អភិបាលខេត្ត​ពោធិ៍សាត់ បើក​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​សកម្មភាព​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឆ្នាំ២០២០ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ២០២១

ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នា​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​សកម្មភាព របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ២០២១ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្ត។

កិច្ចប្រជុំ​នេះ បានការ​អញ្ជើញ​ចូលរួម​ពី លោក ខូ​យ រី​ដា អនុប្រធាន​អចិន្ត្រៃយ៍​សាខា ហេ​រញ្ញឹក លេខាធិការ សមាជិក សមាជិកា ក្នុង​គណៈកម្មាធិការ​សាខា ប្រធាន អនុប្រធាន អនុសាខា​កាកបាទក្រហម ក្រុង ស្រុក ទាំង៧ ក្រុមការងារ​ប្រតិបត្តិ និង​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម​ខេត្ត ជាច្រើន​នាក់​ទៀត។

គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​រាយការណ៍ ពី​លទ្ធផល​សកម្មភាព​ការងារ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ឆ្នាំ២០២០ និង​លើក​ទិសដៅ​បន្ត​អនុវត្ត​បន្ត ឆ្នាំ២០២១ ព្រមទាំង​សិក្សា​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​សាខា អនុសាខា បាន​ជួបប្រទះ​កន្លងមក។

មានប្រសាសន៍​ដឹកនាំ​កិច្ចប្រជុំ ឯកឧត្តម ម៉ៅ ធនិន ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់ ក្នុង​សកម្មភាព​ការងារ​មនុស្សធម៌​យ៉ាង​ផុសផុល រយៈពេល​មួយឆ្នាំ​កន្លងមក ដោយ​សហការគ្នា​បានល្អ​ប្រសើរ រវាង​គណៈកម្មាធិការ​សាខា ជាមួយ​ក្រុម​ប្រតិបត្តិ​សាខា និង​អាជ្ញាធរ​មូលដ្ឋាន ទោះបី​សមាជិក សមាជិកា ខ្លះ​មិនបាន​ចូលរួម ដោយសារ​ជាប់រវល់​ការងារ​ស្នូល​យ៉ាងណាក្តី។

ឯកឧត្តម ម៉ៅ ធនិន បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ប្រតិបត្តិ​សាខា អនុសាខា ទាំងអស់ ពេល​មាន​គ្រោះមហន្តរាយ កើតឡើង ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ ភូមិ ឃុំ ស្រុក ដើម្បី​ដោះស្រាយ និង​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.