី​ចំនួន​អ្នកស្លាប់​បន្ថែម នៅ​ថ្ងៃអាទិត្យ(ទី១៧មករា) ៣ ៥៥៧នាក់ ដែល​បានធ្វើឱ្យ​សហរដ្ឋអាមេរិក មាន​អ្នកស្លាប់​សរុប​ទាំងអស់ ចុងក្រោយ​បំផុត ៣៩៤ ៤៩៥នាក់ និង​ក្នុង​របាយការណ៍​ថ្មី​នោះ CDC បាន​បញ្ជាក់ថា វីរុស​ក្លាយ​ពូជ ដែល​កំពុង​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​អង់គ្លេស ត្រូវបាន​សន្និដ្ឋានថា នឹង​គ្របដណ្ដប់​លើ​សហរដ្ឋអាមេរិក​នៅក្នុង​ខែមីនា ហើយថ្មីៗបំផុត​នេះ បាន​រកឃើញ​មាន​ករណី​ឆ្លង​មេរោគ​ពូជ​ថ្មី ១ទៀត នៅក្នុង​មន្ទីរពេទ្យ សាន ហូ​សេ យ៉ាងតិច ៩០នាក់ និង​ធ្វើឱ្យ​មនុស្ស​ស្លាប់​រួចហើយ ១នាក់។

ទីភ្នាក់ងារ​ព័ត៌មាន CBS News បាន​រាយការណ៍​នៅ​ថ្ងៃទី១៨ មករា ម្សិលមិញ​ថា មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ នៃ​សហរដ្ឋអាមេរិក ឬ CDC បានចេញ​សេចក្ដីរាយការណ៍​ថ្មី​ចុងក្រោយ​មួយ កាលពី​ថ្ងៃ​សុក្រ ទី១៥ មករា ស្ដីពី​ការកើត​ការឆ្លង​រាលដាល​របស់​វីរុស​ក្លាយ​ពូជ លើកដំបូង​នៅក្នុង​ប្រទេស​អង់គ្លេស ដោយ​ស្ថាប័ន​នេះ ជឿថា វីរុស​ក្លាយ​ពូជ​នេះ នឹងធ្វើ​ឱ្យមាន​ការឆ្លង​រាលដាល​កើន​ច្រើនឡើង ហើយ​ការស្រាវជ្រាវ បានចង្អុលបង្ហាញ​ថា សហរដ្ឋអាមេរិក នឹង​បានឃើញ​ការឆ្លង​រាលដាល​យ៉ាងច្រើន នៅក្នុង​អំឡុងពេល​ដើមឆ្នាំ​នេះ។

CDC បាន​រាយការណ៍​អំពី​ស្ថានការណ៍ផ្សេងៗ ដែល​ជឿថា ពាក់ព័ន្ធ​នឹង​វីរុស​កូ​វីដ-១៩ក្លាយ​ពូជ ដោយ​អ្នកជំនាញការ​ទាំងអស់ ជឿថា វា​មាន​សមត្ថភាព​ក្នុងការ​ចម្លង បាន​កាន់តែ​ងាយ​ឡើង មិនតិចជាង ៥០%ឡើយ ពេល​ប្រៀបធៀប​ជាមួយ​វីរុស​កូ​វីដ-១៩ពីមុន និង​ជឿថា វីរុស​ក្លាយ​ពូជ​ថ្មី នឹងធ្វើ​ឱ្យមាន​ករណី​ឈឺ​ថ្កាត់​ក្នុង​ចំនួន​ដ៏​ច្រើន នៅក្នុង​សហរដ្ឋអាមេរិក ក្នុងអំឡុង ២ខែ​បន្ទាប់​ទៀត។

“ភ័ស្តុតាង បានចង្អុលបង្ហាញ​ថា B.1.1.7 (វីរុស​ក្លាយ​ពូជ​ថ្មី)នេះ  មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង ជាង​វីរុស​កូ​វីដ-១៩ ប្រភេទ SARS-CoV-2 ទៅទៀត” ស្ថាប័ន CDC បាន​ថ្លែង​ឱ្យដឹង​តាមរយៈ​របាយការណ៍។

វីរុស​កូ​វីដ-១៩ ប្រភេទ B.1.1.7 ត្រូវបាន​រកឃើញ​លើកដំបូង នៅក្នុង​ប្រទេស​អង់គ្លេស កាលពី​ខែធ្នូ និង​ចាប់ពីពេលនោះ​មក បាន​ឆ្លង​រាលដាល​ទៅ​ទូទាំង​ពិភពលោក ជាង ៣០ប្រទេស ខណៈពេល​ជាមួយគ្នា នៅក្នុង​សហរដ្ឋអាមេរិក វីរុស​ពូជ​ថ្មី​នេះ បាន​ចម្លង​សាយភាយ​នៅក្នុង​ជាង ១០រដ្ឋ ដែលមាន​ករណី​ពាក់ព័ន្ធ​ប្រមាណ ៧៦ករណី កើតឡើង​រហូតមកដល់​ថ្ងៃទី១៧ មករា តែ​គេ​ជឿថា ចំនួន​ដែល​ពិតប្រាកដ អាច​នឹង​ច្រើនជាង​នេះ។

យោងតាម​សារព័ត៌មាន Business Insider បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ (ទី១៨មករា)ថា អ្នកជំនាញ​បានរ​កថា វីរុស​ពូជ​ថ្មី ១ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​នៅ​មន្ទីរពេទ្យ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Kaiser Permanente San Jose Medical Center បានធ្វើ​ឱ្យមាន​ការឆ្លង​មេរោគ មិនតិចជាង ៩០នាក់ និង​ស្លាប់ ១នាក់​រួចហើយ។

ទាំងអស់នេះ ការផ្ទុះ​ការឆ្លង​រាលដាល នៅក្នុង​មន្ទីរពេទ្យ សាន ហូ​សេ និង​ក្នុង​រដ្ឋ​ផ្សេងទៀត របស់​សហរដ្ឋអាមេរិក រួមទាំង​រកឃើញ​នៅក្នុង​ប្រទេសផ្សេងៗ និង​ចម្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រ​នៀ​ផង​នោះ គឺជា​វីរុស​កូ​វីដ-១៩ ប្រភេទ L452R ដែល​ខុសពី​វីរុស​កូ​វីដ-១៩ក្លាយ​ពូជ ប្រភេទ B.1.1.7 ដែល​ឆ្លង​រាលដាល​នៅ​ប្រទេស​អង់គ្លេស។

សារព័ត៌មាន​ធុរកិច្ច​ខាងលើ បាន​រាយការណ៍​ទៀតថា មន្ត្រី​សុខភាព​សាធារណៈ ខោ​ន​ធី បាន​បញ្ជា​ផាកពិន័យ​មន្ទីរពេទ្យ​សាន ហូ​សេ ចំនួន ៤៣ ០០០ដុល្លារ សម្រាប់​ការរាយការណ៍​ពី​ការឆ្លង​រាលដាល​យឺតយ៉ាវ តែ​ខាង Kaiser Permanente San Jose បាន​ចេញមក​បដិសេធ។

 

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា តួលេខ​ការស្លាប់​របស់​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល ២៤ម៉ោង​កាលពី​ថ្ងៃអាទិត្យ(ទី១៧មករា) ស្ថិតក្នុង​ចំនួន ៣ ៥៥៧នាក់ និង​មាន​ករណី​ថ្មី បន្ថែម​ពីលើ​ការរាប់​មុននេះ​ចំនួន ២១៣ ១៤៥នាក់​ទៀត ធ្វើឱ្យ​សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​កូ​វីដ-១៩ សរុប​ទាំងអស់ ២៣ ៦៥៣ ៩១៩នាក់ និង​ស្លាប់​ទាំងអស់ ៣៩៤ ៤៩៥នាក់។

CDC បាន​ថ្លែងថា វីរុស​កូ​វីដ-១៩ ប្រភេទ​ថ្មី ត្រូវការ​វិធានការ​កា​ន់​តែ​ច្រើនឡើង រួមទាំង​ការរក្សា​គម្លាត​ឆ្ងាយ​ពីគ្នា​ក្នុងសង្គម និង​ការពាក់​ម៉ាស់​ការពារ និង​ការបង្កើន​ចំនួន​ការចែក​ចាយ​វ៉ាក់សាំង​កូ​វីដ-១៩ ឱ្យ​គ្របដណ្ដប់​កាន់តែ​ច្រើនឡើង ដើម្បី​គោលដៅ ក្នុងការ​ការពារ​សង្គម​ខាង​សុខភាព​សាធារណៈ។

CDC បាន​ដាស់តឿន​ទៀតថា ខណៈដែល​មិនទាន់មាន​ភ័ស្តុតាង​បញ្ជាក់ថា វីរុស​ក្លាយ​ពូជ​នោះ ធ្វើ

ឱ្យមាន​សភាព​ធ្ងន់ធ្ងរ​ដុនដាប​ខ្លាំង​ឡើង​ក៏ដោយ ប៉ុន្តែ​អត្រា​ការឆ្លង​រាលដាល​ដ៏​ច្រើន​នោះ នឹង​នាំ​ឆ្ពោះទៅរក​ការធ្វើឱ្យមាន​ករណី​ឈឺ​ថ្កាត់​កើនឡើង ហើយ​ការស្រាវជ្រាវ​ថ្មី​បានចង្អុលបង្ហាញ​ថា វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក​នោះ មាន​ប្រសិទ្ធភាព អាច​ការពារ​គ្របដណ្ដប់​លើ​ការ​ក្លាយ​ពូជ​របស់​វីរុស​បាន រួមទាំង​វីរុស​ប្រភេទ​ថ្មី ច្រើនសិប​ប្រភេទ​ទៀតផង ប៉ុន្តែ មេដឹកនាំ​សហរដ្ឋ​បច្ចុប្បន្ន មិនបាន​ទទួលជោគជ័យ លើ​គោលដៅ​ចែកចាយ​វ៉ាក់សាំង​ជូន​ប្រជាជន បាន​ដូច​ផែនការ​ឡើយ ព្រោះ​មកដល់​ថ្ងៃ​ចន្ទ(ទី១៨មករា) ហើយ មាន​ពលរដ្ឋ​អាមេរិកាំង ត្រឹមតែ ១២លាន​នាក់​ប៉ុណ្ណោះ ដែល​បានទទួល​វ៉ាក់សាំង៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.